ប្រមុខអង្គការសហប្រជាជាតិជំរុញឱ្យប្រទេសនានា ចាត់វិធានការប្រឆាំងនឹងអំពើភេរវកម្ម

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូដទែរេស ថ្លែងថា ប្រទេសនានាត្រូវតែចាត់វិធានការដោះស្រាយនូវរាល់សកម្មភាព ដែលអាចដឹកនាំឱ្យមានអំពើភេរវកម្ម ដូចជាការលុបបំបាត់ភាពក្រីក្រជាដើម ដើម្បីការពារកុំឱ្យអំពើហិង្សាបែបនេះរីករាលដាលបន្ថែមទៀត។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូដទែរេស នៅថ្ងៃចន្ទនេះ បានប្រាប់សន្និសីទមួយនៅទីក្រុងញូវយ៉កថា អំពើភេរវកម្ម និងអំពើជ្រុលនិយមដ៏ឃោរឃៅនៅតែបន្តចាក់ឬស និងរីកចម្រើន ដោយលោកបានអំពាវនាវឱ្យប្រទេសនានា ក្រោកឈររួមកម្លាំងគ្នាតែមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងជាសកលនេះ។

លោក ហ្គូដទែរេស បានសង្កត់ធ្ងន់ថា ភាពជ្រុលនិយមបានកេងចំណេញលើវិបត្តិជាច្រើនដែលជះឥទ្ធិពលមកលើពិភពលោក ចាប់ពីវិបត្តិស្បៀងអាហារ និងថាមពល រហូតដល់ការប្រែប្រួលអាកាសធាតុ និងការរីករាលដាលនៃការស្អប់ខ្ពើមតាមអ៊ីនធើណិត ដូច្នេះយើងត្រូវតែផ្តោតលើវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត ក្នុងការបញ្ចប់ការគំរាមកំហែងនេះ។

ទន្ទឹមគ្នា ប្រមុខអង្គការសហប្រជាជាតិរូបនេះក៏បានអំពាវនាវដែរថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ត្រូវតែគោរពសិទ្ធិមនុស្ស រួមទាំងការធ្វើមាតុភូមិនិវត្តន៍របស់ពួកជីហាដបរទេស និងក្រុមគ្រួសាររបស់ពួកគេ ដែលនៅតែឃុំខ្លួនក្នុងជំរំ បន្ទាប់ពីការកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម IS។

លោក ហ្គូដទែរេស បានគូសបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្ញុំ ឱ្យរដ្ឋជាសមាជិកទាំងអស់ ជួយពន្លឿនការធ្វើមាតុភូមិនិវត្តន៍ជាអាទិភាពបន្ទាន់។ នេះជាបញ្ហានៃភាពថ្លៃថ្នូរ និងមេត្តាធម៌របស់មនុស្សជាតិ ហើយវាក៏ជាបញ្ហាសន្តិសុខផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner