ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ លើសពីការនាំចូលរាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុន ធ្វើការវិនិយោគលើការផលិត និងដំឡើងរថយន្តឱ្យបានច្រើននៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើថា លើសពីការនាំចូលរថយន្ត រាជរដ្ឋាភិបាលកម្ពុជាក៏បានលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុន ធ្វើការវិនិយោគលើការផលិត និងដំឡើងរថយន្តឱ្យបានច្រើននៅកម្ពុជា ដើម្បីធានាដល់ការឈរជើងយូរអង្វែងរបស់ក្រុមហ៊ុនផ្ទាល់ផង និងដើម្បីជួយប្រជាជនកម្ពុជាឱ្យមានលទ្ធភាពប្រើប្រាស់ផង ។

ឯកឧត្តម បន្តថា ទីស្នាក់ការដាក់តាំងលក់រថយន្តទំនើប របស់ក្រុមហ៊ុនវ័នរ៉ូដ គ្រុប ដែលបាននាំយករថយន្តម៉ាក GREAT WALL មកលក់លើទីផ្សារកម្ពុជា ក្នុងស្ថានភាពដែលប្រជាជនកម្ពុជា កំពុងរស់យ៉ាងសុខសាន្តក្រោមដំបូលសន្តិភាពពេញបរិបូរណ៍។ ភាពរីកចម្រើនរបស់កម្ពុជាពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មិត្តចិនបានឡើយ ហើយតាមរយៈការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការល្អនានារបស់មិត្តចិន បានធ្វើឱ្យប្រទេសទាំងពីរសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងការវិនិយោគចិននៅកម្ពុជា នឹងបន្តកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ស្របជាមួយនឹងចក្ខុវិស័យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជាចិន ជាពិសេសក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលភាគីកម្ពុជា-ចិន បានឯកភាពគ្នាបង្កើតទ្បើងកាលពីខែកម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ។

ការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើឡើងកាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារតាំងលក់រថយន្តទំនើបរបស់ក្រុមហ៊ុន GREAT WALL MOTOR CAMBODIA ដែលនាំចូលក្រុមហ៊ុន វ័នរ៉ូដ គ្រុប (ONEROAD GROUP) នៅរាជធានីភ្នំពេញ ។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់បន្តថា ភាពជោគជ័យទាំងស់នេះ សុទ្ធតែជាផ្លែផ្កា នៃសុខសន្តិភាព ហើយបើគ្មានសន្តិភាពទេនោះគឺគ្មានការអភិវឌ្ឍឡើយ ជាក់ស្តែងនាពេលបច្ចុប្បន្នដោយសារសន្តិភាពទើបធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពកាន់តែល្អប្រសើរឡើង រហូតមានតម្រូវការនៃការប្រើប្រាស់យានយន្តគ្រប់ប្រភេទ និងគ្រប់ម៉ាកសម្រាប់ជាមធ្យោបាយធ្វើដំណើរ ហើរថយន្តជាច្រើនគ្រឿងត្រូវបាននាំចូលមកកម្ពុជា ក្នុងនោះមានទាំងរថយន្តម៉ាក GREAT WALL ដែលយើងកំពុងសម្ពោធដាក់ឱ្យដំណើរការអគារតាំងលក់នាពេលនេះផងដែរ ដែលនេះគឺជាការឆ្លើយតបនឹងតម្រូវការទីផ្សារនៅកម្ពុជាយ៉ាងពិតប្រាកដ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុនធំៗនៃប្រទេសចិន បានទាក់ទាញឱ្យក្រុមហ៊ុនចិនផ្សេងៗទៀត ងាកឱ្យមកចាប់អារម្មណ៍ និងសម្រេចចិត្តធ្វើធុរកិច្ចនៅកម្ពុជា ជាក់ស្តែងដូចជាគម្រោងវារីអគ្គិសនី គម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប គម្រោងសាងសង់ផ្លូវល្បឿនលឿន និងគម្រោងផ្សេងៗជាច្រើនទៀត តួយ៉ាងដូចជាគម្រោងរបស់ក្រុមហ៊ុនវ័នរ៉ូដ គ្រុប និងវ័នរ៉ូដ ហ្គ្រេតវ៉ល ដែលយើងទាំងអស់គ្នាបាន និងកំពុងឃើញនៅថ្ងៃនេះជាដើម។

សូមជម្រាបជូនថា៖ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទឹកប្រាក់ប្រមាណជាង ៥ ០០០លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជា បាននាំចេញទៅចិននូវទំនិញសក្ដានុពល មួយចំនួន មានដូចជា សម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងកាបូប ព្រមទាំងកសិផល ។

រីឯចិនបាននាំចូលមកកម្ពុជា នូវទំនិញសំខាន់ៗ ដូចជាយានយន្ត គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក សំបកកង់ ផលិតផលប៉្លាស្ទិក និងផលិតផលជាច្រើនទៀត ៕ ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner