គ្រូជំនាញ៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាឱកាសពន្យល់ពីជំនាញបច្ចេកទេសដល់សិស្សានុសិស្សវ័យក្មេង
ភ្នំពេញ៖ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញនិងការងារសមរម្យ» ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នាពេលកន្លងមកនេះ។

រយៈពេលពីរថ្ងៃ កម្មវិធីបច្ចេកទេស និងវិជ្ជាជីវៈ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសិស្សនិស្សិតមកពីតាមសាលានានានៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះវាក៏ជាឱកាសដ៏ល្អសម្រាប់អ្នកជំនាញក្នុងការផ្សព្វផ្សាយជំនាញបច្ចេកទេស និងជំរុញឱ្យសិស្សានុសិស្សចាប់រៀនជំនាញបច្ចេកទេសណាមួយក្រោមបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីបំពេញតម្រូវការទីផ្សារការងារដែលកំពុងខ្វះខាតខ្លាំង។

លោក ធឿន គឹមលី ជាគ្រូបង្រៀនផ្នែកមេកានិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬNIPC បានយកឱកាសនេះធ្វើការផ្សព្វផ្សាយដល់សាធារណៈជន ពិសេសសិស្សានុសិស្សឱ្យបានស្គាល់ពីជំនាញបច្ចេកទេស និងឱកាសទីផ្សារការងារក្រោយបញ្ចប់ការសិក្សា ដើម្បីឱ្យពួកគេឈោងទៅចាប់ជំនាញទាំងនេះ។

លោក ធឿន គឹមលី បានប្រាប់ឱ្យដឹងថា “ការតាំងពិព័រណ៍នេះធ្វើឱ្យខ្ញុំមានឱកាសធ្វើបទបង្ហាញដល់សិស្សានុសិស្សមកពីវិទ្យាល័យឱ្យចាប់ផ្តើមយល់ថា មេកានិកគឺជាអ្វី ត្រូវការអ្វីខ្លះដើម្បីរៀនជំនាញមួយហ្នឹង ដោយសារតែសិស្សរបស់យើងភាគច្រើនមិនទាន់បានស្គាល់ឡើយថាជំនាញបច្ចេកទេសទាំងនេះគឺជាអ្វី”។
លោក ធឿន គឹមលី សង្ឃឹមថា កម្មវិធីមួយនេះ នឹងអាចជួយឱ្យសិស្សានុសិស្សយល់ដឹងពីមេកានិចច្រើនជាងមុន និងដឹងពីឱកាសទីផ្សារការងារនៃជំនាញនេះច្រើនជាងមុន ព្រោះបច្ចុប្បន្នមូលហេតុដែលជំនាញនេះនៅតែមិនសូវមានសិស្សច្រើន គឺដោយសារតែវាមិនទាន់ទូលំទូលាយនៅឡើយនិងមានសិស្សខ្លះយល់ថាពេលរៀនចប់ទៅមិនដឹងធ្វើការងារអ្វី។

គ្រូជំនាញនៃសាលាNIPCរូបនេះ បានបន្តថា មិនមែនរៀនមេកានិចហើយចេញទៅអត់ដឹងធ្វើអ្វី ហើយក៏មិនមែនពេលរៀនចប់ហើយទៅធ្វើជាអ្នកផ្សារដែក អីនោះទេ តែពួកគេអាចធ្វើការនៅក្នុងក្រុមហ៊ុនធំៗបានដូចជំនាញផ្សេងដែរ។
លោកថា សិស្សមេកានិចឆ្នាំទី៤ របស់លោកមានតែចំនួន ៥០នាក់ ប៉ុណ្ណោះដែលជាចំនួនតិចនៅឡើយ ហើយពេលដែលពួកគេបញ្ចប់ការសិក្សាភ្លាម នោះក្រុមហ៊ុនជាច្រើនទទួលទាំងអស់តែម្ដង និងពេលខ្លះខ្វះធនធានជំនាញនេះឱ្យក្រុមហ៊ុនទៅទៀត។
ដ្បិតថាជាជំនាញដែលធ្វើការនឿយហត់បន្តិចតែ លោក ធឿន គឹមលី បានឱ្យដឹងថា ភាគច្រើនក្រោយរៀនចប់ពួកគេធ្វើការនៅក្នុងក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុនផលិតស្រាបៀទាំងអស់នៅកម្ពុជា និងក្រុមហ៊ុនផលិតទឹកបរិសុទ្ធជាដើម។

ទោះបីជាបច្ចុប្បន្ននេះជំនាញមេកានិកកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើន ប៉ុន្តែធនធានមនុស្សជំនាញមេកានិកនេះនៅខ្វះខាតច្រើននៅឡើយ។លោក ធឿន គឹមលី និយាយថា ពេលខ្លះក្រុមហ៊ុនត្រូវការសិស្សជំនាញ ១០០នាក់ យើងអាចឱ្យបានតែ ៥០នាក់ ពេលគេត្រូវការ ១.០០០នាក់យើងអាចឱ្យបានតែ ២០០នាក់ប៉ុណ្ណោះ»។
លោក ធឿន គឹមលី ក៏បានបញ្ជាក់បន្ថែមថា ជំនាញមេកានិកមិនទាមទារជំនាញច្រើនប៉ុន្មានទេសម្រាប់សិក្សា សំខាន់គឺត្រូវការមុខវិជ្ជាគណិតវិទ្យាពូកែ និងការកែច្នៃ ។ចំណែកឯភាសាអង់គ្លេសចេះត្រឹមល្មមៗគឺអាចចូលរៀនបានហើយ។ លើសពីនេះសម្រាប់សិស្សដែលគាត់ធ្លាក់ថ្នាក់ទី១២ ក៏ពួកគេអាចចូលរៀនបានដែរ គឺការចូលរៀនជំនាញនេះថ្នាក់មធ្យមមុន រយៈពេលពីរឆ្នាំទៅលើការអនុវត្តនិងទ្រឹស្ដីតិចតួចបំផុត។
ចំណែកឯ លោក សាយ ម៉ានិច ជានិស្សិតថ្នាក់បណ្ឌិត និងជាអ្នកស្រាវជ្រាវពេញម៉ោងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថា ICT ក៏យល់ឃើញស្រដៀងគ្នានេះថា ចំនួនសិស្សដែលចូលរៀន និងអ្នកជំនាញបច្ចេកទេសផ្ទាល់គឺនៅមានភាពខ្វះខាតច្រើន សម្រាប់តម្រូវការទីផ្សារការងារ។
លោកថា បើតាមរបាយការណ៍ និងព័ត៌មានដែលលោកទទួលបានពីសហគ្រាសនានា បានឱ្យដឹងថា ចំនួនសិស្សជំនាញដើម្បីបំពេញតម្រូវការទីផ្សារការងារនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ពោលគឺខ្វះខាតច្រើនតែម្ដង។
ជាមួយគ្នានេះ លោកចង់ឃើញសាលា និងសហគ្រាសនានា កែប្រែចំណុចមួយចំនួនដើម្បីទាក់ទាញសិស្សឱ្យចូលរៀនជំនាញបច្ចេកទេសទាំងអស់នេះ។
លោក សាយ ម៉ានិច បានឱ្យដឹងថា ៖ «តាមគំនិតរបស់ខ្ញុំដើម្បីឱ្យចំនួនសិស្សមានការកើនឡើងសម្រាប់ជំនាញបច្ចេកទេស ទី១ គឺវាពាក់ព័ន្ធនឹងសាលាផ្ទាល់ ទី២ គឺពាក់ព័ន្ធនឹងខាងក្រុមហ៊ុន»។
លោកបន្តថាតាមសាលាគួរបន្ថែមគុណភាពដើម្បីបង្ហាញដល់សិស្សថាពេលចូលមកសិក្សាជំនាញទាំងនេះ ពួកគេនឹងទទួលបានអ្វីខ្លះត្រលប់ទៅវិញ ពិសេសចំណេះដឹង ដែលអាចយកទៅប្រើប្រាស់បានទាំងក្នុងក្រុមហ៊ុនឬអាជីវកម្មផ្ទាល់ខ្លួន។ចំណែកឯក្រុមហ៊ុនវិញ បើសិនជាផ្ដល់អត្ថប្រយោជន៍បន្ថែមដល់អ្នកជំនាញទាំងនេះ នោះសិស្សនឹងងាកមករៀនជំនាញនេះច្រើនឡើងៗ ដែលនៅទីបំផុត តម្រូវការនិងការផ្គត់ផ្គង់កម្លាំងពលកម្មនឹងស្មើគ្នា។
បច្ចុប្បន្ននេះ លោក សាយ ម៉ានិច កំពុងស្រាវជ្រាវប្រេងសណ្ដែក ជាមួយសមាជិកចំនួន ១០នាក់ រួមទាំង គ្រូជំនាញនៅវិទ្យាស្ថាន ICT អ្នកស្រាវជ្រាវ និងនិស្សិតឆ្នាំទី៥ ដែលគ្រោងនឹងបញ្ចប់សារណារបស់ខ្លួន។
សូមបញ្ជាក់ផងដែរថា នាទិវាជាតិ TVET រដ្ឋមន្ត្រីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តម អ៊ិត សំហេង បានអំពាវនាវដល់យុវជនងាកមកទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ស្វែងរកការងារ និងបង្កើតមុខរបរដោយខ្លួនឯង។
ឯកឧត្តមមានប្រសាសន៍ថា ៖ «សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន យុវនារី ជនងាយរងគ្រោះ និងសាធារណជនងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង»៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ