កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២,១៦លាននាក់ មកទស្សនាកម្ពុជាក្នុងរយៈពេលប្រាំខែដើមឆ្នាំនេះ
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា សម្រាប់រយៈពេលប្រាំខែ ពោលគឺចាប់ពីខែមករា ដល់ឧសភា ដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិជាង ២,១៦លាននាក់ ដែលបានមកទស្សនាកម្ពុជាក្នុងអត្រាកំណើន ៥៣០ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ។ឯកឧត្តមរំពឹងថាភ្ញៀវអន្តរជាតិនឹងកើនដល់ ៤.៥ លាននាក់មកទស្សនាកម្ពុជាពេញមួយឆ្នាំ២០២៣នេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងពិធីពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ឆមាសទី២ ឆ្នាំ២០២២, ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ពេញមួយឆ្នាំ២០២៣នេះយើងរំពឹងថានឹងទទួលទេសចរអន្តរជាតិប្រមាណ៤,៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់ ដែលប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវ។

ឯកឧត្តមបានបន្ថែមថា ឆ្នាំ២០២៣ នេះ គឺជាឆ្នាំដ៏វិសេសមួយសម្រាប់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ក្នុងការរៀបចំជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ដែលបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យជាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់។ព្រឹត្តិការណ៍នេះពិតជាបានចូលរួមយ៉ាងសំខាន់ដល់ការពង្រឹងកិត្យានុភាពរបស់កម្ពុជាក្នុងនាមជា ប្រទេសតូច បេះដូងធំទូលាយ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងជំរុញរំហូរភ្ញៀវទេសចរ នៅក្នុងស្រុក និងពីអន្តរជាតិបន្ថែមទៀត។ យើងសង្ឃឹមថាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងជួយជំរុញដល់ការផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលមធ្យម និងវែង។
តាមរយៈការធ្វើបទបង្ហាញរបស់ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍បានបង្ហាញផងដែរថា វិបត្តិកូវីដ១៩ បានជះឥទ្ធិលខ្លាំងមកលើវិស័យទេសចរ ទាក់ទងសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។ ហេតុដូច្នេះ ទើបក្រសួងបានសិក្សាលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលអង្កេតតាមដានស្ថានភាពទេសចរណ៍កម្ពុជា, ការពង្រឹងការសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យទេសចរណ៍ និងការរៀបចំសូចនាករ ចុះអង្កេត តាមដាន និងវាយតម្លៃពីការអនុវត្តគោលនយោបាយជាតិទេសចរណ៍។
ឯកឧត្តមបានលើកឡើងថា វិធានការដែលបានបញ្ចប់ក្នុងឆ្នាំ២០២២ និងឆមាសទី១ ក្នុងឆ្នាំ២០២៣ រួមមាន ការលើកលែងបង់ពន្ធប្រចាំខែគ្រប់ប្រភេទ,បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិតពិន័យសម្រាប់ឆ្នាំ២០២២, ការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ផងដែរ»។
ដោយឡែកចំពោះវិធានការ ដែលបាននិងកំពុងអនុវត្តវិញ ឯកឧត្តម ទិត ចន្ថា បានបន្ថែមថា បន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍,រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញ លទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទានពីគម្រោងមូលនិធិអភិវឌ្ឍជំនាញ, បន្តអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនវិស័យទេសចរណ៍,អនុវត្តកម្មវិធីធានាឥណទាន និងការផ្តល់ប្រាក់កម្ចីដល់អាជីវកម្មទេសចរណ៍៣៤៧ទីតាំង ស្មើនឹងទឹកប្រាក់ជាង៥៣,៥៥លានដុល្លារ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគនទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ ខែមិថុនាដែរថា ក្រសួងទេសចរណ៍បានខិតខំប្រែងរៀបចំផែនការ និងគោលនយោបាយជាបន្តបន្ទាប់ ក្នុងអភិវឌ្ឍន៍ និងជំរុញកំណើនទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ជាក់ស្តែង ថ្មីៗនេះ ក្រសួង រួមនឹងវិស័យឯកនជន ក៏កំពុងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ មួយទៀតផងដែរ។
លោកស្រីមានប្រសាសន៍ថា យើងរំពឹងថា ផែនការនឹងទទួលបានការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ប្រដោយគុណភាព និរន្តរភាព និងការទទួលខុសត្រូវនិងបរិយាបន្នហើយក៏រំពឹងដែរថា កម្ពុជានឹងក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញកម្រិតតំបន់ និងសកលលោក ព្រមទាំងមានការប្រកួតប្រជែងខ្ពស់ប្រកបដោយភាពរឹងមាំ ព្រោះថាយើងមានផែនការនេះ ដែលជាគ្រឹះរបស់យើង។
យោងក្រសួងទេសចរណ៍ នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ២,២ លាននាក់ កើនឡើងក្នុងអត្រា ១ ០៥៩ ភាគរយ ធៀបនឹងឆ្នាំ២០២១ និងភ្ញៀវទេសចរជាតិ បានកើនឡើងលឿន និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ១៩ ដោយមានចំនួនប្រមាណ ១៣,៩ លាននាក់ កើនឡើងក្នុងអត្រា ១៩៩ ភាគរយ ធៀបនឹងឆ្នាំ២០២១៕ ដោយ៖ វណ្ណ សុជាតា