ប.ស.ស៖ កម្មវិធីសមាហរណកម្មសង្គមបានជួយដល់ជនរងគ្រោះដែលជាសមាជិកប.ស.សបានទាន់ពេលវេលា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)ថា ការបង្កើតនូវកម្មវិធីសមាហរណកម្មសង្គម ជាការពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាស្តារនីតិសម្បទា និងជាការត្រៀមខ្លួនសម្រាប់ជួយដល់ជនរងគ្រោះឬជនពិការដែលជាស មាជិក ប.ស.សឱ្យបានទាន់ពេលវេលា។

លោក ប៉ែន នរៈវុធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គមនាថ្ងៃទី២០ ខែមិថុនា បានដឹកនាំកិច្ចប្រជុំមួយស្ដីពីការពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាស្តារនីតិសម្បទា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានស្តារនីតិសម្បទា។

លោកបានថ្លែងក្នុងកិច្ចប្រជុំថា ការផ្តល់សេវាស្តារនីតិសម្បទាឱ្យទាន់ពេលវេលានេះ ស្របទៅនឹងតម្រូវការជាក់ស្ដែងរបស់ជនរងគ្រោះ ឬជនពិការ ដែលជាសមាជិក ប.ស.ស ទាមទារឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនទាំងផ្នែកចំណេះដឹងផ្នែកស្មារតី និងផ្លូវចិត្តឱ្យបានគ្រប់គ្រាន់។

តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម លោក ប៉ែន នរៈវុធ បានបន្តថា ការពង្រឹងនេះ ដើម្បីសម្របខ្លួនឱ្យស្របទៅនឹងស្ថានភាពរបស់ជនរងគ្រោះ ដើម្បីងាយស្រួលគ្រប់គ្រង និងសម្របសម្រួលផ្តល់សេវាស្តារនីតិសម្បទាបានឆាប់រហ័ស ទាន់ពេលវេលាចំគោលដៅ ប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។

លោក ប៉ែន នរៈវុធ លើកឡើងថា ៖ «ដើម្បីចូលរួមលើកកម្ពស់សេវាស្ដារនីតិសម្បទាប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ប.ស.ស ក៏បានបង្កើតនូវកម្មវិធីសមាហរណកម្មសង្គម ដែលរៀបចំឡើងដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្ដល់កម្លាំងចិត្ត ដល់សមាជិក ប.ស.ស ដែលទទួលរងហានិភ័យការងាររហូតដល់បាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ ឬពិការភាពឱ្យមានអារម្មណ៍រីករាយកុំឱ្យមានអារម្មណ៍អៀនខ្មាស់ចំពោះពិការភាពរបស់ខ្លួន»។

មន្រ្តីដដែលបានបន្តទៀតថា ៖ «ជាពិសេសអាចពង្រឹងការផ្ដល់សេវាស្ដារនីតិសម្បទា ឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយបាននូវកម្រិតពិការភាព ឬទប់ស្កាត់មិនឱ្យមានពិការភាព លើកកម្ពស់គុណភាពជីវិត និងរួមចំណែកកាត់បន្ថយភាពក្រីក្រសម្រាប់បងប្អូនកម្មករនិយោជិតដែលទទួលរងហានិភ័យការងារ គ្រោះថ្នាក់ ឬជំងឺផ្សេងៗ»។

យោងតាមរបាយការណ៍របស់នាយកដ្ឋានស្ដារនីតិសម្បទាបានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ សមាជិក ប.ស.ស ដែលទទួលបានការស្ដារនិតីសម្បទាមានចំនួន ៤៤២នាក់ គិតជាករណីមានចំនួន ៦៨៩ករណី។

របាយការណ៍បន្តថា ក្នុងនោះ ប.ស.ស ផ្តល់សេវាស្តារនីតិសម្បទាតាមរយៈការជួសជុល ឬការផ្តល់អវយវៈសិប្បនិម្មិតថ្មី រណប ឬឧបករណ៍ជំនួយ ការហ្វឹកហាត់កាយសម្បទាឡើងវិញ ការព្យាបាលដោយចលនា ផ្នែកវេជ្ជសាស្រ្តផ្សេងៗចំនួន ៥៧៧ករណី, ផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៤៣ករណី, សម្របសម្រួលឱ្យមានការងារធ្វើចំនួន ១ករណី និងផ្តល់សេវាផ្នែកសង្គមតាមរយៈការអប់រំផ្នែកចិត្តសាស្រ្តមានចំនួន ៦៨ករណី៕ ដោយ៖ ជា សុខនី

ads banner