គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ អនុម័តសមាសភាពសមាជិករដ្ឋសភាទាំងអស់
ថៃ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សមាជិកសភាដែលទើបជាប់ឆ្នោតថ្មីទាំង ៥០០ នាក់ ត្រូវបានអនុម័តជាផ្លូវការដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រទេសថៃបន្ទាប់ពីការបោះឆ្នោតជាតិរបស់ប្រទេសនេះ ត្រូវបានប្រព្រឹត្តិទៅកាលពីខែឧសភា កន្លងទៅ។
សមាជិកសភាចំនួន ៥០០ រូបទាំងនោះរួមមាន ៤០០ រូបជាសមាជិកតំណាងតាមមណ្ឌលបោះឆ្នោត និង១០០ រូបទៀតជាសមាជិកដែលមកពីគណបក្សនយោបាយ ដែលនេះគឺជាប្រព័ន្ធសភាតំណាងសមាមាត្រ ដែលបេក្ខជនជាច្រើនត្រូវបានជ្រើសរើសចេញពីបញ្ជីដែលរៀបចំដោយគណបក្សរៀងៗខ្លួន ដោយផ្អែកលើសំឡេងសរុបដែលគណបក្សបានទទួល។
យោងតាមលោក សាវ៉ែង ប៊ូនមី (Sawaeng Boonmee) អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោត ការអនុម័តនេះធ្វើឡើងមុនពេលស្ថាប័នរៀបចំការបោះឆ្នោតបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើបណ្តឹងពាក់ព័ន្ធផ្សេងៗ ដោយសារតែគណៈកម្មាធិការចង់ផ្តល់ឱកាសឱ្យភាគីទាំងអស់មានឱកាស និងពេលវេលាគ្រប់គ្រាន់ក្នុងការការពារខ្លួនតាមផ្លូវច្បាប់។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ៖ «ការស៊ើបអង្កេតត្រូវតែបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោត»។
លោក សាវ៉ែង បានពន្យល់ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅតែមានសិទ្ធិអំណាចបន្តការស៊ើបអង្កេតរបស់ខ្លួនបន្ទាប់ពីការអនុម័តជាផ្លូវការនេះរួច។ប្រសិនបើមានភ័ស្តុតាងគួរឱ្យជឿជាក់ថា មានការក្លែងបន្លំការបោះឆ្នោតពាក់ព័ន្ធនឹងសមាជិកសភាណាមួយនោះ ភាគីដើមបណ្ដឹងអាចស្នើសុំឱ្យតុលាការកំពូលដកហូតសិទ្ធិបោះឆ្នោតរបស់ពួកគេបាន។
គួរបញ្ជាក់ថា ប្រទេសថៃបានរៀបចំការបោះឆ្នោតថ្នាក់ជាតិរបស់ខ្លួននៅថ្ងៃទី១៤ ខែឧសភា ដោយលទ្ធផល គណបក្សឈានទៅមុខ (Move Forward Party) បានទទួលសំឡេងគាំទ្រច្រើនជាងគេ។ ក្រោមការដឹកនាំរបស់អនាគតនាយករដ្ឋមន្ត្រីថៃ លោក ភិថា លិមចារើនរ៉ាត់ (Pita Limjaroenrat) គណបក្សនេះទទួលបាន ១៥១ អាសនៈក្នុងសភា ហើយបានចងសម្ព័ន្ធមិត្តនយោបាយជាមួយគណបក្សចំនួន ៧ ផ្សេងទៀតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ក្នុងនោះរួមមាន គណបក្សភឿថៃ (Pheu Thai) គណបក្សប្រាក់ឆាឆាត (Prachachat) គណបក្សថៃសេរី (Thai Liberal Party) គណបក្សថៃសាងថៃ (Thai Sang Thai) គណបក្សយុត្តិធម៌ (Fair Party) គណបក្សកម្លាំងសង្គមថ្មី (Plung Sungkom Mai) និងគណបក្សភឿថៃរួមកម្លាំង (Pue Thai Rumphlang)។
រួមគ្នាទាំងអស់ ពួកគេមានអាសនៈ ៣១២ អាសនៈនៅក្នុងសភាតំណាងរាស្រ្តដែលមានអាសនៈសរុបចំនួន ៥០០ អាសនៈ។ ប៉ុន្តែដើម្បីអាចឱ្យលោក ភិថា ក្លាយជានាយករដ្ឋមន្ត្រីថៃនាថ្ងៃអនាគតបាន លោកត្រូវការសំឡេងគាំទ្រច្រើនជាងពាក់កណ្តាលនៃសំឡេងសភាសរុប ដែលមានចំនួន ៧៥០ អាសនៈ មានន័យថា យ៉ាងហោចណាស់ក៏លោកត្រូវការ ៣៧៦ សំឡេងនៅក្នុងរដ្ឋសភា ឬបូកទាំងព្រឹទ្ធសភាផងដែរ ទើបអាចបង្កើតរដ្ឋាភិបាលបាន។
រហូតមកទល់ពេលនេះ សមាជិកព្រឹទ្ធសភាជាច្រើនរូបនៅតែមិនទាន់សម្រេចចិត្តថាតើពួកគេនឹងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ភិថា នៅឡើយទេ ខណៈដែលអ្នកផ្សេងមួយចំនួនទៀតបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងបោះឆ្នោតប្រឆាំងនឹងលោក។
ម៉្យាងវិញទៀត បច្ចុប្បន្ននេះ លោក ភិថា ផ្ទាល់ក៏កំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសមួយពាក់ព័ន្ធនឹងភាគហ៊ុនចំនួន ៤២ ០០០ ហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយឈ្មោះថា ITV ដែលលោកបានអះអាងថា លោកគ្រាន់តែមានតួនាទីគ្រប់គ្រងហ៊ុននោះ ក្នុងនាមជាអ្នកទទួលមរតកពីឪពុកលោកដែលបានស្លាប់ទៅតែប៉ុណ្ណោះ។
លោកត្រូវបានគេចោទប្រកាន់ពីបទរំលោភរដ្ឋធម្មនុញ្ញ ដែលហាមបុគ្គលមិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភា ប្រសិនបើពួកគេជាម្ចាស់ភាគហ៊ុននៃសារព័ត៌មាន ឬអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយណាមួយ។ កាលពីសប្តាហ៍មុន គណបក្សឈានទៅមុខរបស់លោក បានលើកឡើងថា មានការប៉ុនប៉ងបង្អាក់ដំណើរមេដឹកនាំរបស់ខ្លួនមិនឱ្យឡើងកាន់ដំណែង និងបង្កើតរដ្ឋាភិបាលបាន៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia Thai Election Commission endorses all MP-elects