មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បន្តក្រើនរំលឹកដល់ពលរដ្ឋពីវិធានការត្រៀមបង្ការ និងបន្ធូរបន្ថយផលប៉ះពាល់ ដោយសារកូនរដូវប្រាំង នាពេលខាងមុខនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម យ៉ងសាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមជាអ្នកមានជំនាញផ្នែកកសិកម្ម បានធ្វើការក្រើនរំលឹកដល់ប្រជាកសិករ ក្នុងការត្រៀមបង្ការ និងបន្ធូរបន្ថយផលប៉ះពាល់នៃកូនរដូវប្រាំង ដែលតាមការព្យារកណ៍ពីក្រសួងធនធានទឹក និងឧតុនិយម កូនរដូវនេះអាចនឹងកើតឡើង និងអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា ឆ្នាំ២០២៣នេះ។

បណ្ឌិត យ៉ងសាំង កុមារ បានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី២១ ខែមិថុនាថា ៖«ខ្ញុំសូមចូលរួមរំឮកនូវវិធានការមួយចំនួនសម្រាប់ជួយដល់កសិករដើម្បីត្រៀមបង្ការ និងបន្ធូរបន្ថយផលប៉ះពាល់ពីភាពរាំងស្ងួតឬកូនរដូវប្រាំង ដោយត្រូវបង្កើនការសន្សំទឹកភ្លៀង នាដើមរដូវវស្សា ដោយស្តារ រក្សាទឹកតាមប្រឡាយ និងស្រះ»។

ទន្ទឹមគ្នានោះ លោកក៏បានបន្តក្រើនរម្លឹកទៅដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការសន្សំទឹកភ្លៀងតាមពាងទឹក ឬអាងទឹកតាមគ្រួសារផងដែរ។

ឯកឧត្តមបានថ្លែងថា ៖ «ប្រជាកសិករគួរពន្យារពេលធ្វើស្រែដោយរង់ចាំដល់ផុតកូនរដូវប្រាំង តែត្រូវត្រៀមខ្លួនឱ្យបានទាន់ពេលដូចជា ត្រៀមជីធម្មជាតិ ត្រៀមពូជ ពង្រាបដី លើកភ្លឺឲ្យបានល្អ បើមិនមានប្រភពទឹកសម្រាប់ស្រោចស្រពបន្ថែម និងប្រើជីធម្មជាតិទ្រាប់បាតឲ្យបានច្រើនដែលអាចជួយដល់ការរក្សាសំណើមក្នុងដីបានយូរ»។

ការអនុវត្តវិធានការទាំងនេះ ថ្វីត្បិតតែមិនអាចជួយទាំងស្រុងចំពោះផលប៉ះពាល់ដោយសារតែបញ្ហាអាកាសធាតុក៏ដោយ ប៉ុន្តែយ៉ាងហោច ក៏អាចជួយកាត់បន្ថយផលប៉ះពាល់បានមួយផ្នែកផងដែរ ព្រោះថាបញ្ហាកូនរដូវប្រាំងនេះ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេ។ នេះជាការបញ្ជាក់បន្ថែមពីឯកឧត្តម យ៉ង សាំងកុមារ។

ចំណែក លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា មិនទាន់សន្និដ្ឋានបានថាយ៉ាងណាទេ ព្រោះមិនដឹងថារយៈពេលយូរប៉ុណ្ណា តំបន់ណាខ្លះត្រូវប៉ះពាល់ ហើយត្រូវរងចាំក្រោយការធ្វើការវាយតំលៃសិន។ ម្យ៉ាងវិញទៀត ស្ថានភាពតំបន់ដាំដុះមានភាពខុសៗគ្នា។

លោក លន់ យ៉េង បានបញ្ជាក់ថា ៖ «ការព្យាករណ៍ នោះគ្រាន់តែស្មានថា អាចនឹងមាន តែមិនបានបញ្ជាក់តំបន់ណា និងមានទំហំប៉ុណ្ណានោះទេ។ គ្រាន់តែតំបន់មួយចំនួនមានធារាសាស្រ្ត ហើយតំបន់ខ្លះទឹកទន្លេចូលដល់ វាមិនមានបញ្ហាឡើយ។ ដូចនេះ យើងត្រូវរងចាំមើលការវាយតម្លៃជាមុនសិន»។

ស្របគ្នានេះដែរ លោក យ៉ង ប៉ាក់ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាហ្គ្រីប៊ី Agribee (Cambodia) Plc បានឱ្យដឹងដែរថា តាមបទពិសោធរបស់លោក សង្កេតឃើញថា កូនរដូវនេះ មិនមានផលប៉ះពាល់ធ្ងន់នោះទេ ដោយសារតែស្រូវមិនប្រកាន់រដូវ បានដាំដុះតាំងពីខែមេសាមកម៉្លេះ។ ដូចនេះទម្រាំដល់ខែកក្កដា ជាពេលវេលាចាប់ផ្តើមច្រូតកាត់ហើយ ខណៈដែលស្រូវវស្សា បានចាប់ផ្តើមតាំងពីខែឧសភា មក។

លោកបានបញ្ជាក់ដូច្នេះថា ៖ «កូនរដូវប្រាំង កើតឡើងក្នុងរយៈពេលខ្លីដែរ ដែលនឹងមិនសូវបង្កផលប៉ះពាល់ខ្លាំងនោះទេ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភ គឺបញ្ហាទឹកជំនន់ទៅវិញទេ ដែលវាអាចនឹងធ្វើឱ្យដំណំាស្រូវខូចខាតធ្ងន់ធ្ងរ។ វាមិនមែនជារឿងថ្មីទេ ដោយសារតែរដ្ឋាភិបាលធ្វើបានច្រើនហើយលើបញ្ហានេះ ដូចជាការពង្រីកប្រព័ន្ធស្តុកទឹកទុកក៏បានច្រើន ដូចនេះ មិនមានបញ្ហាចោទខ្លាំងប៉ុន្មានទេ»។

យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករ បានឲ្យដឹងថា ក្នុងរយៈពេលប្រាំខែដើម ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញស្រូវចំនួន ២ ១៤២ ៤៨៣ តោន និងអង្ករចំនួន ២៧៨ ១៨៤តោន ដោយគិតជាទឹកប្រាក់សរុបមានចំនួន ៧៣៦,៩០លានដុល្លារ។

ប្រភពដដែលថា ការនាំអង្ករបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ បានបរិមាណអង្ករសរុបចំនួន ២៧៨ ១៨៤ តោន គិតជាទឹកប្រាក់ចំនួន ១៩១,៦៤ លានដុល្លារ និងស្រូវចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១,៣៧ លានតោនអង្ករ) ទៅកាន់ប្រទេសវៀតណាម គិតជាទឹកប្រាក់ប្រមាណ៥៤៥,២៦ លានដុល្លារ។

ក្នុងនោះការនាំចេញនេះអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣,៤៩ ភាគរយ, អង្ករសចំនួន ១០,៨៧ ភាគរយ, អង្ករចំហុយ៣,៧១ ភាគរយ និងអង្ករសរីរាង្គចំនួន ១,៩៣ ភាគរយ៕ ដោយ៖ វណ្ណ សុជាតា

ads banner