កម្ពុជាជំរុញចិនបង្កើនការហោះហើរត្រង់មកកម្ពុជា (Video Inside)
កម្ពុជាបានស្នើភាគីចិនពង្រីកបន្ថែមការហោះហើរត្រង់ ពីទីក្រុងនានា នៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា។ ការស្នើនេះបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក្នុងជំនួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន លោក រ៉ាវ ឈាន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ។
លោក ថោង ខុន បានស្នើភាគីចិនជួយជំរុញការហោះហើរត្រង់ពីទីក្រុងនានា នៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា ហើយចំពោះទីក្រុងណាដែលទាំងមិនទាន់ការហោះហើរមកកម្ពុជា ក៏សូមភាគីចិនបង្កើតឱ្យមានការហោះហើរត្រង់មកឱ្យបានកាន់តែច្រើន ខណៈកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗ ដែលអាចទទួលការចុះចតយន្តហោះដឹកអ្នកដំណើរគ្រប់ប្រភេទ។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថាអាកាសយានដ្ឋានថ្មីអន្តរជាតិសៀមរាប ត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣…ចំណែកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះផងដែរ។
អនុរដ្ឋមន្ត្រីចិន លោក រ៉ាវ ឈាន បានសន្យាពាំនាំសំណើទាំងនេះ ជូនទៅកាន់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ក្នុងការពិចារណាជំរុញឱ្យមានការហោះហើរត្រង់ មកកាន់កម្ពុជាបន្ថែមទៀត។