ឯកឧត្តម លី ធុជ៖ បើគ្មានសន្តិភាពទេ ក៏គ្មានសមិទ្ធផលនៃការបោសសម្អាតមីនកើតឡើងបានដែរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ដោយសារកត្តាសន្តិភាពដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យការងារបោសសម្អាតមីនរយៈពេលជាង ៣០ឆ្នាំមកនេះ ទទួលបាននូវសមិទ្ធផលយ៉ាងធំធេង និងរំដោះប្រជាជនចេញពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

នេះជាការលើកឡើងរបស់ឯកឧត្តម លី ធុជ នៅក្នុងកិច្ចប្រជុំជាមួយយោធភូមិភាគទី៤ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ស្តីពីការងារបោសសម្អាតមីនទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣។

ក្នុងឱកាសនោះដែរឯកឧត្តម លី ធុច បានលើកឡើងនូវសារៈសំខាន់ពីរចំណុចដែលចាំចាច់ក្នុងការងារបោសសម្អាតមីននៅកម្ពុជាទីមួយ ការផ្តល់ដីសុវត្ថិភាព និងជួយសង្រ្គោះប្រជាជនកម្ពុជានៅគ្រប់ទិសទី ដើម្បីឱ្យប្រជាជនទាំងទីក្រុង និងទីជនបទទាំងអស់រួចផុតពីគម្រាមកំហែងដោយសារគ្រាប់មីន និងទីពីរ ឆ្លើយតបនឹងអនុសញ្ញាអូតាវ៉ាដែលកម្ពុជាជាសមាជិករដ្ឋភាគី ដោយត្រូវបំពេញកាតព្វកិច្ចបោសសម្អាតមីនឱ្យអស់ពីប្រទេសកម្ពុជា។

ដើម្បីឆ្លើយតបនឹងចំណុចទាំងពីរខាងលើនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យដឹកនាំប្រទេសកម្ពុជាយ៉ាងច្បាស់លាស់ក្នុងការបញ្ចប់ការគំរាមកំហែងដោយគ្រាប់មីនដែលបានដឹងឱ្យអស់ត្រឹមឆ្នាំ២០២៥ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តសកម្មភាពមីន ២០១៨-២០២៥ ដែលក្នុងនោះការចូលរួមរបស់កងទ័ពជើងគោក គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាន។

ក្នុងឱកាសនោះដែរ លោក អ៊ុច វ៉ាន់ថា ក្នុងនាមមេបញ្ជាការកងទ័ពជើងគោកថ្លែងអំណរគុណ ជូនចំពោះអាជ្ញាធរមីន ដែលតែងតែផ្តល់ការគាំទ្រទាំងធនធាន សម្ភារ និងបច្ចេកទេសដល់កងទ័ពជើងគោក ក្នុងកិច្ចការបោសសម្អាតមីននៅកម្ពុជា។

បើតាមរបាយការណ៍របស់លោក អ៊ុច វ៉ាន់ថា ចាប់តាំងពីឆ្នាំ២០២២ កងទ័ពជើងគោក បានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ដោយទទួលការគាំទ្របច្ចេកទេស និងធនធានពីអាជ្ញាធរមីន តាម
រយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥៕ ដោយ៖ សុខ រក្សា

ads banner