មន្រ្តី និងអ្នកប្រវត្តិសាស្ត្រ ចង់ឃើញខ្មែរជំនាន់ក្រោយចេះសាមគ្គីគ្នា ថែរក្សា ការពារ ប្រាសាទព្រះវិហារ
ភ្នំពេញ៖ អ្នកប្រវត្តិសាស្ត្រ និងអ្នកអភិរក្សប្រាសាទព្រះវិហារ ចង់ឱ្យខ្មែរជំនាន់ក្រោយត្រូវចេះសាមគ្គីគ្នា ថែរក្សា ការពារ ប្រាសាទព្រះវិហារ ស្របពេលថ្ងៃនេះជាការអបអរសាទរខួបទី៦១ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២-ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានឱ្យដឹងថា ប្រាសាទព្រះវិហារ ត្រូវបានកសាងដោយស្ដេចខ្មែរនៅសតវត្សទី៩ ក្នុងរជ្ជកាលសម័យព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) ប៉ុន្តែប្រាសាទនេះ មិនបានកសាងតែព្រះបាទជ័យវរ្ម័នទី២តែទ្រង់នោះម្នាក់ទេ គឺមានក្សត្រផ្សេងៗទៀត ក៏បានបន្តកសាងផងដែរ ដូច្នេះជាការរួមចំណែករបស់អង្គក្សត្រក្នុងការកសាងប្រាសាទព្រះវិហារ។ មួយវិញទៀត ប្រាសាទព្រះវិហារ គឺត្រូវបានកសាងឡើងនៅចំកណ្ដាលនៃអាណាចក្ររបស់ខ្មែរនាសម័យបារាំង ពីព្រោះកាលពីដើមខ្មែរមានទឹកដីវិសាលភាពធំណាស់ ហើយប្រាសាទព្រះវិហារ ក៏មានទីតាំងស្ថិតនៅលើកំពូលភ្នំដងរែក ក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ដែលមានផ្ទៃដីទំហំ៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ។
ក្រៅពីនេះទៀត លោកថា ទាក់ទងនឹងការវិវត្តន៍នៃប្រាសាទ នៅក្នុងសតវត្សន៍ទី១៨ នាសម័យឧដុង្គ ប្រទេសថៃបានកាន់កាប់ប្រាសាទនេះ និងបណ្ដាខេត្តមួយចំនួននៅជុំវិញនោះ ហើយជាពិសេសអាជ្ញាធរថៃក៏បានតាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌរបស់ខ្លួនថែមទៀតផង ក្នុងអំឡុងសតវត្សន៍ទី១៨ និងសតវត្សន៍ទី១៩។ រហូតដល់របបអាណានិគមបារាំង ថៃបានទាមទារទឹកដីដែលគ្រប់គ្រងក្នុងសតវត្សន៍ទាំងនោះឱ្យខ្លួនកាន់កាប់ ខណៈដែលបារាំងក៏បានយល់ព្រមជាមួយការទាមទាររបស់ថៃដែរ។ ក្រោយមកទៀតបារាំងក៏បានលុបសន្ធិសញ្ញាលើទឹកដីដែលថៃបានទាមទារ និងកាន់កាប់កន្លងមក ហេតុដូច្នេះហើយបានជាប្រាសាទព្រះវិហារបានមកដល់ដៃខ្មែរវិញតាមរយៈបារាំង ប៉ុន្តែខាងភាគីថៃ មិនព្រមនោះទេ ដោយសារថៃបានដាក់ប្រាសាទនេះ ជាសម្បត្តិបេតិកភណ្ឌរបស់ខ្លួន ហើយកូនចៅជំនាន់របស់ប្រទេសនេះ គឺសុទ្ធតែគិតបែបនេះ។
លោកបន្តថា រហូតដល់កម្ពុជាទទួលបានឯករាជ្យពីបារាំង កម្ពុជាក៏ស្នើសុំឱ្យភាគីថៃដកខ្លួនចេញពីប្រាសាទព្រះវិហារ ប៉ុន្តែថៃគឺមិនបានធ្វើតាមនោះទេ ពីព្រោះភាគីថៃនូវតែគិតថាប្រាសាទព្រះវិហារគឺជាសម្បត្តិបេតិកភណ្ឌរបស់ខ្លួន។ដូច្នេះហើយរហូតដល់កម្ពុជាអាចមានអ្នកច្បាប់ ជាជនជាតិខ្មែរ មិនជាជនជាតិបារាំងទៀតនោះទេ ទើបអាចមកតតាំង និងធ្វើការប្ដឹងមកតុលាការទីក្រុងឡាអេ ខណៈដែលបណ្ឌិតខ្មែរ បានខិតខំតតាំងដោយយកច្បាប់ និងប្រវត្តិសាស្ត្រដែលមានសក្ខីកម្មត្រឹមត្រូវផង ដើម្បីយកទៅដាក់តតាំងជាមួយនិងភាគីថៃ។ ហេតុនេះហើយកម្ពុជាក៏បានឈ្នះរឿងក្ដីនេះជាមួយភាគីថៃ ដោយសារតែកម្ពុជាមានសក្ខីកម្មប្រវត្តិសាស្ត្រត្រឹមត្រូវ ទើបតុលាការក្រុងឡាអេ ប្រគល់ប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ខ្មែរ។ ទោះបីជាកម្ពុជាបានកាន់កាប់ប្រាសាទព្រះវិហារឡើងវិញក៏ដោយ ប៉ុន្តែនៅឆ្នាំ២០០៨ ភាគីថៃបានលើកទាហានមកវាយយកប្រាសាទព្រះវិហារ រហូតដល់កម្ពុជាបានស្នើសុំដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជំនួសឱ្យការប្រយុទ្ធប្រឆាំងដណ្ដើមគ្នា។
លោក សំបូរ មាណ្ណារ៉ា ថ្លែងថា៖ «អ៊ីចឹងសូមឱ្យយុវជនជំនាន់ក្រោយ មេត្តាផងចុះ សូមកុំវង្វេងជាមួយប្រវត្តិសាស្ត្រខ្លួនឯង ស្រលាញ់សន្តិភាព អរគុណសន្តិភាព និងខំប្រឹងរស់ជាមួយដំបូងសន្តិភាពក៏ធ្វើទៅចុះ។ ប៉ុន្តែកុំភ្លេចរៀនសូត្រ ដើម្បីពង្រឹងខ្លួនឯងជាធនធានមនុស្ស ការពារ ពីព្រោះការឈ្លានពានរបស់គេ គឺអត់ឈប់ទេ ខណៈថ្មីនេះ ខាងភាគីសៀមគឺចង់បានការឡើងប្រាសាទព្រះវិហារនៅខាងដីគេ»។
ជាមួយគ្នានេះដែរ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា ថ្ងៃទី១៥នេះ ជាថ្ងៃមួយដ៏សំខាន់សម្រាប់ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលតុលាតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ (ICJ) បានប្រគល់ប្រាសាទព្រះវិហារជាកម្មសិទ្ធិឱ្យកម្ពុជាគ្រប់គ្រងវិញ ហើយក៏ជាថ្ងៃមួយដែលប្រជាជនកម្ពុជាទាំងអស់ បានអបអរសាទរ និងទទួលបានយុត្តិធម៌ពីតុលាការអន្តរជាតិក្នុងការគ្រប់គ្រងប្រសាទព្រះវិហារនេះ។ ក្នុងនាមជាអាជ្ញាធរជាតិព្រះវិហារ ដែលជាស្ថាប័នមួយក្នុងការទទួលបន្ទុកលើការគ្រប់គ្រង និងអភិរក្សតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារតាំងពីឆ្នាំ២០០៦មក គឺអាជ្ញាធរព្រះវិហារ បានចាប់ផ្ដើមខិតខំច្រើនតាំងពីការងារថែទាំប្រាសាទ សម្អាត ជួសជុលប្រាសាទនៅកន្លែងដែលមានហានិភ័យ។
ក្រៅពីនេះទៀត លោកថា អាជ្ញាធរជាតិព្រះវិហារ ក៏ស្ដារនូវហេដ្ឋារចនាសម្ព័នបុរាណឡើងវិញទៅតាមបណ្ដោយតួប្រាសាទព្រះវិហារ ហើយក៏បានសិក្សាស្វែងយល់អំពីទីតាំងបុរាណវិទ្យាមួយចំនួនទាំងនៅលើប្រាសាទ និងជុំវិញប្រាសាទ។ ជាមួយគ្នានេះលោកថា អាជ្ញាធរជាតិព្រះវិហារក៏បានកៀងគរចលនាអន្តរជាតិឱ្យមានជួយក្នុងការអភិរក្សប្រាសាទព្រះវិហាររបស់កម្ពុជាផងដែរ។
ឯកឧត្តម គង់ ពុទ្ធិការ បានថ្លែងថា៖ «ឆ្លងកាត់តាមប្រវត្តិសាស្ត្រក្នុងការកសាងប្រាសាទ ក៏ដូចជាប្រវត្តិសាស្ត្រថ្មីៗនៃការទទួលបាននូវប្រាសាទព្រះវិហារត្រឡប់មកវិញ និងការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនេះ ខ្ញុំយល់ថាប្រាសាទព្រះវិហារគឺជានិមិត្តរូបមួយដ៏សំខាន់ ជានិមិត្តនៃការសាមគ្គីភាពជាតិ ដែលមានស្ដេច៦អង្គ ក្នុងរយៈពេល៣០០ឆ្នាំ បានកសាងប្រាសាទព្រះវិហារនេះឡើង។ អ៊ីចឹងហើយបើយើងមិនមានការសាមគ្គីភាពគ្នាទេ យើងក៏មិនទទួលបាននូវប្រាសាទព្រះវិហារមកគ្រប់គ្រងដែរ ហើយយើងក៏មិនអាចធ្វើការអភិរក្ស និងអភិវឌ្ឍមកដល់ថ្ងៃនេះដែរ»។
បន្ថែមពីនេះឯកឧត្តម គង់ ពុទ្ធិការ ក៏សង្ឃឹមថាស្មារតីនៃការសាមគ្គីភាពជាតិរបស់ប្រាសាទព្រះវិហារនេះ នឹងអាចជ្រាបទៅស្រទាប់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ជាពិសេសយុវជនបន្តវេទ ដើម្បីសាមគ្គីគ្នា កសាងជាតិ និងកសាងប្រទេសកម្ពុជារឹងមាំតទៅមុខទៀត៕ ដោយ៖ ជា សុខនី
