អង្គការផ្សព្វផ្សាយទេសចរណ៍បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិកវាយតម្លៃទៅលើទីក្រុងសំខាន់ៗមួយចំនួនរបស់កម្ពុជា ថាអាចក្លាយជាសមាជិករបស់អង្គការនេះ
ភ្នំពេញ៖ អង្គការផ្សព្វផ្សាយទេសចរណ៍បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក (TPO) បានធ្វើការវាយតម្លៃទៅលើទីក្រុងសំខាន់ៗមួយចំនួនរបស់ប្រទេសកម្ពុជាដែលមានសក្តានុពលទេសចរណ៍ថាអាចក្លាយជាសមាជិកអង្គការនេះ ដែលនឹងធ្វើឱ្យកម្ពុជាទទួលបានគុណប្រយោជន៍យ៉ាងច្រើនពីការផ្សព្វផ្សាយនូវសក្ដានុពលទេសចរណ៍ទៅកាន់អន្តរជាតិ។
តាមរយៈក្រសួងទេសចរណ៍នៅថ្ងៃទី១៨ ខែមិថុនា បានឱ្យដឹងថា ការវាយតម្លៃនេះត្រូវបាលើកឡើងដោយផ្ទាល់ចេញពីលោក វូ ឃ្យុងហា (WOO Kyoungha) អគ្គលេខាធិការអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក (TPO) ក្នុងពេលជំនួបពិភាក្សាការងារជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នារាជធានីភ្នំពេញ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ទីក្រុងសំខាន់ៗរបស់ប្រទេសកម្ពុជាដែលមានសក្ដានុពលទេសចរណ៍ ដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបងជាដើម ត្រូវបានវាយតម្លៃថាអាចក្លាយជាសមាជិកអង្គការTPO ដែលនឹងទទួលបានគុណប្រយោជន៍យ៉ាងច្រើនផ្នែកផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ទៅកាន់អន្តរជាតិ។
នាជំនួបនោះ លោក វូ ឃ្យុងហា បានកោតសរសើរចំពោះការគ្រប់គ្រង ការអភិវឌ្ឍនៅតាមបណ្ដាទីក្រុងមួយចំនួនរបស់កម្ពុជា ដោយលោកបានបញ្ជាក់ថា គុណប្រយោជន៍ដែលបានពីការចូលជាសមាជិកអង្គការ TPO នេះ គឺជំរុញការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅតាមទីក្រុងជាសមាជិកទាំងនោះទៅកាន់បណ្ដាញក្នុងអង្គការ និងទៅកាន់ពិភពលោក។

លោកបានបន្តថា ចាំបាច់ផងដែរក្នុងការអនុញ្ញាតឱ្យរដ្ឋបាលក្រុងសមាជិកនីមួយៗអាចផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអភិវឌ្ឍ ការគ្រប់គ្រង ការរៀបចំសោភ័ណភាព ការពង្រីកសក្ដានុពលទេសចរណ៍ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមនានាពីគ្នាទៅវិញទៅមក។
លោក វូ ឃ្យុងហា បានលើកឡើងដែរ អង្គការលោកនឹងអាចអញ្ជើញតំណាងរដ្ឋបាលទីក្រុងសំខាន់ៗរបស់កម្ពុជាចូលរួមក្នុងមហាសន្និបាតរបស់អង្គការ ដែលគ្រោងធ្វើឡើងនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឃ្យុងយូ ប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាបេក្ខភាពទីក្រុងសង្កេតការណ៍។

លោកបានបញ្ជាក់ថាប្រសិនបើមានការវាយតម្លៃត្រឹមត្រូវគ្រប់លក្ខខណ្ឌ នោះទីក្រុងសំខាន់ៗរបស់កម្ពុជាទាំងនេះនឹងអាចក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ TPO តែម្ដង។
យោងតាមអង្គការផ្សព្វផ្សាយទេសចរណ៍បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក បច្ចុប្បន្នមានទីក្រុងអាស៊ានមួយចំនួនដែលបានចូលជាសមាជិកអង្គការ TPO ដូចជានៅប្រទេសវៀតណាម ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ទីម័រខាងកើត ខណៈប្រទេសខ្លះមានទីក្រុងលើសពី១០ដែលបានចូលជាសមាជិកផងដែរ។
នាឱកាសនោះឯកឧត្តម ថោង ខុន ក៏បានទទួលស្វាគមន៍ចំពោះការលើកឡើងនេះនិងបានប្រគល់ការងារមកអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរនិងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ដើម្បីសហការទំនាក់ទំនងជាមួយលេខាធិការដ្ឋានរបស់អង្គការ TPO បន្តការងារពាក់ព័ន្ធផ្សេងទៀត ដើម្បីផលប្រយោជន៍សម្រាប់វិស័យទេសចរណ៍កម្ពុជា និងទីក្រុងសំខាន់ៗរបស់កម្ពុជាផងដែរ។
ទាក់ទងនឹងការវាយតម្លៃរបស់ TPOនេះ លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា ប្រសិនជាការចូលជាសមាជិករបស់អង្គការ TPOរបស់កម្ពុជា មិនមានការបង់លុយទេនោះ តែជាការចងសម្ព័ន្ធភាព លោកមើលឃើញថាវាពិតជាល្អណាស់ ពីព្រោះវាការរួមចំណែកក្នុងការផ្សព្វផ្សាយពីទីក្រុងរបស់កម្ពុជាទៅកាន់ទីក្រុងដែលជាបណ្ដាសមាជិករបស់អង្គការ TPO។
លោកបានបន្តថា ទីក្រុងរបស់កម្ពុជាទាំងនោះ ពិតជាស័ក្តិសមដែលអង្គការTPO នេះ បានជ្រើសរើសយកដើម្បីចូលជាសមាជិករបស់ខ្លួន ព្រោះដោយសារមុននឹងអង្គការនេះសម្រេចជ្រើសរើសចូលជាសមាជិក អង្គការបានដឹងរួចហើយពីសក្ដានុពលវិស័យទេសចរណ៍តាមទីក្រុងទាំងនេះរបស់កម្ពុជា។
លោក ហូ វណ្ណឌី បញ្ជាក់ថា ប្រសិនជាទីក្រុងរបស់យើងបានចូលជាសមាជិករបស់អង្គការ TPO វាពិតជាល្អណាស់ ពីព្រោះវាបានជួយផ្សព្វផ្សាយអំពីទីក្រុងរបស់កម្ពុជាទៅគេនិងពីទីក្រុងគេមកកម្ពុជាយើងវិញដែរ»។
ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក៏បានឱ្យដឹងដែរថា ប្រសិនជាខេត្តព្រះសីហនុ ពិតជាបានចូលជាសមាជិកអង្គការ TPO នេះ វាប្រាកដជាល្អដែលនឹងធ្វើឱ្យខេត្តព្រះសីហនុបានភ្ជាប់ជាមួយបណ្ដាទីក្រុងផ្សេងៗទៀតនៅលើពិភពលោក ព្រោះអង្គការនេះ ជាអង្គការដែលមានបណ្ដាញសមាជិកភាពច្រើន។
ក្រៅពីការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ក្នុងខេត្តហើយ លោកជឿថាវាអាចនឹងមានការជួយគ្នាជាបច្ចេកទេសថែមទៀតផងដែរ ដើម្បីឱ្យអ្នកមានជំនាញ អ្នកមានបច្ចេកទេស ផ្ដល់ជាបទពិសោធន៍ ឬក៏ជួយគ្នារកដំណោះស្រាយ ចំពោះបញ្ហាប្រឈមណាផ្សេងៗក្នុងវិស័យទេសចរណ៍។
លោក ឡុង ឌីម៉ង់ បានថ្លែងថា ប្រសិនជាទីក្រុងជាច្រើនរួមគ្នាក្នុងអង្គការ TPO នេះ លោកគិតថាទោះជាយ៉ាងណាក៏បានជួយគ្នា និងការផលិតបាននូវផលិតផលទេសចរណ៍ទាំងរបស់យើង និងរបស់គេដែរ ដែលមានន័យថា គេមកទេសចរណ៍ស្រុកយើង យើងទៅទេសចរណ៍ស្រុកគេវិញ។វាមានសារៈប្រយោជន៍ណាស់ប្រសិនជាយើងបានចូលជាសមាជិកហ្នឹងគេដែរ។
គួរជម្រាបថា អង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក ត្រូវបានបង្កើតនៅឆ្នាំ២០២២ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង៕ ដោយ៖ ជា សុខនី