ក្រសួងកសិកម្ម គ្រោងនឹងផ្តល់ភាពជាម្ចាស់ដល់សហគមន៍នេសាទ ក្នុងការគ្រប់គ្រងដែននេសាទរបស់ខ្លួន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា លោកចង់ឱ្យសហគមន៍មានភាពជាម្ចាស់លើដែននេសាទដែលក្រសួងបានកំណត់ឱ្យ និងគួរបន្ថែមបទបញ្ញត្តិមួយចំនួន ដើម្បីផ្តល់ភាពម្ចាស់ដល់សហគមន៍ ប៉ុន្តែខាងសហគមន៍ត្រូវយល់ដឹងពីវិធីសាស្រ្តគ្រប់គ្រង ធ្វើយ៉ាងណាឱ្យដែននេសាទរបស់ខ្លួនមាននិរន្តភាព។

លោករដ្ឋមន្រ្តី បានថ្លែងបែបនេះនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងកម្មវិធីសន្និបាតស្ដីពីសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ដោយលោកបានបញ្ជាក់ថា ការរៀបចំឱ្យមានច្បាប់ និងសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីនេះ គឺដើម្បីធ្វើយ៉ាងណារក្សានិរន្តភាព នៃត្រីធម្មជាតិ។

ឯកឧត្តម ឌិត ទីណា បានថ្លែងថា ៖ «ក្នុងន័យនេះ ខ្ញុំបានជជែកជាមួយជំនាញជាច្រើនលើកច្រើនសារ ពិសេសផ្អែកទៅលើចំណុចបញ្ញត្តិបច្ចេកទេសមួយចំនួន។យើងនឹងមានការសិក្សាពីមូលហេតុដែរ ថាតើហេតុអ្វីបានជាឆ្នាំខ្លះ សហគមន៍នេសាទ អាចនេសាទបានច្រើន ហើយឆ្នាំខ្លះនេសាទបានតិច ដើម្បីរិះរកមធ្យោបាយបង្កើនភោគផលនេសាទបន្ថែមទៀត»។

ឯកឧត្តមបានបន្តថាលោកចង់ឱ្យសហគមន៍មានភាពជាម្ចាស់លើដែននេសាទដែលក្រសួងបានកំណត់ឱ្យ ហើយយើងក៏គួរបន្ថែមបទបញ្ញត្តិមួយចំនួនដើម្បីផ្តល់ភាពម្ចាស់ដល់សហគមន៍ ប៉ុន្តែខាងសហគមន៍ត្រូវយល់ដឹងពីវិធីសាស្រ្តគ្រប់គ្រង ធ្វើយ៉ាងណាឱ្យដែននេសាទរបស់ខ្លួនមាននិរន្តភាព។ ការទទួលយកសមាជិកថ្មីៗត្រូវមានលក្ខន្តិកៈច្បាស់លាស់ ជៀសវាងការចូលមកដើម្បីបំផ្លាញដែននេសាទ ដែលក្រសួងបានប្រគល់ឱ្យសហគមន៍ធ្វើម្ចាស់។

ឯកឧត្តមបានបន្តថា ភាពជាម្ចាស់របស់សហគមន៍លើដែននេសាទរបស់ខ្លួន គឺត្រូវការពារកុំមានបទល្មើសនេសាទគ្រប់ប្រភេទក្នុងដែននេសាទរបស់ខ្លួន ពិសេសផ្តល់ព័ត៌មានពិត និងច្បាស់លាស់ដល់រដ្ឋបាលជលផល ដើម្បីកំណត់អត្តសញ្ញា និងចាត់វិធានការធ្វើការបង្ក្រាបឱ្យចំគោលដៅ។ ម្យ៉ាងវិញទៀតរដូវនេះ ជារដូវបិទនេសាទ ដែលជាពេលវេលាដែលទុកឱកាសឱ្យត្រីពង អាចបន្តពូជបន្តទៀត។ បើសិនជានៅតែបង្ខំធ្វើនេសាទ វានឹងលែងមានត្រីអាចនេសាទទៀតនៅរដូចបន្ត។

«ដូចដែលយើងឃើញហើយ ផ្ទៃក្រឡាទឹកដែលដាក់ឱ្យសហគមន៍នេសាទមានទំហំ១លានហិកតា ហើយបើសិនជាយើងការពារ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអ្វីដែលជាបទបញ្ញត្តិបច្ចេកទេស សម្រាប់ការពារពូជពង្សត្រីឱ្យនៅបន្តមាននិរន្តភាពបាន ១លានហិកតានេះ វានឹងផ្តល់ផលច្រើនណាស់»។ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់បន្ថែម។

លោក ឈឹម ឈឿន ប្រធានសហគមន៍នេសាទកន្លែងភេ នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ថា ចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលចង់ឱ្យសហគមន៍នេសាទ មានភាពជាម្ចាស់ដោយខ្លួនឯងនោះ គឺជាការល្អ ប៉ុន្តែរដ្ឋាភិបាលត្រូវតែមានការគាំទ្រផ្នែកផ្លូវច្បាប់។

លោកបានថ្លែងថា ភាពប្រឈមរបស់សហគមន៍នេសាទជាង២០ឆ្នាំមកនេះ គឺមានច្រើន ដូចជា ការរទប់ស្កាត់នេសាទរបស់សហគមន៍ មិនសូវទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន, បញ្ហាសុវត្ថិភាពរបស់សមាជិកប្រជានេសាទ ដែលតែងតែចេញការពារដែននេសាទរបស់ខ្លួន និងរងការគំរាមនានាជាដើម ជាពិសេសពីសារព័ត៌មានមួយចំនួន ដែលតែងតែទៅទារលុយពីសហគមន៍យើងខ្ញុំ។

លោកបានបន្ថែមថា “សហគមន៍នេសាទកន្លែងភេ” មានសមាជិកជាង ២៦០ នាក់ ដែលសុទ្ធតែជាអ្នកយល់ច្បាស់ពីតម្លៃនៃការការពារធនធានធម្មជាតិ ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តភាពសម្រាប់តកូនតចៅ ប៉ុន្តែសហគមន៍ពិតជាត្រូវការការជួយជ្រោមជ្រែង ឱ្យបានកាន់តែច្រើនពីភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល។

បើតាមក្រសួងកសិកម្ម ការបង្កើតឱ្យមានសហគមន៍ស្រះជ្រកត្រី គឺសំដៅដល់ស្រះធម្មជាតិ ឬបង្កើតដោយមនុស្ស អាងស្តុកទឹក ឬអាងទឹក ផ្សេងទៀត ដែលត្រូវបានសហការគ្រប់គ្រងដោយសហគមន៍ សម្រាប់ជលផល ឬវារីវប្បកម្ម ដើម្បីនិរន្តភាព ជីវចម្រុះរបស់វារីជាតិ និងផលជលផលពីអាងទឹក ឬដែនទឹកជុំវិញអាង ឬស្រះ ឬតំបន់ដីសើម សហគមន៍ស្រះជម្រកត្រី អាចស្ថិតនៅដែនទឹកដែលមិនជាប់នឹងផ្ទៃទឹក ឬតួផ្ទៃទឹក ដែលមានទំនាក់ទំនងតាមរដូវកាលទៅកាន់តំបន់ដីសើមជុំវិញ។

នៅពាក់កណ្តាលឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម ជាមួយនឹងការផ្ដល់មូលនិធិ និងការគាំទ្រ បច្ចេកទេស Gi និងFAO បានធ្វើការវាយតម្លៃស្ថានភាពស្រះ ជម្រកត្រីសហគមន៍។ លទ្ធផលបង្ហាញពីស្រះជម្រកត្រីសហគមន៍ មានចំនួន ៨៩៣ ត្រូវបានបង្កើតឡើងនៅក្នុង ២៣ខេត្តក្នុងប្រទេសកម្ពុជា។

សូមសជម្រាបថា វិស័យជលផលនៅប្រទេសកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់ជីវភាពរស់នៅ ផ្ដល់នូវសន្តិសុខស្បៀង និងបង្កើន ផលិតផលក្នុងស្រុកប្រមាណ ៨-១២ភាគរយ ក្នុងមួយឆ្នាំ។ គ្រួសារនៅតាម ជនបទជាច្រើន ពឹងផ្អែកលើការនេសាទជាប្រភពចំណូល ប្រព័ន្ធផល ផលតាមវាលសហគមន៍ស្រះជ្រកត្រីបានចូលរួមចំណែក ប្រហែល ៣០ភាគរយ នៃផលិតកម្មជលផលក្នុងស្រុកសរុប និងសន្តិសុខស្បៀង៕ ដោយ៖ វណ្ណ សុជាតា

ads banner