សម្ដេចតេជោ៖ សៀវភៅប្រវត្តិសាស្ដ្រកម្ពុជា ដែលសម្ដេចចងក្រងនោះ គឺប្រមាណជា ១០ឆ្នាំទៀត ទើបអនុញ្ញាតឲ្យបញ្ចេញ ព្រោះរឿងរ៉ាវក្នុងសៀវភៅនេះ មានភាពស៊ាំញ៉ាំចាក់ស្រេះណាស់
ភ្នំពេញ៖ ក្នុងពិធីរំលឹកដល់ថ្ងៃនៃដំណើរចេញតស៊ូ កាលពី៤៦ឆ្នាំមុន នៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន បានបញ្ជាក់ថា សៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជាសម្រង់ប្រសាសន៍របស់សម្ដេចជាង ៤០ម៉ោងនោះ គឺប្រមាណជា ១០ឆ្នាំទៀត ទើបអនុញ្ញាតឲ្យបញ្ចេញនិងបោះពុម្ពផ្សាយជាផ្លូវការ ពីព្រោះរឿងរ៉ាវនៅក្នុងសៀវភៅនេះមានភាពស៊ាំញ៉ាំចាក់ស្រេះណាស់ ។

សម្ដេចតេជោ បញ្ជាក់ថា ខ្ញុំបាននិយាយវា ចាប់ពីឆ្នាំ១៩៧៧ រហូតមកដល់ឆ្នាំ២០០៥ ដែលរាប់បញ្ចូលទាំងបញ្ហាធម្មនុញ្ញបន្ថែម បោះឆ្នោតជាកញ្ចប់ តើមានរឿងអីកើតឡើង ដូច្នេះវាមិនទាន់ដល់ពេលវេលា ដែលត្រូវផ្សព្វផ្សាយនូវសៀវភៅនេះទេ ។

សម្ដេច បន្តថា តែយ៉ាងណាក៏ដោយ សម្ដេចបានបញ្ជូនសៀវភៅ ព្រាងជា PDF ជូនសម្ដេច ទៀ បាញ់ មួយច្បាប់, សម្ដេច ម៉ែន សំអន មួយច្បាប់, លោក ណឹម សុវត្ថិ មួយច្បាប់ និងលោក កែវ បាភ្នំ មួយច្បាប់។ ប៉ុន្ដែសម្ដេច មិនទាន់អនុញ្ញាតឲ្យមានការផ្សព្វផ្សាយនៅសៀវភៅនេះឡើយ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ