អង្គភាពជំនាញបើកកិច្ចពិភាក្សា ដើម្បីពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិភាក្សារួមគ្នាជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីជំរុញ និងពន្លឿនការអនុម័តច្បាប់ស្តីពីវិធានដើមកំណើតទំនិញឱ្យបានឆាប់ សំដៅលើកម្ពស់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ និងមានការចូលរួមពីឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមក្រសួងពាណិជ្ជកម្ម។

នាឱកាសនេះឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអង្គប្រជុំពីគោលបំណង សាវតារ ខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះឱ្យកាន់តែស៊ីជំរៅបន្ថែមទៀត ខណៈលោកថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើម​កំណើត​ទំនិញ​នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍបទដ្ឋានគតិយុត្តិរបស់វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

 ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ដូច្នេះថា៖« សេចក្តីព្រាងច្បាប់ស្តីពីវិធានដើម​កំណើត​ទំនិញ​នេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មប៉ុណ្ណោះទេ ច្បាប់នេះក៏​ជា​ផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ដោយដើរទន្ទឹមគ្នាជាមួយកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី តំបន់ និងពហុភាគី ដែលថ្មីៗនេះ មានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ​តំបន់ ​(អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម»។

ជុំវិញការលើកឡើងនេះដែរ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងសហការី ចូលរួមពិភាក្សានិងការពារសេចក្តីព្រាងច្បាប់ខាងលើ។បន្ថែមពីនេះ​ លោកថា តាមសេចក្តីរាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថាសេចក្តីព្រាង​ច្បាប់នេះបានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។

ឆ្លៀតក្នុងឱកាសនោះ ប្រធានគណៈកម្មការទី៩ ឯកឧត្តម គង់ សារាជ ក៏បានបន្ថែមទៀតថា៖«សូមធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រុមការងារអន្តរក្រសួង ព្រមទាំងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយទទួលបានលទ្ធផល គួរជាទីមោទនៈ។ ជាពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»៕

ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner