ភ្នាក់ងារចៃកា បន្តគាំទ្រលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដល់សកម្មភាពបោសសម្អាតមីនរបស់ស៊ីម៉ាក់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថា ចៃកា(JICA )ប្រចាំទីក្រុងតូក្យូ សន្យាបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ តទៅមុខទៀត ពិសេសលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យសកម្មភាពមីន ដើម្បីរួមចំណែកក្នុងការបង្កើនទិន្នផលផ្ទៃដី ដែលជាប្រយោជន៍នៅក្នុងការធ្វើកសិកម្ម និងរួមចំណែកដល់បង្កើនសេដ្ឋកិច្ចកម្ពុជា។

ការសន្យានេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ជាមួយលោក ណាកាហ្សាវ៉ា កៃអ៊ីជីរ៉ូ(NAKAZAWA Keiichiro) អនុប្រធានជាន់ខ្ពស់ ចៃកាប្រចាំទីក្រុងតូក្យូ អមដំណើរដោយមន្រ្តី ចៃកា មួយចំនួនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋាន ស៊ីម៉ាក់(CMAC)។

ឯកឧត្តម ហេង រតនា បានប្រាប់ឱ្យដឹងថា ក្នុងជំនួបនោះលោកបានលើកឡើងពីសកម្មភាពស្នូលរបស់អង្គភាពស៊ីម៉ាក់ រួមជាមួយនិងក្រុមជំនាញពិសេសទាំង ១៧ក្រុម បានខិតខំក្នុងការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងការដោះស្រាយវិបត្តិសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ក្នុងន័យធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ គាំទ្រដល់គម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសប្រទេសអស់រយៈពេល ៣០ឆ្នាំកន្លងមកហើយ។

ឯកឧត្តមមានប្រសាសន៍ថា ៖ «យើងពិតជាអរគុណដល់ការជ្រោមជ្រែងពីសំណាក់ភាគីចៃកា ក្នុងការរួមចំណែករៀបចំយុទ្ធសាស្រ្ត ៥ឆ្នាំ ក្រោយការបោសសម្អាតមីនដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥ ហើយស៊ីម៉ាក់នឹងត្រូវបន្តបេសកកម្មទៅមុខទៀត ជាពិសេសការបោសម្អាតគ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌដ៏ទៃផ្សេងទៀតទាំងនៅក្នុងដី និងក្រោមទឹក»។

យោងតាមមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក NAKAZAWA Keiichiro បានលើកឡើងដែរថា កម្លាំងបោសសម្អាតមីនអង្គភាពស៊ីម៉ាក់ ពិតជាធ្វើបានល្អ ក្នុងការរួមចំណែកធ្វើឱ្យគម្រោងនានារបស់ចៃកា នៅក្នុងប្រទេសកម្ពុជាជាពិសេស គឺការផ្ទេរចំណេះដឹងក្នុងវិស័យសកម្មភាពមីនទៅដល់បណ្តាប្រទេសដទៃទៀតដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធសង្រ្គាម។

លោកបានបន្ថែមថា ៖ «ប្រទេសដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធសង្រ្គាម មានដូចជាប្រទេស អង់ហ្គោឡា ប្រទេសកូឡុំប៊ី ប្រទេសឡាវ ជាដើម ហើយជាពិសេសនោះគឺ ផ្តល់ការហ្វឹកហ្វឹនដល់ប្រទេស អ៊ុយក្រែន ដែលកំពុងញាំញីដោយសារសង្រ្គាមដែលមិនទាន់ចប់នៅឡើយ»។

សូមរម្លឹកថា ដោយមានការឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA) តែងតែជួយដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្នុងសកម្មភាពបោសសម្អាតមីន ដូចជាការបណ្តុះបណ្តាល និងការគាំទ្រលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដល់សកម្មភាពបោសសម្អាតមីនរបស់ស៊ីម៉ាក់ជាដើម។

ជាក់ស្តែងកាលពីដើមឆ្នាំ២០២៣នេះ ចៃកា ទើបតែបានរៀបចំវគ្គបណ្តុះ បណ្តាលមួយ ដែលមានរយ:ពេល ៥ថ្ងៃ សម្រាប់អ្នកបោសសម្អាតមីន នៃអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែន ត្រូវបានបានបញ្ចប់ ដោយជោគជ័យ នាពេលថ្មីៗនេះ។ ចៃកា បច្ចុប្បន្ន បាននឹងកំពុងជួយឧបត្ថម្ភស៊ីម៉ាក់ក្នុងការអភិវឌ្ឍសមត្ថភាពថែមទៀតដើម្បីផ្ដល់នូវការបណ្តុះបណ្តាលប្រកប ដោយគុណភាព នៅក្រោមគម្រោងបច្ចុប្បន្ន ដែលចាប់ផ្តើមពីខែតុលា ឆ្នាំ២០២០មក៕ ដោយ៖ វណ្ណ សុជាតា

ads banner