ប្រជាពលរដ្ឋចំនួន ៣៦៥០នាក់ បានស្មគ្រ័ស្មោះមករួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ស្រុកអូររាំងឪ
ខេត្តត្បួងឃ្មុំ ៖ ដោយមើលឃើញពីគុណតម្លៃដ៏ថ្លៃថ្លានិង ការកសាងសមិទ្ធិផលដ៏ឧត្តុងឧត្តមជាច្រើនមិនអាចកាត់បានរបស់គណបក្សប្រជាជនកម្ពុជា ចំពោះជាតិ និងប្រជាជនកម្ពុជា» នេះជាការលើកឡើងរបស់ តំណាងសមាជិក សមាជិការបញ្ចូលថ្មីមកពីមូលដ្ឋានឃុំទាំង៧ របស់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នៅបរិវេណវិទ្យាល័យអូររាំងឪ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតី ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និង សមាជិក សមាជិកា ខ្ញុំសូមស្វាគមន៍ បងប្អូនទាំងអស់ ដែលបានសម្រេចចិត្តត្រូវ ក្នុងការរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា រួមគ្នាសាងអំពើល្អ ជួយដល់ស្រុកអូររាំងឪ និងប្រជាជនយើង លើកស្ទួុយកិត្តិយស និង កេរ្តិ៍ឈ្មោះរបស់យើង រួមគ្នាថែរក្សាសមិទ្ធិផលកន្លងមក និង ខិតខំកសាងសមិទ្ធិផលថ្មីៗបន្ថែមទៀត ក្នុងនោះគឺអនុវត្តតាមគោលនយោបាយជា អាទិភាពទាំង៥ គឺ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និង សុវត្ថិភាពភូមិឃុំ ។

-អាទិភាពទី១ ការលើកកម្ពស់វិស័យអប់រំ ដែលកន្លងមកថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សយើងផ្តោតសំខាន់លើការកសាងធនធានមនុស្ស តាមរយៈការលើកទឹកចិត្ត ស្មារតីសាមគ្គីភាព និងការជ្រោមជ្រែង សិស្សានុសិស្ស ការកសាងសាលារៀន បន្ទប់សិក្សា និងផ្តល់ជូននូវសម្ភារៈសិក្សា ជាក់ស្តែង ការផ្តល់ថវិកាលើកទឹកចិត្តជូនសិស្សានុសិស្សប្រលងមធ្យមសិក្សាទុតិយភូមិ ជាពិសេសនៅថ្ងៃទី២៩ ខែ មិថុនា ខាងមុខ វិទ្យាល័យ ហេង សំរិន ចក នៅឃុំចក នឹងបញ្ចុះបឋមសិលា កសាង អាគារសិក្សា២ខ្នង កំពស់២ជាន់ ស្មើនឹង ១៦បន្ទប់ ក្រោមអធិបតីភាព សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងអាគារសិក្សា១ខ្នងទៀត ស្មើនឹង៥បន្ទប់ នៅភូមិបឹងផ្ទិល ឃុំគងជ័យ៖

-អាទិភាពទី២ គឺ-ផ្លូវ :យុទ្ធនាការផ្លូវរលោង ជួសជុលផ្លូវជាង ៨០km នៅទូទាំងស្រុក។
-អាទិភាពទី៣: ភ្លើង : បំពាក់អំពូលសូឡាជាង ២០០០ តាមទីសាធារណៈនានា និងគម្រោងដាក់តាមគ្រប់ផ្ទះបន្ថែមទៀត។
-អាទិភាពទី៤ : ទឹក:ក្រុមការងារយើងនឹងបន្ត ខួងអណ្តូងថ្មី និងបំពាក់ម៉ាស៊ីនចម្រោះទឹកក្តៅ-ត្រជាក់ នៅគ្រប់សាលារៀនទូទាំងស្រុក។
-អាទិភាពទី៥:សុវត្ថិភាពសង្គម តាមរយៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសលប់បំបាត់ បង្ក្រាប បទល្មើសគ្រឿងញៀនគ្រប់រូបភាព ព្រោះគ្រឿងញៀនជាប្រភពបំផ្លាញគ្រួសារ និងសង្គមជាតិ។

ឯកឧត្តមប្រធានបានបន្តថា គោលនយោបាយ និងសមិទ្ធិផលខាងលើយើងអាចសម្រេចទៅបាន គឺដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ នាំមកនូវកិត្យានុភាព កិត្តិនាមដ៏ឧត្តុងឧត្តមនៅលើឆាកអន្តរជាតិ ៕ ប្រភព ៖ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ





