សាលាមត្តេយ្យសហគមន៍មិត្តភាពកម្ពុជា-ចិន ត្រូវបានដាក់ឱ្យដំណើរការនិងប្រគល់ជូនភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង
ស្វាយរៀង៖ សាលាមត្តេយ្យសហគមន៍មិត្តភាពកម្ពុជា-ចិន ត្រូវបានដាក់ឱ្យដំណើរការ និងប្រគល់ជូនភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលបានផ្តល់អំណោយតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការសាងសង់អគារទាំងមូលរបស់មត្តេយ្យសហគមន៍មិត្តភាពកម្ពុជា-ចិន ហើយលោកជំទាវក៏បាន កោតសរសើរ និងវាយតម្លៃខ្ពស់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលបានជួយសម្របសម្រួលដល់កិច្ចដំណើរការកសាងមត្តេយ្យសហគមន៍នេះឡើង។

លោក ឈាង គឿន មេភូមិវាយបានគូសបញ្ជាក់ថា ប្រជាជននៅក្នុងភូមិវាយ មានសេចក្តីរីករាយដោយទទួលបានអំណោយដ៏ថ្លៃថ្លាពីមិត្តចិនដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចបង្កើនធនធានមនុស្សនៅកម្ពុជាចាប់ពីកម្រិតមត្តេយ្យ។

គួរបញ្ជាក់ថា សាលានេះបង្កើតឡើងដំបូងនៅឆ្នាំ២០០០ស្ថិតនៅក្រោមផ្ទះប្រជាជន ហើយលុះដល់ឆ្នាំ២០២០ អាជ្ញាធរបានសម្រេចសាង់សង់សាលា១ខ្នង ប្រក់ស័ង្កសី នៅលើដីសាធារណៈរបស់រដ្ឋមានទំហំ២១៦ម៉ែត្រការ៉េ ហើយនៅឆ្នាំ២០២៣នេះ ស្ថានទូតចិនប្រចាំកម្ពុជាបានចូលរួមនៅក្នុងឧបត្ថម្ភការកសាងអគារសិក្សានេះរួមទាំងបំពាក់នូវសម្ភារៈឧបទ្ទេសនិងកំសាន្តជាច្រើនដើម្បីពង្រឹងសមត្ថភាពរៀននិងការបង្រៀននៅក្នុងសាលាមត្តេយ្យនេះ៕

អត្ថបទ រូបភាព ង៉ាន់ ទិត្យ