ស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មកររោងចក្រ

អត្ថបទដោយ៖
CPA

កណ្តាល៖នាថ្ងៃទី​១៩ ខែមិថុនា រដ្ឋបាលខេត្តកណ្តាល និងបណ្តាអ្នកពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត បានបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយច្បា​ប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មកររោងចក្រ ដើម្បីធានាសុវត្ថិភាពលើម​ធ្យោបាយធ្វើដំណើរ។ ​

យោងតាមរដ្ឋបាលខេត្តកណ្តាល​បាន​ឱ្យដឹងថា ខេត្ត និងស្ថាប័នពាក់ព័ន្ធ បាន​បង្កើតកម្មវិធីអប់រំផ្សព្វផ្សាយ​នេះឡើង ​ដោយសារមើលឃើញពី​​កំណើនមធ្យោបាយយានយន្ត ការនិយមប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនច្រើនជាងការប្រើប្រាស់ មធ្យោបាយដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវមិនទាន់បានត្រឹមត្រូវ លក្ខខណ្ឌបច្ចេកទេសយានយន្ត ការរំលោភដីចំណីផ្លូវ និងកត្តាផ្សេងៗទៀតជាដើម។

​​ក្នុងឱកាសនោះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានលើក​ថា ការ​អប់រំផ្សព្វផ្សាយពីចរាចរណ៍នេះ​​ ​ពិតជាមានសារៈសំខាន់ណាស់ចំពោះអ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត ដែលទ​ទួ​លបានការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន។​

​លោកបានថ្លែងថា ៖« សិក្ខាកាមទាំងអស់​​ត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពី ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនសំ​ដៅរួមគ្នា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះជាផ្នែកមួយដ៏សំខាន់ ដើម្បីឈា​នទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យ នៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំ​រុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន»។​

ថ្លែងក្នុងឱកាសនោះដែរ លោក ហេង សុផាណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម ​​បានយល់ឃើញដែរថា ជាការពិតណាស់ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ​ជាឃាតករលាក់មុខដែលធ្វើឱ្យមនុស្ស ស្លាប់ របួស និងពិការ ដែលបានបន្សល់ទុកនូវសោកនាដកម្មដ៏ធំធេង ដែលជាផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។​

​លោកក៏បាន​លើកឡើងដែរថា ប.ស.ស បានចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍នេះ​តាមរោងចក្រ សហគ្រាស ​មួយចំនួនធំដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម​ពីសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវឱ្យយល់ដឹងកាន់តែច្បាស់​ពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ​ដើម្បី​ឱ្យអ្នកបើកបររថយន្ដដឹកកម្មករ និង​កម្មករនិយោជិត​​បើកបរដោយប្រុងប្រយ័ត្នជានិច្ច និងមានការទទួលខុសត្រូវចំពោះមុខច្បាប់ និង​ខ្លួនឯង។​​

លោក ហេង សុផាណារិទ្ធ បានថ្លែងថា ​៖ «ខ្ញុំសូម​លើកទឹកចិត្ត និង​ជំរុញដល់គ្រប់ក្រសួង ស្ថាប័ន ឬផ្នែកពាក់ព័ន្ធ ត្រូវសហការលើសកម្មភាពទាំងឡាយពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយ​ពីចរាចរណ៍ ដើម្បី​រួមចំណែ​កក្នុងការជួយប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះមហន្តរាយដ៏សាហាវនៃឃាតករលាក់មុខរបស់សង្គមជាតិយើង»។

ជុំវិញរឿងនេះដែរថា លោក គង់ សុវណ្ណ ស្ថាបនិក និង​ជាទី​ប្រឹក្សា​យុទ្ធ​​សាស្ត្ររបស់​អង្គការ​ខេ​ម​សេ​ហ្វ  នៅថ្ងៃទី​២០ ខែមិថុនា​ បាន​បង្ហាញការគាំទ្រចំពោះសកម្មភាពអប់រំផ្សព្វផ្សាយដល់អ្នកបើកបរយានយន្តដឹកកម្មកររោងចក្រនេះ​ផងដែរ​។

លោក​បាន​ឱ្យដឹងថា ៖ «គ្រោះ​ថ្នាក់ចរាចរណ៍មិនត្រឹមតែបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនដែរ​ ហើយយើង​នៅតែ​ជំរុញ​ឱ្យ​គ្រប់គ្នា​មាន​ឆន្ទៈ​រួ​មគ្នា នៅក្នុង​ការចូលរួម​អនុវត្ត​ច្បាប់​ច​រា​ចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា ពិសេស​បង្កើន​ការអប់រំផ្ស​​ព្វ​ផ្សាយ​បន្ថែម​ពី​របៀប​ប្រើ​ប្រាស់​ផ្លូវថ្នល់ និង​យុទ្ធនា​ការបង្កើន​ការ​រឹត​បន្តឹង​ច្បាប់​នៅ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់»​។​​​

​យោងតាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត​ បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោក បានកើតឡើងលើកម្មករនិយោជិតចំនួន ៦៣៦ករណី ដែលមាន​ជនរងគ្រោះចំនួន ៦៩៦នាក់ ក្នុងនោះបណ្តាលឱ្យ​ស្លាប់ចំនួន ១៧នាក់ របួសធ្ងន់ ចំនួន ២០០នាក់ និងរបួសស្រាលចំនួន៤៧៩នាក់។

ប្រភពដដែល​បានបន្តថា បើប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍នេះ បាន​កើន៧២ភាគរយ ជនរងគ្រោះកើន ៧៣ភាគរយ ស្លាប់កើន ២១ភាគរយ របួសធ្ងន់កើន៦៨ភាគរយ និង​ចំនួន​អ្នក​របួសស្រាលកើន៧៨ភាគរយ៕ ដោយ៖បូ ពេជ្រហ្សាលីន

ads banner