មន្ត្រី គ.ជ.ប ពិភាក្សាជាមួយតំណាងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអ.ស.ប ពាក់ព័ន្ធនឹងការបោះឆ្នោត
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានពិភាក្សាជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ(អ.ស.ប)ពាក់ព័ន្ធនឹងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការបោះឆ្នោត និងការទប់ស្កាត់ព័ត៌មានមិនពិតក្នុងពេលបោះឆ្នោតជាដើម។
ជំនួបពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣ រវាងលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និង លោក John Coughlan តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អ.ស.ប និងសហការី លើប្រធានបទ ពីដំណើរការនៃការរៀបចំមុនបោះឆ្នោតនៅកម្ពុជាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។
យោងតាមគ.ជ.បក្នុងជំនួបនោះ លោក ម៉ុក ដារ៉ា បានលើកឡើងពីសាវតានៃការបោះឆ្នោតនៅកម្ពុជា ទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស សិទ្ធិបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ។

លោកក៏បានលើកឡើងពីការគ្រប់គ្រងការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសផលទ្ធផលនៃការបោះឆ្នោត វិធានការនៃការការពារ និងទុបស្កាត់ការរីករាលដាលនៃជំងឺកូវី ១៩ នៅតាមការិយាល័យបោះឆ្នោត និង ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ រួមនឹងការងារមួយចំនួនទៀតដែលទាក់ទងនឹងដំណើរការនៃការបោះឆ្នោតផងដែរ។
ជុំវិញជំនួបនេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី ២១ ខែមិថុនា បានប្រាប់ឱ្យដឹងថា ក្រៅអំពីការធ្វើបច្ចុប្បន្នភាព និងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានលើកឡើង អំពីសិទ្ធិយកព័ត៌មាន ក្នុងពេលបោះឆ្នោត និងក្រមសីលធម៌នៃការបោះឆ្នោត។
លោកថា ជាមួយគ្នានេះតំណាងអង្គការសហប្រជាជាតិ ក៏បានលើកឡើង អំពីការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ផងដែរ។
ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងថា ជាការឆ្លើយតប មន្ត្រីរបស់យើងបានលើកឡើងថាដំណើរការនៃការអនុវត្តក្នុងការបោះឆ្នោតនាពេលខាងមុខនេះ គឺដូចកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំ ២០២៣ ទាំងអស់មិនមានអ្វីប្រែប្រួលនោះទេ។
យោងតាម គ.ជ.ប នៅថ្ងៃទី ២១ ខែមិថុនានេះ នៅក្នុងជំនួបពិភាក្សានេះ តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក John Coughlan ក៏បានលើកឡើង ពាក់ព័ននឹងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការបោះឆ្នោតការទប់ស្កាត់ព័ត៌មានមិនពិតក្នុងពេលបោះឆ្នោត ចំនួនអ្នកសង្កេតការណ៍បោះឆ្នោត ការឃ្លាំមើលការឃោសនាបោះឆ្នោតតាមប្រព័ន្ធឡាញ និងកិច្ចការងារជួយសម្របសម្រួលដល់ជនងាយរងគ្រោះ ដូចជាជនពិការ ចាស់ជរា ក្នុងការចេញទៅបោះឆ្នោត និងនៅការិយាល័យបោះឆ្នោតជាដើម។
សូមរម្លឹកដែរថា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប) និងអង្គការអន្តជាតិនានានៅទីក្រុង ហ្សឺណែវ កាលពីថ្ងៃទី១៨ ខែមិថុនា បានប្រកាសច្រានចោល ចំពោះការលើកឡើងតែមួយជ្រុងរបស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលរិះគន់ស្ថានភាពនយោបាយនៅកម្ពុជានៅមុនការបោះឆ្នោតជាតិខែកក្កដា ខាងមុខ។
ការប្រកាសនេះធ្វើឡើងក្រោយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សចេញសេចក្តីថ្លែងការណ៍អំពាវនាវមួយ កាលពីថ្ងៃទី១៦ មិថុនាឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបន្ទាន់ដើម្បីបើកលំហសិទ្ធិពលរដ្ឋ និងបរិយាកាសអំណោយផលដល់ការបោះឆ្នោតជាតិដោយសេរី និងយុត្តិធម៌ នៅខែកក្កដាខាងមុខ។
តំណាងកម្ពុជាក៏បានច្រានចោលការលើកឡើងរបស់ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ថា កម្ពុជាអនុវត្តច្បាប់រឹតត្បឹតសេរីភាពរបស់ក្រុមណាមួយដែលជាការមាក់ងាយនីតិរដ្ឋកម្ពុជា ព្រោះការអនុវត្តច្បាប់កន្លងមក ផ្អែកលើបទល្មើសរបស់បុគ្គលម្នាក់ៗប្រព្រឹត្តដែលមានចែងក្នុងច្បាប់ ហើយមិនផ្អែកថាបុគ្គលនោះស្ថិតនៅក្រុមណា គណបក្សនយោបាយណា សហជីពការងារណា ឬអង្គការសិទ្ធិណានោះទេ៕ ដោយ៖ គឹម យុត្ថារ៉ូ