ក្រុមហ៊ុនកម្មវិធីតិកតុក នឹងវិនិយោគលុយរាប់ពាន់លានដុល្លារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ហ្សាការតា៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កម្មវិធីវីដេអូខ្លីៗដែលកំពុងពេញនិយមខ្លាំងឈ្មោះថា តិកតុក (TikTok) គ្រោងនឹងវិនិយោគលុយរាប់ពាន់លានដុល្លារបន្ថែមទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
នេះបើយោងតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន លោក សូវ ជី ឈូ (Shou Zi Chew)។
 
លោក ឈូ បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីថា មាតិការបស់តិកតុក កាន់តែមានភាពចម្រុះ ដោយសារតែចំនួនអ្នកប្រើប្រាស់កើនឡើងកាន់តែច្រើន និងបានពង្រីកទៅជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចមួយដ៏ធំ។ គួរដឹងដែរថា កម្មវិធីតិកតុកនេះ គឺជាកម្មវិធីដែលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ប្រទេសចិន។
 
តំបន់អាស៊ីអាគ្នេយ៍គឺជាទីផ្សារដ៏ធំបំផុតមួយរបស់កម្មវិធីតិកតុក ពោលគឺមានចំនួនអ្នកប្រើប្រាស់យ៉ាងច្រើន។ ប៉ុន្តែ កម្មវិធីមួយនេះមិនទាន់បានប្រែក្លាយមូលដ្ឋាននៃអ្នកប្រើប្រាស់ដ៏ធំសម្បើមនេះ ទៅជាប្រភពចំណូលពាណិជ្ជកម្មអេឡិចត្រូនិកនៅឡើយទេ ដោយសារតែត្រូវប្រឈមមុខនឹងការប្រកួតប្រជែងជាមួយដៃគូប្រជែងធំមួយចំនួន ក្នុងនោះរួមមាន កម្មវិធី Sea របស់ក្រុមហ៊ុន Shopee កម្មវិធី Lazada របស់ក្រុមហ៊ុន Alibaba និងកម្មវិធី Tokopedia របស់ក្រុមហ៊ុន GoTo ជាដើម។
 
វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចរបស់កម្មវិធីតិកតុក នោះគឺចង់សំដៅទៅលើការដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញទំនិញតាមរយៈតំណភ្ជាប់នៅលើកម្មវិធីក្នុងអំឡុងពេលផ្សាយផ្ទាល់បាន។
 
លោក ឈូ បាននិយាយថា ក្រុមហ៊ុនតិកតុក មានបុគ្គលិកចំនួន ៨០០០ នាក់នៅតំបន់អាស៊ីអាគ្នេយ៍ និងអ្នកលក់ខ្នាតតូចនៅលើវេទិកានេះមានចំនួនប្រមាណជា ២ លាននាក់។ ភាគច្រើន ពួកគេកំពុងលក់ទំនិញនៅលើវេទិកានេះដោយងាយៗ មិនចាំបាច់បំពេញ ឬបញ្ជាក់លម្អិតបន្ថែមអំពីព័ត៌មានផ្ទាល់ខ្លួននោះទេ៕ ប្រែសម្រួល៖ ធា សុណា

ads banner