តំណាងក្រុមហ៊ុន និងអ្នកវិនិយោគិនបារាំង កំពុងតែសម្លឹងមើលឱកាសវិនិយោគ នៅក្នុងខេត្តបាត់ដំបង ដ៏មានសក្តានុពលសេដ្ឋកិច្ច

ខេត្តបាត់ ៖ ឯកឧត្តម ហ៊្សាក់ប៉ឺឡេ (JaquesPellet) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានដឹកនាំប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជាចំនួន ១៥រូប ដើម្បីបំពញបេសកកម្មការងាររបស់ខ្លួន និង សិក្សាស្វែងយល់បន្ថែមពីឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនរបស់ខ្លួន ជាពិសេសពិនិត្យលទ្ធភាព ក្នុងការវិនិយោគ និងការធ្វើអាជីវកម្ម អំពីអត្ថប្រយោជន៍សេដ្ឋកិច្ចដែលមាននៅក្នុងខេត្កផងដែរ ដើម្បីធ្វើការវិនិយោគ និងធ្វើអាជីវកម្មរបស់ខ្លួន ។

នេះបើតាមការគូសបញ្ជាក់ពី លោក ហ៊្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា ក្នុងឱកាសដែលភាគីទាំង២ បានផ្តល់នូវកិច្ចជំនួបពិភាក្សាការងារ និងសម្តែងនូវការគួរសមជាមួយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ និងមន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្ត កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នំា២០២៣ ។

សូមបញ្ចាក់ថា កន្លងទៅនេះ ក្រុមហ៊ុន និងវិនិយោគិនទាំងនៅក្នុងស្រុក-ក្រៅស្រុក បាននិងកំពុងតែសម្លឹងឃើញពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង តាមរយៈការធ្វើបច្ចុប្បន្នភាពដែលបានឆ្លុះបញ្ចាំងពីសក្តានុពលសេដ្ឋកិច្ចដែលមានក្នុងខេត្តកន្លងមកសម្រាប់ជាឱកាសទាក់ទាញដល់អ្នកវិនិយោគិន ឲ្យកាន់តែបានស្វែងយល់ច្បាស់ក្នុងការស្វែងរកឱកាសធ្វើការវិនិយោគក្នុងខេត្ត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ដាក់ខេត្តបាត់ដំបង គឺជាខេត្តស្ថិតក្នុងចំណោម នៃខេត្តប៉ូលសេដ្ឋកិច្ចទី៤ ។

ឯកឧត្តម សុខ លូ បានថ្លែងថា ខេត្តបាត់ដំបង គឺជាខេត្តមានសក្តានុពលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ។ ហើយខេត្តនេះមានកំណើនសេដ្ឋកិច្ចប្រមាណ ២,៣% នៅអំឡុងឆ្នាំ២០២១ និងមានចំណូលមធ្យមសម្រាប់ម្នាក់ៗប្រមាណ ១ ៧៦០ ដុល្លារអាមេរិច កើនឡើងប្រមាណ០,៥ បើប្រៀបធៀបទៅនិងឆ្នាំ២០២០ ចំណូលម្នាក់ៗប្រមាណ ១ ៦៩៨,៧ដុល្លារអាមេរិច។

ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហាញសក្តានុពលសេដ្ឋកិច្ចសំខាន់ៗ ក្នុង ខេត្តដូចជា ផលិតផលកសិកម្មស្រូវ អង្ករ ដំណាំកសិ-ឧស្សាហកម្ម សម្រាប់ការកែច្នៃ នាំចេញ ពោត ដំឡូងមី ម្រេច និងផ្លែឈើសំខាន់ៗរួមមាន៖ទុរេន មៀនប៉ៃលិន ។ ជាមួយនេះខេត្ត ក៏មានតំបន់ទេសចរណ៍បែបវប្បធម៌ ធម្មជាតិ និងការកែច្នៃ ថែមទាំងមានសំណង់អគារបុរាណ បង្កប់នូវស្នាដៃស្ថាបត្យកម្មដ៏ចំណាស់រាប់រយឆ្នាំ ដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងមកម្លេះ ។

ឯកឧត្តម សុខ លូ បន្តទៀតថា៖ នៅថ្ងៃខាងមុខឆាប់ៗនេះ រាជរដ្ឋាភិបាលបាន និងកំពុងតែជម្រុញដល់ការភិវឌ្ឍបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសង្គមជាច្រើនទៀត សម្រួលដល់ការដឹកជញ្ជូនកសិផល និងដើម្បីជម្រុញកំណើនភ្ញៀវទេសចរណ៍ តាមរយៈការផ្តល់ផ្លូវល្បឿនលឿនខេត្តបាត់ដំបង-សៀមរាប,ផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ដែលឆ្លងកាត់ខេត្តបាត់ដំបង និង ផ្លូវពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ កំពង់ផែសមុទ្រខេត្តកោះកុង សម្រាប់ការដឹកជញ្ជូនកសិផល នាំចេញទៅក្រៅប្រទេស និងគម្រោងកែលម្អរៀបចំអភិវឌ្ឍទីតាំងអាកាសយានដ្ឋានក្នុងខេត្តបាត់ដំបង ជាដើម ៕

( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner