ឯកឧត្តម ជា វ៉ាន់ដេត៖ ខ្ញុំចង់ឃើញប្រាំឆ្នាំ ពីនេះទៅមុខ ឃុំដូង គឺជាឃុំ គំរូសុវត្ថិភាពទាំងអស់
តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា លោកចង់ ឃើញប្រាំឆ្នាំ ពីនេះទៅមុខ ឃុំដូងគឺជាឃុំគំរូសុវត្ថិ ភាពទាំងអស់សម្រាប់ ប្រជាពលរដ្ឋ។ប៉ុន្តែទាំងអស់នេះគឺត្រូវតែពឹងផ្អែកទៅលើលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំឃុំ បញ្ជាការពារភូមិ កងកម្លាំង ក៏ដូចជាប្រជាជន ទាំងអស់ ជាអ្នកដែល ធ្វើឱ្យភូមិ ឃុំ មានសុវត្ថិភាព។ ឯកឧត្តមបន្ថែមថា ការអនុវត្តភូមិឃុំមាន សុវត្ថិភាពសម្រាប់មូលដ្ឋាន និងក្លាយជា គំរូមួយនៅទូទាំងប្រទេសទៅបាន គឺដោយសារយើងមានឆន្ទៈ ពីគ្រប់ផ្នែកពាក់ព័ន្ធ ពិសេសការជួយ ជ្រោម ជ្រែង ពីក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន។ យើង ចង់បាន ឃុំដូងនេះជាឃុំទី១ នៅក្នុងប្រទេសកម្ពុជា។ជាឃុំគំរូសម្រាប់ឃុំ ផ្សេងៗទៀត មកដកស្រង់ បទពិសោធន៍ ពីឃុំនេះទៅអនុវត្តបន្ត។

ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះ ជួយ ស្រុកបាទី បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុង ឱកាស អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងប្រកាស សមិទ្ធផលនៃកាអភិវឌ្ឍភូមិទាំងប្រាំបី ក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំ ប្រធានភូមិ និងអនុភូមិ ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋ ដែលរៀបចំ ឡើងនៅវិទ្យាល័យ គិត ម៉េង ប្រាសាទ។

ឯកឧត្តមបានលើកឡើងបន្ថែមថា ប្រជាការពារភូមិបានរួម ចំណែកនៅ ក្នុងការចូលរួមការពារ និងរក្សាសន្តិសុខសណ្តាប់ និងសហការ រាយការណ៍ ទៅប៉ូលីសមានសមត្ថកិច្ចដែលមានតួនាទីអនុវត្តច្បាប់។ ឯកឧត្តមក៏បាន លើកឡើងដែរថា ថ្ងៃក្រោយទៅប្រជាការពារភូមិ នឹងទទួលបានប្រាក់ខែ ជារៀងរាល់ខែ ខណៈដែលក្រសួងមហាផ្ទៃកំពុងតែគិតគូរទៅលើប្រាក់ខែ ឬប្រាក់ឧបត្ថម្ភណាមួយផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត បានដាក់ក្តីសង្ឃឹមខ្ពស់ចំពោះអាជ្ញាធរ ប្រជាពលរដ្ឋ នៅក្នុងឃុំដូងដែលជាចំណុចផ្តើមនៃឃុំមួយក្នុងចំណោម ឃុំជាង ១៦០០ នៅទូទាំងប្រទេស ដើម្បីធ្វើការប្រកួតប្រជែងគ្នានៅពេលខាងមុខ។ អ្វីៗក៏ខ្មែរអាចធ្វើទៅបានដែរ សំខាន់គឺសាមគ្គី សហការគ្នា។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមការងារចុះជួយស្រុកបាទី ក៏បានជំរុញ ដល់អាជ្ញាធរ ភូមិឃុំ ត្រូវជ្រើសរើសយុវជនដែលមានភាពសកម្ម និងការងារ អោយមកធ្វើការជាមួយ ដោយធ្វើកាបណ្តុះបណ្តាល ចំណេះដឹងជំនាញ ដើម្បីងាយស្រួលបន្តវេនការងារ នៅពេល ដែលចាស់ ជំនាន់មុនចូលនិវត្តន៍។

ក្នុងឱកាសនេះដែរ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានអំពាវនាវដល់ អ្នកដែលបានចូលរួមក្នុងពិធីនេះក៏ដូចជា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូម អញ្ជើញ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យ ទទួល បានជ័យជម្នះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត៕ អត្ថបទ រូបភាព៖ ង៉ាន់ ទិត្យ