ស្ថាប័នជំនាញ កំពុងជំរុញការធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តស្ទឹងគ្រៀង ខេត្តព្រៃវែង
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ី AIIB បានរួមគ្នាចុះត្រួតពិនិត្យទីតាំងអនុវត្តផែនការការងារគ្រប់គ្រងទឹក បញ្ជាទឹកដែលស្ថិតនៅភូមិសាស្រ្តស្ទឹងគ្រៀងទន្លេតូចនៃខេត្តព្រៃវែង ដើម្បីជំរុញការធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តស្ទឹងគ្រៀងខ្នាតធំ បំពាក់នូវស្ថានីយបូមទឹកស្វ័យប្រវត្តិដ៏ទំនើប។
ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងនេះកាលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួង និងភាគីពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យទីតាំងអនុវត្តផែនការការងារគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងអាងទន្លេមេគង្គក្រោម ត្រង់ភូមិសាស្រ្តស្ទឹងគ្រៀងទន្លេតូច។ក្នុងដំណើរបំពេញបេសកកម្មនេះ មានការចូលរួមពីសហការីមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់នៃស្រុកពារាំង ស្រុកស៊ីធរកណ្តាល និងក្រុងព្រៃវែង ខេត្តព្រៃវែង ដែលជាអ្នកទទួលផលពីប្រព័ន្ធធារាសាស្រ្តខ្នាតធំនេះ។

ឯកឧត្តមបានបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តស្ទឹងគ្រៀង ដែលកំពុងជំរុញការធ្វើទំនើបកម្មវិស្វកម្មនេះ មានផ្ទៃដីស្រោចស្រពចំនួន ៣៥ ០០០ ហិកតា គិតចាប់ពីទន្លេតូចត្រង់ភូមិសាស្រ្តតំបន់ស៊ីធរកណ្តាល តំបន់ព្នៅពីរ តំបន់ជ្រៃឃ្មុំ តំបន់ពារាំង តំបន់មេសរប្រចាន់ តំបន់ព្រៃស្រឡិត តំបន់កញ្ជំ តំបន់រកា តំបន់ពោធិរៀង តំបន់ព្រៃកន្លោង រហូតដល់តំបន់ចុងប៉មព្រែកតាតាំ ក្នុងខេត្តព្រៃវែង និងបណ្តាតំបន់ជាច្រើនទៀតដែលនៅជាប់នឹងផ្លូវជាតិលេខ ៨ របស់ខេត្តកណ្តាលផងដែរ។
ពាក់ព័ន្ធការធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តស្ទឹងគ្រៀងនេះដែរ ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានលើកឡើងដោយជំរុញឱ្យមានការអនុវត្តដោយហ្មត់ចត់ និងសកម្មបំផុត ដើម្បីធ្វើការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ឱ្យសម្រចបានលទ្ធផលល្អប្រសើរ។ ក្រសួងបាន និងកំពុងខិតខំយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូអភិវឌ្ឍន៍ទាំងទាំងជាតិ និងអន្តរជាតិ សំដៅធ្វើការកសាងនូវផែនការការងារវិនិយោគលើការគ្រប់គ្រងធនធានទឹក ប្រើប្រាស់ទឹក បញ្ជាទឹក ពង្រឹង និងពង្រីកវិស័យឧតុនិយមរយៈពេលវែង ក្នុងនោះផែនការការងារក្នុងការធ្វើទំនើបកម្មវិស្វកម្មនៃអាងទន្លេមេគង្គក្រោមត្រង់ភូមិសាស្រ្តស្ទឹងគ្រៀង ជាផ្នែកមួយនៃផែនការការងារដ៏សំខាន់របស់ក្រសួងផងដែរ។

គួរបញ្ជាក់ដែរថា តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញថា វិស័យទឹក បច្ចុប្បន្នខេត្តព្រៃវែងមានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៧៧ កន្លែង មានខ្នាតធំចំនួនបួនកន្លែង មធ្យម១១១កន្លែង និងខ្នាតតូចចំនួន ៦២ កន្លែង ដែលអាចផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែសរុបចំនួន១៣៧.៣.៣៤ ហិកតា៕ ដោយ៖បូរ ពេជ្រហ្សាលីន