អាល្លឺម៉ង់ជំរុញឱ្យចិន និងសហរដ្ឋអាមេរិកពង្រឹងកិច្ចសន្ទនា

ប៊ែរឡាំង៖ មេដឹកនាំអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ បានជំរុញឱ្យចិន និងសហរដ្ឋអាមេរិកលើកកម្ពស់កិច្ចសន្ទនាទ្វេភាគី ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ។

ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉លធឺ ស្តែនម៊ែរ បានជំរុញឱ្យចិន និងសហរដ្ឋអាមេរិក លើកកម្ពស់កិច្ចសន្ទនាទ្វេភាគី ខណៈដែលរូបលោកធ្វើជាម្ចាស់ផ្ទះស្វាគមន៍នាយករដ្ឋមន្ត្រីចិន លោក លី ឈាង។

លោក លី ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីរបស់ប្រទេសចិនកាលពីខែមីនា កំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអឺរ៉ុបចំនួនពីរ ក្នុងនោះមានបារាំងផងដែរ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហិរញ្ញវត្ថុអាកាសធាតុ ដែលរៀបចំដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។

ប្រធានាធិបតីអាល្លឺម៉ង់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក សម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការពិភពលោក។
នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យប្រធានាធិបតីអាល្លឺម៉ង់ នៅលើបណ្តាញសង្គមធ្វីតធើ បន្ទាប់ពីលោក ហ្រ្វាំង វ៉លធឺ បានជួបជាមួយលោក លី។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីនហួររបស់ចិន លោក លី បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសអាល្លឺម៉ង់ សំដៅរួមចំណែកដល់ស្ថិរភាព និងវិបុលភាពពិភពលោក។

ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោក លី បានកើតមានឡើងចំពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន កំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ជាទីដែលទិដ្ឋភាពនៃសុទិដ្ឋិនិយមបានលេចចេញ ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានវាយតម្លៃថា “វឌ្ឍនភាពខ្លះ” ត្រូវបានធ្វើឡើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner