ឯកឧត្តម លី ធុជ៖ បើគ្មានសម្តេចតេជោចំនួនជនរងគ្រោះថ្នាក់ដោយមីននៅទូទាំងប្រទេសនឹងកើនឡើង ហើយការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម នឹងជួបបញ្ហាប្រឈម

អត្ថបទដោយ៖
CPA

កោះកុង៖ ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC)នាខេត្តកោះកុងឯកឧត្តម លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងថា តំបន់ប្រវត្តិសាស្រ្តសម្តេចពិជ័យសេនា ទៀ បាញ់ ឃុំជ្រោយប្រស់ ត្រូវបានបញ្ចប់ការងារបោសសម្អាតមីនគាំទ្រដោយ «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥»។

ក្នុងពិធីដែលរៀបចំឡើងនាថ្ងៃទី២០ ខែមិថុនា ឯកឧត្តម លី ធុជ ក៏បានឱ្យដឹងដែរថា កងកម្លាំងបោសសម្អាតមីនដែលកំពុងប្រតិបត្តិការបោសសសម្អាតមីននៅខេត្តកោះកុងសម្រាប់ឆ្នាំ២០២៣នេះ ធ្វើលើទំហំផ្ទៃដីមានមីនសរុបចំនួន ៣,០២៩.៨១៩ ម៉ែត្រក្រឡា ស្មើនឹង ៣៧ ចម្ការមីន ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ។

សូមបញ្ជាក់ដែរថា លទ្ធផលនៃការងារបោសសម្អាតមីននេះ តំបន់ប្រវត្តិសាស្រ្តសម្តេចពិជ័យសេនា ទៀ បាញ់ ឃុំជ្រោយប្រស់ ស្រុកកោះកុង និងស្រុកគិរីសាគរទាំងមូល ត្រូវបានបញ្ចប់ការងារបោសសម្អាតមីន ដោយរកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៣៨គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៨៣ គ្រាប់។

បើតាមឯកឧត្តម លី ធុជ បញ្ជាក់ថាគិតត្រឹមខែមិថុនាឆ្នាំ២០២៣ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅខេត្តកោះកុង ចំនួន ២១ ១៨៨.៦២០ ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ២ ៤៧៦ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១៤ គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម ១៤ ១៦៣ គ្រាប់ ព្រមទាំងមានចំនួនជនរងគ្រោះដោយសារមីន និងគ្រាប់សរុបចំនួន ៩៩៨ នាក់ ក្នុងនោះដោយសារមីន ៧៩០ នាក់។

ឯកឧត្តម លី ធុជ មានប្រសាសន៍ថា៖ «សមិទ្ធផលទាំងនេះក្នុងខេត្តកោះកុង បានកើតចេញពីការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិពីសង្រ្គាមនៅកម្ពុជា។ បើគ្មានសម្តេចតេជោទេ ចំនួនជនរងគ្រោះថ្នាក់ដោយមីន និងគ្រាប់នៅខេត្តកោះកុង ក៏ដូចជានៅទូទាំងប្រទេស នឹងបន្តកើនឡើង ហើយការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម នឹងជួបបញ្ហាប្រឈម»។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុងបានឱ្យដឹងផងដែរ នៅថ្ងៃទី២០ ខែមិថុនា ថា ជាការពិតណាស់ ខេត្ដកោះកុង ក៏ដូចជាបណ្ដាខេត្ដមួយចំនួននៅប៉ែកនិរតី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ជាតំបន់សមរភូមិ ដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរនៃសង្គ្រាម ដែលបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីននៅក្រោមដីជាច្រើន។

តាមរយៈរដ្ឋបាលខេត្តកោះកុង លោក ស្រេង ហុង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល សប្បុរសជននានា ថ្នាក់ដឹកនាំអាជ្ញាធរមីន ក៏ដូចជាកម្លាំងប្រតិបត្ដិករបោសសម្អាតមីនទាំងអស់ ដែលតែងតែ យកចិត្តទុកដាក់ និងចាត់ទុកខេត្ដកោះកុង ជាខេត្ដអាទិភាព សម្រាប់ការដាក់ពង្រាយកម្លាំងប្រតិបត្ដិករ ធ្វើការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកមានប្រសាសន៍ថា ៖ «ការបោសសម្អាតមីនក្នុងខេត្តកោះកុងនេះ ជាសញ្ញាវិជ្ជមានមួយទៀត លើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសក្ដានុពលរបស់ខេត្ដ ដែលទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្ត អ្នកវិនិយោគមកបណ្ដាក់ទុនបង្កើតរោងចក្រ សហគ្រាស ជាបន្ដបន្ទាប់ដែលធ្វើឱ្យសេដ្ឋកិច្ចខេត្ដកោះកុង នឹងបន្តមានកំណើនបន្ថែមទៀត ជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង»៕ ដោយ៖ នាង សុគន្ធា

ads banner