អង់គ្លេសនឹងរក្សាទុកទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក រហូតដល់រុស្ស៊ីព្រមផ្ដល់សំណងខូចខាតដល់អ៊ុយក្រែន
ឡុងដ៍៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ខ្លួនបានដាក់ចេញផែនការរឹតបន្តឹងគោលនយោបាយដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃចន្ទ រួមទាំងការដាក់ចេញច្បាប់ដើម្បីរក្សាទុកទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក រហូតដល់ថ្ងៃដែលទីក្រុងមូស្គូយល់ព្រមបង់ប្រាក់សំណង់ទៅលើការខូចខាតនៅអ៊ុយក្រែន។
វិធានការថ្មីនេះនឹងតម្រូវឱ្យបុគ្គលដែលត្រូវស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ដែលកំពុងកាន់កាប់នៅក្នុងប្រទេសអង់គ្លេស។ រដ្ឋាភិបាលក៏បានបញ្ជាក់ដែរថា អ្នកដែលត្រូវបានបង្កកទ្រព្យទាំងអស់ មានផ្លូវថ្មីមួយទៀតនោះគឺការបរិច្ចាគដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ យ៉ាងណាក៏ដោយ នេះមិនមែនមានន័យថា ទណ្ឌកម្មទៅលើបុគ្គលនោះត្រូវបានដកចេញនោះទេ។
គួរដឹងដែរថា ផែនការនេះត្រូវបានប្រកាសនៅពេលដែលអង់គ្លេសត្រៀមធ្វើជាម្ចាស់ផ្ទះសន្និសីទស្ដីពីការស្ដារប្រទេសអ៊ុយក្រែនឡើងវិញក្នុងសប្តាហ៍នេះ។ អង់គ្លេសនឹងផ្តោតលើការកៀងគោសំឡេងគាំទ្រពីអន្តរជាតិ ដើម្បីជួយកសាងប្រទេសអ៊ុយក្រែងពីសង្គ្រាមឡើងវិញ ជាពិសេសការចូលរួមពីវិស័យឯកជន ក្នុងដំណើរការស្ដារឡើងវិញនេះ។
ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុន អង់គ្លេសបានបង្កកទ្រព្យសម្បត្តិរហូតដល់ទៅជាង ២៣ ប៊ីលានដុល្លារអាមេរិក និងដាក់ទណ្ឌកម្មលើបុគ្គលរុស្ស៊ីចំនួនជាង ១ ៥៥០ នាក់ ក្នុងនោះរួមទាំងលោក រ៉ូម៉ាន អាប្រាម៉ូវិច (Roman Abramovich) ដែលជាអតីតម្ចាស់ក្លឹបបាល់ទាត់ឆែលស៊ី (Chelsea) ផងដែរ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ចេម ខ្លេវឺលី (James Cleverly) បានលើកឡើងថា ៖ «តម្រូវការចាំបាច់ក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញគឺពិតជាធំធេងខ្លាំងណាស់ ហើយវិធានការថ្មីៗនឹងត្រូវបានដាក់ចេញ ដើម្បីធានាឱ្យរុស្ស៊ីចំណាយលើការជួសជុលប្រទេសដែលខ្លួនបានវាយកម្ទេចដោយឥតក្រែងចិត្តនរណា»។
ក្រោមច្បាប់ថ្មីនេះផងដែរ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអង់គ្លេសអាចបន្តរយៈពេលនៃការដាក់ទណ្ឌកម្មបានយូរជាងមុន និងអាចកែប្រែគោលបំណងនៃការដាក់ទណ្ឌកម្មរបស់ខ្លួនទៀតផង។ ជារួម ច្បាប់នេះអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្ម ដើម្បីទាមទារឱ្យរុស្ស៊ីផ្តល់សំណងដែលខូចខាតទាំងប៉ុន្មានទៅកាន់អ៊ុយក្រែន។
តាមរយៈការប៉ាន់ស្មាន ការចំណាយទៅលើការកសាងឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងត្រូវចំណាយ ៤០០ ប៊ីលានដុល្លារអាមេរិក នេះបើយោងតាមការគណនាដោយធនាគារពិភពលោក អង្គការសហប្រជាជាតិ គណៈកម្មការអឺរ៉ុប និងអ៊ុយក្រែនផ្ទាល់។
រដ្ឋាភិបាលអង់គ្លេសបានបន្ថែមថា ខ្លួននឹងប្រកាសពីព័ត៌មានលម្អិតអំពីរបៀបនៃការចែកចាយមូលនិធិដែលបានបរិច្ចាគពីបុគ្គលដែលត្រូវបានដាក់ទណ្ឌកម្ម ដើម្បីគាំទ្រដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញនៅពេលអនាគត។ រដ្ឋាភិបាលបានបញ្ជាក់ថា «នឹងមិនមានការបង្ខិតបង្ខំបុគ្គលដែលត្រូវបានដាក់ទណ្ឌកម្មណាមួយ ដើម្បីឱ្យពួកគេផ្ទេរមូលនិធិ ឬផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មណាមួយជាថ្នូរនឹងការបរិច្ចាគឡើយ»៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Reuters Britain to keep Russian assets frozen until Ukraine is compensated