វិស័យការពារជាតិ និងបច្ចេកវិទ្យាជារបៀបវារៈកំពូល សម្រាប់ការបំពេញទស្សនកិច្ចដ៏សំខាន់របស់មេដឹកនាំឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក
ញូវដែលី៖ មេដឹកនាំឥណ្ឌានឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ សម្រាប់ការបំពេញទស្សនកិច្ចមួយ ដែលត្រូវបានគេចាត់ទុកថា ជាចំណុចរបត់មួយសម្រាប់ទំនាក់ទំនងទ្វេភាគី។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនាសប្តាហ៍នេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិកាន់តែស៊ីជម្រៅ និងការចែករំលែកបច្ចេកវិទ្យាទំនើបៗ។
ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី នេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ឱ្យឥណ្ឌានូវលទ្ធភាពទទួលបានបច្ចេកវិទ្យាសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលទីក្រុងវ៉ាស៊ីនតោនកម្រនឹងចែករំលែកជាមួយប្រទេសមិនមែនសម្ព័ន្ធមិត្ត, ការពង្រឹងចំណងទាក់ទងថ្មីមួយ ដែលត្រូវបានគាំទ្រដោយមិនត្រឹមតែនយោបាយពិភពលោកប៉ុណ្ណោះទេ ថែមទាំងពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក វីណេ ខ្វាត្រា បានប្រាប់អ្នកយកព័ត៌មានក្នុងថ្ងៃចន្ទនេះថា ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរបស់យើង (ឥណ្ឌា-សហរដ្ឋអាមេរិក) ហើយវាក៏ជាការបំពេញទស្សនកិច្ចដ៏សំខាន់បំផុតផងដែរ។
ប្រមុខការទូតឥណ្ឌារូបនេះ បានសង្កត់ធ្ងន់ថា សមិទ្ធិផលដ៏សំខាន់មួយដែលត្រូវបានគេរំពឹងថា នឹងត្រូវបានបង្ហាញឡើង គឺនៅក្នុងផ្នែកនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសរវាងឧស្សាហកម្មយោធានៃប្រទេសទាំងពីរ ខណៈដែលឥណ្ឌាស្វែងរកការផលិតអាវុធ និងយោធូបករណ៍បន្ថែមទៀតនៅក្នុងប្រទេស ក្នុងគោលបំណងទុកប្រើប្រាស់ខ្លួនឯងផង និងសម្រាប់ការនាំចេញផងដែរ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

