ទំហំពាណិជ្ជកម្មកម្ពុជា-ចិនមានទឹកប្រាក់ជាង ៣.៨ពាន់លានដុល្លារ គិតត្រឹមខែមេសា ឆ្នាំ២០២៣
ភ្នំពេញ ៖ យោងតាមស្ថិតិពាណិជ្ជកម្ពុជាបានឱ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានទឹកប្រាក់ជាង ៣.៨ពាន់លានដុល្លារ ក្នុងនោះ ទំហំនាំចេញពីកម្ពុជាទៅចិន មានទឹកប្រាក់ប្រមាណ ៤៤០លានដុល្លារ ហើយទំហំនាំចូលពីចិនមកកម្ពុជា មានទឹកប្រាក់ជាង ៣,៤៥៤លានដុល្លារ។
ចំណែកទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០២២ មានចំនួនជាង ១១,៦៨៦លានដុល្លារ។

ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងចិនបន្ថែមទៀត ធុរជនមកពីប្រទេសចិន ក្នុងក្រុងតុងគួន បានមកផ្សព្វផ្សាយពីពិព័រណ៍ផលិតផលពាណិជ្ជកម្មកែច្នៃប្រទេសចិនដល់ធុរជនកម្ពុជា ក្នុងការចាប់យកឱកាសនៃការធ្វើពាណិជ្ជកម្មរវាងធុរជនកម្ពុជា និងចិន។ ថ្លែងក្នុងពិធីនេះ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ចំណងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែមានភាពរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ហើយឆ្នាំ ២០២៣នេះ ជាឆ្នាំមិត្តភាពកម្ពុជា-ចិន និងជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ហើយចំណងមិត្តភាពនេះនៅតែបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ និងកាន់តែរឹងមាំ ជាមិត្តភាពដែកថែប មិនអាចបំបែកបាន ប្រកបដោយភាពស្មោះត្រង់ រួមសុខទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់។

លោកជំទាវបានកោតសរសេរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចពិព័រណ៍ផលិងផលពាណិជ្ជកម្មកែច្នៃប្រទេសចិន ដែលបានខិតខំរៀបចំសន្និសីទផ្សព្វផ្សាយដ៏មានសារសំខាន់មួយនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយលម្អិតអំពីការរៀបចំពិព័រណ៍ផលិតផលពាណិជ្ជកម្មកែច្នៃប្រទេសចិន ដើម្បីផ្ដល់ជាឱកាសឱ្យវិនិយោគិនកម្ពុជាស្វែងយល់កាន់តែស៊ីជម្រៅ អំពីការរៀបចំពិព័រណ៍នេះ ជាពិសេសអំពីបរិយាកាសវិនិយោគ និងពាណិជ្ជកម្មនៅក្នុងទីក្រុងតុងគួន ។ ក្នុងនាមក្រសួងពាណិជ្ជកម្ម លោកជំទាវស្នើឱ្យគណៈកម្មការរៀបចំពិព័រណ៍ បន្តផ្សព្វផ្សាយបន្ថែមទៀត ក្នុងគោលបំណងប្រមូលកៀគរពាណិជ្ជករ ក្រុមហ៊ុន សហគ្រាសកម្ពុជា ទៅចូលរួមឱ្យបានច្រើនថែមទៀត ជាពិសេសស្នើសុំការសហការគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយនិងផ្ដល់ឱកាសឱ្យវិនិយោគិនពីប្រទេសទាំងពីរ សិក្សាស្វែងយល់ និងចាប់យកការបណ្ដាក់ទុនវិនិយោគទាំងក្នុងប្រទេសកម្ពុជា និងក្នុងទីក្រុងតុងគួន ក៏ដូចជាបណ្ដាតំបន់នានាក្នុងប្រទេសចិន សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យច្រើនជាងមុនទៀត។

លោក វូ គួឈាន អគ្គទីប្រឹក្សាការិយាល័យប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មនៃទីក្រុងតុងគួនប្រចាំកម្ពុជា បានថ្លែងថា ពិព័រណ៍ផលិតផលពាណិជ្ជកម្មកែច្នៃប្រទេសចិន គឺជាពិព័រណ៍ថ្នាក់ជាតិតែមួយគត់ដែលជំរុញប្រធានបទស្ដីពីការអភិវឌ្ឍការកែច្នៃប្រឌិតថ្មីនៃពាណិជ្ជកម្មកែច្នៃ។ គិតទល់បច្ចុប្បន្ននេះ ទីក្រុងតុងគួន បានប្រារព្ធដោយជោគជ័យនូវពិព័រណ៍នេះចំនួន១៣លើក ។ បច្ចុប្បន្នពិព័រណ៍នេះ កំពុងជំរុញឥតឈប់ឈរដើម្បីអភិវឌ្ឍឱ្យកាន់តែអន្តរជាតិភាវូបនីយកម្ម មិនត្រឹមតែប៉ណ្ណឹង ថែមទាំងបង្ហាញឱ្យឃើញពីសមិទ្ធផលដ៏ល្អឥតខ្ចោះ នៃពាណិជ្ជកម្មប្រទេសចិន ដែលទាំងក្លាយទៅជាវេទិកា នៃការនាំចូលផលិតផលគុណភាពល្អពីក្រៅប្រទេសចូលក្នុងទីផ្សារប្រទេសចិន និងជំរុញកិច្ចសហប្រតិបត្តិការសមត្ថភាពឧស្សាហកម្មអន្តរជាតិ៕


អត្ថបទ៖ ឈឹម ទីណា