កម្ពុជា ប្រមូលផលនេសាទទឹកសាប ទឹកប្រៃ និងវារីវប្បកម្ម បានជាង៣១ម៉ឺនតោន ក្នុងរយៈពេល៥ខែឆ្នាំនេះ

ភ្នំពេញ៖ របាយការណ៍ពីរដ្ឋបាលជលផល​បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ ​គឺចាប់ពីខែមករា ដល់ឧសភា ឆ្នាំ២០២៣​ កម្ពុជា​ប្រ​មូលផ​លនេសាទទឹកសាប ទឹកប្រៃ និងវារីវប្បកម្ម បានចំនួនជាង ៣១ ម៉ឺនតោន ។ក្នុងនោះ ផលនេសាទទឹកសាប អនុវត្តបានចំ​នួន ១០៤ ៤៤០តោន ,ទឹកប្រៃ ៦៦ ៤០០តោន និងផលវារីវប្បកម្ម ចំនួន ១៤៥ ៣០០តោន។

របាយការណ៍ដដែលបានបង្ហាញទៀតថា រដ្ឋបាលជលផល បានអនុវត្តការងារជាច្រើនទាក់ទងនឹង ការអភិវឌ្ឍវារីវប្បកម្ម ,ការប្រើ​ប្រាស់បច្ចេកវិទ្យាកែច្នៃ និងគុណភាពជលផល, ការអភិរក្សជលផល ,ការអភិវឌ្ឍសហគមន៍នេសាទ,ការស្រាវជ្រាវនិងអ​ភិវឌ្ឍជលផលទឹកសាប,ការស្រាវជ្រាវនិងអភិវឌ្ឍជលផលសមុទ្រ និងការផលិតកូនត្រីពូជជាដើម។

ពាក់ព័ន្ធនឹងទិន្នផលនសាទេនេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ក្នុងពិធីបើកសន្និបាតសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី កាលពីថ្ងៃទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៣ បាន​ណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ពិនិត្យលើបញ្ហាប្រឈមជាក់ស្តែង​ និង​រួមគ្នារកវិធីដោះស្រាយ ដើម្បីការពារធនធាននេសាទឱ្យបានប្រសើរ​​ តាមរយៈការចូលរួមទប់ស្កាត់បទល្មើសនេសាទ​ខុសច្បាប់​ និងតម្រង់ទិសជនខិលខូចឱ្យប្រព្រឹត្តិត្រូវវិញ។

លោក​ក៏​បានលើកទឹកចិត្តដល់សហគមន៍ឱ្យមានភាពម្ចាស់ការ ធ្វើការងារនេះដោយបេះដូងដើម្បីប្រយោជន៍រួមគ្នាតែមួយទាំងប្រ​ជាជនសហគមន៍និងធនធានធម្មជាតិ ដែល​ទាក់ទងនឹងការងារនេះ គឺចាំបាច់ត្រូវពង្រឹងសមត្ថភាព ផ្តល់ចំណេះដឹងដល់ស​ហ​គ​មន៍ឱ្យយល់ពីបច្ចេកទេស និងបទដ្ឋានច្បាប់ឱ្យបានច្បាស់លាស់ ព្រមទាំងតុល្យភាពនៃការអភិរក្សនិងអភិវឌ្ឍធនធានជលផល។ ​

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ដូច្នេះថា ៖ «ការកំណត់ដែននេសាទ គឺត្រូវយកចិត្តទុកដាក់​គិតគូរឱ្យមានលក្ខណៈវិទ្យាសាស្ត្រ សេដ្ឋកិច្ច និងនិរន្តរភាពពិតប្រាកដ ដើម្បីបង្កើនបរិមាណភោគផលនេសាទ ភាគីពាក់ព័ន្ធទាំងអស់ ទាំងសហគមន៍នេសាទ ម​ន្រ្តីរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន រួមគ្នាទប់ស្កាត់បទល្មើសនេសាទឱ្យបានម៉ឺងម៉ាត់»។

លោក ឡែមផូរ វរិទ្ធិ មន្រ្តីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ​ថា ការធ្វើវារីវប្បកម្ម មានការធ្លាក់ចុះច្រើន នៅដើមឆ្នាំនេះ ដោយសារចំនួនអ្នកចិញ្ចឹមក៏ធ្លាក់ចុះ និងចំនួននៃការលក់កូនត្រីរ​បស់​អ្នកចែកចាយកូនត្រី ក៏បានធ្លាក់ចុះពីមួយលានកូន​មកនៅត្រឹម៣០ទៅ៤០ម៉ឺនកូន។

ចំពោះមូលហេតុ ដែលការចិញ្ចឹមរបស់វារីវប្បកម្មបានធ្លាក់ចុះ ត្រូវបាន លោក ឡែមផូរ វរិទ្ធិបញ្ជាក់ប្រាប់បានបន្ថែមថា ៖ «ការចិញ្ចឹមមិនសូវចំណេញ ទើបវារីវប្បករបោះបង់ការចិញ្ចឹម។ បោះបង់ការចិញ្ចឹមព្រោះតែ ចំណី និងធាតុចូលផ្សេងៗ មានឡើងថ្លៃ ទើបមានវា​រីវប្បករខ្លះផ្អាកចិញ្ចឹម និងខ្លះទៀតកាត់បន្ថយការចិញ្ចឹម»។

លោកបានបន្តថា ៖ «តម្លៃត្រីលើទីផ្សារនាពេលបច្ចុប្បន្ននេះ មានការចុះថ្លៃ ​ដោយសាររដូវនេះ​មានត្រីស្រែច្រើន និង​មានការនាំចូលត្រីពីក្រៅមកច្រើនដែរ ដែល​សមាគមមានកង្វល់ចំពោះបញ្ហានេះ ព្រោះការផ្អាកចិញ្ចឹម និង​កាត់បន្ថយការចិញ្ចឹមរបស់វារីវប្បករ អាចនឹងធ្វើឱ្យកង្វះការផ្គត់ផ្គង់ត្រីសម្រាប់ដើមឆ្នាំក្រោយ»។

លោក ឡែមផូរ វរិទ្ធិ បាន​​បន្ថែមថា កន្លងទៅសមាគម តែងតែធ្វើការណែនាំដល់វារីវប្បករ ពីបច្ចេកទេសចិញ្ចឹមថ្មីៗ ដែលអាចកា​ត់បន្ថយថ្លៃដើម ដូចជាការកាត់បន្ថយចំណី និងកូនត្រីជាដើម ប៉ុន្តែមានកសិករ និងវារីវប្បករ មិនច្រើនទេ​ ដែលអនុវត្តតាមការណែ​នាំ ដោយពួកគាត់យល់ថា វាមិនសូវបានផល។

យោង​តាមរបាយការណ៍​ពីរដ្ឋបាលជលផល កាលពីឆ្នាំ២០២២ ស្ថិតិផលនេសាទ និងផលវារីវប្បកម្ម អនុវត្តបានចំនួន ៨៦២ ២០០ តោន កើន ៥ ៨០០ តោន ក្នុងនោះមាន ផលនេសាទទឹកសាប ៤០៦ ៤០០តោន កើន ២៣ ៣៥០ តោន, ផលនេសាទសមុទ្រ ១២៥ ២០០តោន កើន​២០០តោន ខណៈដែលផលវារីវប្បកម្ម ៣៣០ ៦០០តោន ថយ​១៧ ៧៥០តោន។

ប្រភពដដែលថា ដោយឡែកការនាំចេញ​​ ផលិតផលជលផលមានចំនួន​ ២ ៩៤៣ តោន, ការនាំចូល​ ផលិតផលជលផលមានចំនួន ៥៧ ៨២៦តោន និងការនាំឆ្លងកាត់​ ផលិតផលជលផលមានចំនួន ៥ ២១៦តោន៕

ដោយ៖វណ្ណ សុជាតា

ads banner