ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសេវាសាធារណៈ ទៅលើការស្នើសុំអាជ្ញាប័ណ្ណ និងនីតិវិធីពាក់ព័ន្ធផ្សេងទៀត

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសេវាសាធារណៈជាអាទិភាព តាមរយៈការរៀប ចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នានា និងការធ្វើកំណែទម្រង់ស៊ីជម្រៅលើសេវាសាធារណៈ ដោយការកាត់បន្ថយពេលវេលាសម្រាប់ការចុះឈ្មោះ ការស្នើសុំអាជ្ញាប័ណ្ណ និងនីតិវិធីពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច គឺពិតជាចាំបាច់ណាស់ ក្នុងការចូលរួមពីវិស័យឯកជន ដូច្នេះហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាការពារសិទ្ធ និងម៉ាកឱ្យបានត្រឹមត្រូវ ទាំងការការពារការចាប់ផ្តើមអាជីវកម្មដំបូង និងការការពារសម្រាប់អាជីវកម្មដែលមានស្រាប់ ដើម្បីឱ្យការធ្វើអាជីវកម្មនោះ ធានាបាននូវនិរន្តរភាព និងភាពរីកចម្រើន ។

ការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ធ្វើឡើងកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយក្រុមការងារអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ក្នុងគោលបំណងបន្តគាំទ្រសមាហរណកម្មប្រព័ន្ធឌីជីថលនៅកម្ពុជា ជាពិសេសដើម្បីបន្តកិច្ចសហការល្អបន្តទៀតជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃ ក្រសួង ពាណិជ្ជកម្ម ។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងទៀតថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅក្នុងដំណាក់កាលបច្ចុប្បន្ន នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងបរិបទនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាតសកល COVID-19 ។ ដើម្បីឆ្លើយតបនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងការចុះបញ្ជីពាណិជ្ជសញ្ញា ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ WIPO សម្រាប់ការផ្តល់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធឧស្សាហកម្ម (IPAS) តាំងពីឆ្នាំ ២០០៦ ក្រោមជំនួយបច្ចេកទេសពី WIPO និងបន្តធ្វើឱ្យប្រសើរឡើង និងបន្ថែមមុខងារថ្មីៗមួយបន្ថែមទៀត ដើម្បីបំពេញតម្រូវការនាពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រទាំងស្រុងទៅលើប្រព័ន្ធថ្មីនេះ និងបានលើកទឹកចិត្តដល់នាយកដ្ឋានកម្មសិទ្ធបញ្ញា នៃក្រសួងពាណិជ្ជកម្ម និង WIPO ឱ្យបន្តកិច្ចសហការគ្នាល្អបន្ថែមទៀត ដើម្បីលើក កម្ពស់វិស័យកម្មសិទ្ធបញ្ញានៅកម្ពុជា ឱ្យកាន់ តែមាន ភាព រីកចម្រើនបន្ថែមទៀត៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner