ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ជប៉ុន មានបំណងចង់បង្កើតការិយាល័យនៅកម្ពុជា ដើម្បីជំរុញភ្ញៀវទេសចរទៅវិញទៅមក
ភ្នំពេញ៖ ក្រុមហ៊ុន Japan Dream Tours ដែលជាក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន មានបំណងចង់បង្កើតការិយាល័យរបស់ខ្លួននៅខេត្តសៀមរាប ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុន មកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុនផងដែរ។គោលបំណងនេះ ត្រូវបានលើកឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក អ៊ីយូជី គូម៉ាម៉ារ៉ូ(Yuji Kumamaru )អតីតឯកអគ្គតរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅកម្ពុជា។ នេះបើតាមក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងជំនួបនោះលោក Yuji Kumamaru បានលើកឡើងថា ក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន មានការចាប់អារម្មណ៍បង្កើតការិយាល័យ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញរបស់កម្ពុជា ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុន មកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុនផងដែរ»។
តាមរយៈការលើកឡើងខាងលើនេះ ឯកឧត្តម ថោង ខុន ក៏ថ្លែងអរគុណ និងបានបន្តស្នើឱ្យអតីតទូតជប៉ុនជួយជំរុញជើងហោះហើរ ANA ឡើងវិញ ខណៈដែលក្រុមហ៊ុន ANA នេះបានផ្អាកជើងហោះហើរដោយសារមានភាពរាំងស្ទះដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងក៏បានស្នើឱ្យអតីតរាជទូតជប៉ុនជួយជំរុញភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។
ជាការឆ្លើយតប លោក Yuji Kumamaru ក៏បានទទួលយកនូវសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសន្យាជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា និងជួយជំរុញឱ្យមានភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាការជួយឱ្យមានការជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៅទៀត ក្នុងការជួយជំរុញឱ្យមានការបើកដំណើរជើងហោះហើរផ្សេងៗទៀតមកកម្ពុជាផងដែរ។
ជុំវិញរឿងនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា វាពិតជាល្អខ្លាំងណាស់ ដែលក្រុមហ៊ុនទេសចរណ៍ដ៏ធំនៅក្នុងប្រទេសជប៉ុន មានបំណងចង់បង្កើតការិយារបស់ខ្លួននៅខេត្តសៀមរាបក្នុងប្រទេសកម្ពុជា ដែលការបង្កើតនេះ នឹងអាចទាក់ទាញកំណើនភ្ញៀវទេសចរណ៍នៅក្នុងទីផ្សារជប៉ុនចូលមកកម្ពុជាឱ្យកាន់តែច្រើន ពីព្រោះថាកន្លងមកភ្ញៀវទេសចរណ៍ជប៉ុនចូលមកកម្ពុជា នៅមានកំណើនក្នុងកម្រិតមួយតិចនូវឡើយ។
ជាមួយគ្នានេះលោកស្រីរំពឹងថាកម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរណ៍ជប៉ុនបានច្រើនជាងនេះ ខណៈដែលប្រជាពលរដ្ឋជប៉ុន ពួកគាត់ចូលចិត្តដើរកម្សាន្តច្រើននៅលើពិភពលោក។ ហេតុនេះនៅក្នុងបណ្ដាប្រទេសនានា តែងតែចង់បានទីផ្សាររបស់ជប៉ុន ពីព្រោះប្រជាពលរដ្ឋជប៉ុន តែងតែចូលចិត្តបែបវប្បធម៌ និងបែបអេកូទេសចរណ៍ជាដើម ដូច្នេះសម្រាប់កម្ពុជាជាគោលដៅមួយដែលត្រូវជាមួយទីផ្សារ និងចំណង់ចំណូលរបស់ជប៉ុន។
លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា សម្រាប់អត្ថបរយោជន៍ក្នុងវិស័យទេសចរណ៍យើង កាលណាមានសាខាក្រុមហ៊ុនក្នុងប្រទេស វាគឺជាការទុកចិត្តមួយសម្រាប់ជនជាតិពួកគាត់ ពីព្រោះពេលខ្លះជនជាតិជប៉ុនក៏ស្ដាប់ភាសាយើងមិនច្បាស់ដែរប៉ុន្តែបើមានគ្នាគាត់ដូចគ្នាវាកាន់តែងាយស្រួលសម្រាប់ពួកគាត់។ យើងក៏មានឱកាសការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាទទួលបានសេវាកម្មផ្សេងៗទៀតផងដែរ ក្នុងនោះមាន សេវាដឹកជញ្ជូន សេវាកម្មម្ហូបអាហារ និងសេវាកម្មស្នាក់នៅជាដើម»។
សូមបញ្ជាក់ថា ក្រុមហ៊ុន Japan Dream Tours ជាក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន ដែលមានវត្តមានស្នាក់ការរហូតដល់ ២៥ប្រទេសជុំវិញពិភពលោក និងជាក្រុមហ៊ុនមួយដែលអាចនាំភ្ញៀវទេសចរធ្វើដំណើរកម្សាន្តក្នុងមួយឆ្នាំប្រមាណប្រាំម៉ឺននាក់៕

ដោយ៖ ជា សុខនី