ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីភាព ប្រកាសបញ្ចូលសមាជិកបក្សថ្មី របស់គណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈ ចំនួន ១.៧៦៩នាក់ បន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ អញ្ជើញជាអធិបតីក្នុងពិធីបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន ១.៧៦៩នាក់ បន្ថែមទៀត។

ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួម «ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សថ្មី របស់ឃុំជ្រៃវៀន និងឃុំគរ នៃស្រុកព្រៃឈរ» នាពេលនេះ និងបានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការសម្រេចចិត្តក្នុងការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជារបស់បងប្អូនទាំងអស់គ្នានាថ្ងៃនេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនសមាជិក សមាជិកាគណបក្សជានិច្ច។

ឯកឧត្តម បន្ថែមថា ការសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ព្រោះថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយធំជាងគេ ចំណាស់ជាងគេនៅកម្ពុជា មានគោលនយោបាយច្បាស់លាស់ មានប្រវត្តិតស៊ូ ឧត្តមគតិស្នេហាជាតិ និងជាគណបក្សស្នូលមិនអាចខ្វះដែលបានដឹកនាំប្រទេសជាតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ផ្អែកតាមគោលការណ៍គ្រឹះ «គណបក្សប្រជាជនកម្ពុជា គឹជាគណបក្សរបស់ប្រជាជន បង្កើតឡើងដោយប្រជាជន និងដើម្បីប្រជាជន» រហូតសម្រេចបានសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រជូនជាតិមាតុភូមិ ។

ឯកឧត្តមជាប្រធានក្រុមការងារ បន្ថែមថា ជោគជ័យទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងក្នុងស្មារតីតម្កល់ផលប្រយោជន៍គណបក្ស និងជាតិជាធំ ពីសំណាក់ថ្នាក់ដឹកនាំគណបក្ស អង្គការចាត់តាំងគ្រប់ជាន់ថ្នាក់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ជាពិសេសក្រោមការចង្អុលបង្ហាញពីអគ្គមគ្គុទេសដ៏ឆ្នើមនៃយើងគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់សមាជិក សមាជិកាទាំងអស់ ផ្ដល់ការបណ្តុះបណ្តាលធនធានយុវជនជំនាន់ក្រោយ និងបណ្តុះទឹកចិត្តឱ្យមានស្មារតីស្នេហាជាតិ ស្រលាញ់សន្តិភាព និងមានឆន្ទៈកសាងប្រទេសជាតិតាមរយៈការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ព្រមទាំងបានសម្តែងនូវការគាំទ្រចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ, ព្រោះថាបើគ្មានសន្តិភាពទេនោះ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត៕


ដោយ ង៉ាន់ ទិត្យ