ជប៉ុនកំពុងពិចារណានាំចេញម៉ាស៊ីនយន្តហោះ F-15 ចូលនិវត្តន៍ទៅកាន់ប្រទេសឥណ្ឌូនេស៊ី
តូក្យូ៖ ប្រទេសជប៉ុនត្រូវបានគេរាយការណ៍ថា កំពុងថ្លឹងថ្លែងការកែប្រែគោលការណ៍របស់ខ្លួន លើការនាំចេញសម្ភារៈការពារជាតិ ខណៈទីក្រុងតូក្យូកំពុងពិចារណាផ្តល់ម៉ាស៊ីនយន្តហោះចម្បាំង F-15 ដែលចូលនិវត្តន៍ទៅឱ្យឥណ្ឌូនេស៊ី។

ទីភ្នាក់ងារសារព័ត៌មាន Jiji នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនកំពុងពិចារណាផ្តល់ម៉ាស៊ីនយន្តហោះចម្បាំង F-15 ដែលចូលនិវត្តន៍ទៅឱ្យប្រទេសឥណ្ឌូនេស៊ី ខណៈដែលទីក្រុងតូក្យូកំពុងថ្លឹងថ្លែងការកែប្រែគោលការណ៍របស់ខ្លួន លើការនាំចេញសម្ភារៈការពារជាតិ។

ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា នឹងជំរុញឱ្យមានការពិភាក្សាលើការបន្ធូរបន្ថយច្បាប់ស្តីពីការនាំចេញអាវុធ ដែលបច្ចុប្បន្នមិនអនុញ្ញាតឱ្យមានការផ្ទេរម៉ាស៊ីនយន្តហោះចម្បាំង F-15 នោះទេ នេះបើយោងតាមរបាយការណ៍ដែលដកស្រង់ប្រភពពីរដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនមានច្បាប់នាំចេញអាវុធយ៉ាងតឹងរ៉ឹង ដែលរារាំងការផ្ទេរឧបករណ៍ និងអាវុធដ៏សាហាវ រួមទាំងយន្តហោះចម្បាំងផងដែរ។ យ៉ាងណាមិញ គណបក្សដែលកំពុងកាន់អំណាចក្នុងប្រទេសជប៉ុន កំពុងពិភាក្សាអំពីលទ្ធភាពកែប្រែគោលនយោបាយរបស់រដ្ឋាភិបាល លើការនាំចេញអាវុធ៕

ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា