តួកគី បង្អាក់ក្ដីសង្ឃឹមស៊ុយអែត ក្នុងការក្លាយជាសមាជិកណាតូនៅខែកក្កដាខាងមុខ

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក រ៉េហ្ស៊ីប តាយយ៉ីប អ៊ែរដូហ្គាន់ កាលពីថ្ងៃពុធ បានបង្អាក់ក្ដីសង្ឃឹមរបស់ស៊ុយអែត ក្នុងការក្លាយជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) ខណៈសម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះនឹងជួបប្រជុំគ្នានៅខែកក្កដាខាងមុខ។

ការលើកឡើងរបស់លោក អ៊ែរដូហ្គាន់ ផ្ទុយនឹងអ្វីដែលមន្រ្តីលោកខាងលិចរំពឹងទុក ថាលោកនឹងបន្ទន់ជំហរប្រឆាំងសមាជិកណាតូរបស់ស៊ុយអែត បន្ទាប់ពីលោកឈ្នះការបោះឆ្នោតទាំងប្រកិតប្រកើយកាលពីខែមុន។

លោក អ៊ែរដូហ្គាន់ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី យ៉ាងដូច្នេះថា៖ «ស៊ុយអែតមានការរំពឹងទុក។ ប៉ុន្តែវាមិនមានន័យថា យើងនឹងធ្វើតាមពួកគេនោះទេ ដើម្បីឱ្យពួកយើងបំពេញតាមការរំពឹងទុកនោះ ជាដំបូង ស៊ុយអែតត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួនសិន»។

គួរបញ្ជាក់ថា ស៊ុយអែតនិងប្រទេសណរឌិកជិតខាង គឺ ហ្វាំងឡង់ បានបោះបង់ចោលគោលនយោបាយអព្យាក្រឹតរបស់ខ្លួន ហើយសុំចូលជាសមាជិករបស់អង្គការណាតូ បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំកាលពីចុងខែកុម្ភៈឆ្នាំមុន។

តួកគី និងហុងគ្រី ដែលជាសមាជិកណាតូដូចគ្នា បានផ្តល់សច្ចាប័នលើសមាជិកភាពរបស់ហ្វាំងឡង់ ដែលធ្វើឱ្យប្រទេសនេះក្លាយជាសមាជិកណាតូកាលពីខែមេសាកន្លងទៅ ប៉ុន្តែប្រទេសទាំងពីរនេះមិនទាន់បើកផ្លូវឱ្យស៊ុយអែតនោះទេ។

ការប្រកាសពីជំហររបស់តួកគីចុងក្រោយបំផុតនេះ ធ្វើឡើងបើទោះបីជាមានសម្ពាធពីលោកខាងលិច ដូចជាសហរដ្ឋអាមេរិក សុំឱ្យតួកគីគាំទ្រស៊ុយអែតក៏ដោយ។ តួកគីនៅតែបន្តការប្រឆាំងរបស់ខ្លួន ជុំវិញការចោទប្រកាន់ថា អ៊ុយអែតផ្ដល់កន្លែងស្នាក់នៅឱ្យក្រុមគណបក្សពលករកួដ (PKK) ដែលក្រុងអង់ការ៉ា ចាត់ទុកថាជាក្រុមភេរវករ។ ទោះបីជាក្រុងស្តុកខមបដិសេធការចោទប្រកាន់នេះក៏ដោយ តួកគីនៅតែទទូចថា ខ្លួនអាចបើកផ្លូវឱ្យស៊ុយអែតក្លាយជាសមាជិករបស់ណាតូបាន លុះត្រាតែប្រទេសនេះអនុវត្តតាមការទាមទាររបស់ខ្លួន រួមទាំងការរឹតបណ្ដឹងលើក្រុមភេរវកម្ម៕ ប្រែសម្រួលដោយ៖ ហួន ឌីណា

ads banner