ក្រសួងបរិស្ថាន និងចក្រភពអង់គ្លេស ចុះអនុស្សរណៈដើម្បីអនុវត្តមូលនិធិតំបន់ទេសភាពជីវៈចម្រុះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងបរិស្ថាននិងចក្រភពអង់គ្លេសចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការនៃកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តមូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF) របស់ចក្រភពអង់គ្លេសនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះ។ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងរដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់  និងលោក Marc Thayre ភារ:ធារីនៃស្ថានទូតអង់គ្លេសប្រចាំរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

មូលនិធិតំបន់ទេសភាពជីវៈចម្រុះ(BLF)បានរៀបចំឡើងក្នុងគោលបំណងវិធានការប្រកបដោយមហិច្ឆតា ដើម្បីដោះស្រាយបញ្ហាប្រឈមចំនួនបីមានជាអាទិ៍ ភាពក្រីក្រ ការបាត់បង់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ នៅកម្រិតក្នុងប្រទេស និងកម្រិតឆ្លងព្រំដែន។

BLF គឺជាកម្មវិធីមួយដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ចំណីអាហារ និងកិច្ចការជនបទ (DEFRA) របស់ចក្រភពអង់គ្លេស ដែលគាំទ្រសកម្មភាពកាត់បន្ថយភាពក្រី ការអភិរក្សជីវៈចម្រុះ និងដោះស្រាយកត្តាជំរុញ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ នៅតំបន់ទេសភាពដែលសម្បូរជីវៈចម្រុះចំនួន៦ នៅទូទាំងពិភពលោក។

BLF នេះក៏នឹងជួយរាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ច/ការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួនដែលបានកំណត់នៅក្នុងអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD) អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) អនុសញ្ញាសហប្រជាជាតិប្រយុទ្ធប្រឆាំងរហោស្ថានកម្មនិងការធ្លាក់ចុះគុណភាពដី(UNCCD) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។

ពាក់ព័ន្ធកិច្ចការងារអភិរក្សជីវៈចម្រុះនេះដែរ កន្លងទៅរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពឯកឧត្តម សាយ សំអាល់  បានរៀបចំកិច្ចប្រជុំមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាពង្រឹងការអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ ដែលស្ថិតនៅក្រៅយុត្តាធិការថ្នាក់ជាតិ ផងដែរ។ ដែលកិច្ចប្រជុំនោះ បានពិភាក្សាស្វែងរកជំហររួមសម្រាប់ប្រទេសកម្ពុជា លើការបង្កើតតំបន់ការពារធម្មជាតិសមុទ្រក្នុងតំបន់ ដែលស្ថិតនៅក្រៅយុត្តាធិការរបស់ប្រទេសណាមួយ ដោយផ្អែកលើកត្តាបរិស្ថាន សន្តិសុខ សមត្ថកិច្ច សេដ្ឋកិច្ច និងផ្លូវច្បាប់។

ឯកឧត្តម សាយ សំអាល់ ធ្លាប់បានលើកឡើងថា៖«កម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) ហើយកម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិពីភាពជោគជ័យក្នុងការ លើកកម្ពស់សុខភាពប្រជាជន លើកម្ពស់ការអប់រំស្ដីពីការប្រែប្រួលអាកាសធាតុផងដែរ»៕

ដោយ៖ សុខ រក្សា

ads banner