សភាពាណិជ្ជកម្មកម្ពុជា និង EU-German ត្រៀមរៀបចំគម្រោងធុរកិច្ច ដើម្បីសម្រួលការនាំចេញ-នាំចូលនិងការជំរុញនាំចេញរបស់សហគ្រាសធុនតូចនិងមធ្យម

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារជំនាញប្រឹក្សាយោបល់អន្តរជាតិនៃ EU-German នឹងរៀបចំគម្រោងធុរកិច្ចនាពេលខាងមុខក្នុងគោលបំណងសម្រួលធុរកិច្ចតាមច្រកព្រំដែន E-Commerce សម្រួលការនាំចេញ-នាំចូល និងការជំរុញនាំចេញរបស់សហគ្រាសធុនតូច និងមធ្យម(SME)

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា​ថា សភាពាណិជ្ជកម្ម បានអ​នុញ្ញាតឲ្យក្រុមការងារជំនាញប្រឹក្សាយោបល់អន្តរជាតិនៃ EU-German សម្រាប់តៀមរៀបចំគម្រោងធុរកិច្ច ចូលជួបពិភាក្សាកា​រងារ ដែលក្រុមការងារជំនាញអន្តរជាតិនេះមានបំណង ស្នើសុំផ្តល់ធាតុចូលធាតុចូលមួយផងដែរ។

លោកបានបន្ថែមថា ការស្នើសុំយោបល់របស់ EU-German គឺពាក់ព័ន្ធនឹងកិច្ចសម្រួលធុរកិច្ចតាមច្រកព្រំដែន, ពាណិជ្ជកម្មតាមអេឡិចត្រូនិច(E-commerce), កិច្ចសម្រួលពាណិជ្ជកម្មនានាសម្រាប់ការនាំចេញ-នាំចូល, ការជំរុញនាំចេញរបស់សហគ្រាសធុនតូចនិងមធ្យម (SME) និងបញ្ហាជាច្រើនទៀតត្រូវបានពិភាក្សា ដូចជា កម្ចីហិរញ្ញប្បទានសម្រាប់ SMEsជាដើម។

លោកបាន​ថ្លែងថា ៖ «EU-German បានផ្តល់ការគាំទ្រលើការរៀបចំសិក្ខាសាលា, ការបង្រៀនជំនាញផ្សេងៗទាក់ទងនឹងវិស័យSMEs ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាយើងច្រើនដែរ។ដូចនេះយើងបានជួបពិភាក្សាគ្នាហើយនេះ ក្នុងគោលបំណ​ងដើម្បីជាគម្រោងសម្រាប់អាណត្តិក្រោយទៀត ក្នុងជួយដល់វិស័យឯកជនយើងនេះ ជាពិសេសវិស័យSMEs»។​

លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បាន​​ឱ្យដឹង​នៅថ្ងៃទី១៨ ខែមិថុនា​ ដែរ​ថា ការជួយគាំទ្ររ​បស់ EU-German ដែលបានផ្តោតជាសំខាន់ទៅលើ SMEsនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយសារតែអាជីវកម្មស្ទើតែ១​០០ភាគរយហើយ នៅកម្ពុជា ជាប្រភេទSMEs។

លោកបានបញ្ជាក់ថា ៖« យើងលើកទឹកចិត្ត និងស្វាគមន៍ជានិច្ច ចំពោះដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទាំងអស់ ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវអាជីវកម្ម ធុនតូច ធុនមធ្យម ​និងតូចបំផុតរបស់កម្ពុជាយើង ព្រោះថា នៅក្នុងវិស័យSMEs ពិតជាត្រូវការការគាំទ្រច្រើនទាំងផ្នែក បច្ចេកទេស ធនធានមនុស្ស និងថវិកា ក្នុងការអភិវឌ្ឍឱ្យកាន់តែប្រសើរជាងនេះ»។

សូមជម្រាបថា គម្រោង ARISE Plus Cambodia ដែលកំពុងត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងពា​ណិជ្ជកម្ម គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ​២០២៤ ដូច្នេះហើយ ក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសហព័ន្ធអាល្លឺម៉ង់ (​BMZ) និងសហភាពអឺរ៉ុប ​​កំពុងរៀបចំផែនការគម្រោងធុរកិច្ចថ្មី ដែលគ្រោងនឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ ២០២៤ខាងមុខនេះ។

​សម្រាប់គម្រោងនេះ ក្រុមអ្នកប្រឹក្សាអន្តរជាតិនឹងធ្វើបេសកកម្មវាយតម្លៃគម្រោង ដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយដៃគូសំខាន់ៗ ដូចជា វិស័យឯកជន និងអ្នកទទួលផលអំពីតម្រូវការ ក្នុងតំបន់ទាំងនោះជាដើម៕

ដោយ៖វណ្ណ សុជាតា

ads banner