អ្នកនាំពាក្យក្រសួងអប់រំ៖ សិស្សានុសិស្សដែលអនុវត្តប្រាស់ចាកពីបទបញ្ជាផ្ទៃក្នុងត្រូវទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាវិន័យ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវជាថ្មីដល់បុគ្គលិកអប់រំ មាតាបិតាសិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធបន្តលើកកម្ពស់វិន័យ និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស ដើម្បីបញ្ចៀសនូវអំពើហិង្សា ឬបាតុភូភាពណាមួយកើតឡើងនៅតាមទីតាំងសាលារៀននានា។

ការអំពាវនាវជាថ្មីនេះបន្ទាប់ពីមានសិស្សសាលាចំនួនប្រាំបីនាក់ដែលកំពុងរៀននៅសាលារដ្ឋមួយនៅរាជធានីភ្នំពេញ បានវាយគ្នាទៅវិញទៅមកបណ្ដាលឱ្យភាគីម្ខាងរងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

ពាក់ព័ន្ធករណីហិង្សានេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សុវាចា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២១ ខែមិថុនាថា ដើម្បីពង្រឹងការអនុវត្តស្មារតីនៃលិខិតចុះថ្ងៃទី ២០ មករា ២០២០ ស្ដីពីវិធានការពង្រឹង និងលើកកម្ពស់វិន័យបទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌នៅតាមគ្រឹះស្ថានសិក្សា ក្រសួងបានដាក់វិធានការឱ្យគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសបន្តពង្រឹងវិន័យ សីលធម៌ និងការអប់រំខាងផ្នែកសាសនាឡើងវិញ។

លោកបន្តថា ជុំវិញបញ្ហានេះ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការរដ្ឋបាលតាមទិដ្ឋភាពជាក់ស្តែង។

ឯកឧត្តម រស់ សុវាចា បានប្រាប់ថា ៖ «បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។ ដោយឡែក ចំពោះករណីបទល្មើសព្រហ្មទណ្ឌ អាជ្ញាធររាជធានី-ខេត្តអនុវត្តនីតិវិធីតាមច្បាប់មានជាធរមាន»។

ជាមួយគ្នានេះ លោកសង្កត់ធ្ងន់ថា សិស្សានុសិស្សដែលអនុវត្តប្រាសចាកពីបទបញ្ជាផ្ទៃក្នុងត្រូវទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាវិន័យសិក្សាប្រចាំគ្រឹះស្ថានសិក្សា។

សូមរម្លឹកថា នៅថ្ងៃទី១៩ ខែមិថុនា កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនសិស្សចំនួនប្រាំបីនាក់ ករណីវាយគ្នាទៅវិញទៅមកបណ្ដាលឱ្យភាគីម្ខាងរងរបួស ដែលបានកើតឡើងក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចធ្វើការណែនាំអប់រំ ដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿងដល់សិស្សទាំងប្រាំបីនាក់នេះ ព្រមទាំងមានការធានាពីអាណាព្យាបាលនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

ប្រភពដដែលបន្តថា បច្ចុប្បន្នសិស្សទាំងប្រាំបីនាក់នេះ បានធ្វើកិច្ចកិច្ចសន្យាបញ្ចប់រឿងព្រមទាំងមានការធានាពីអាណាព្យាបាលរួច សមត្ថកិច្ចក៏បានប្រគល់ជូនលោកនាយកសាលាដើម្បីអប់រំនៅសាលាបន្តផងដែរ។

យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ស្តីពីវិធានការពង្រឹង និងលើកកម្ពស់វិន័យនៅតាមគ្រឹះស្ថានសិក្សា ឆ្នាំ ២០២០ បានឱ្យដឹងថា រយៈពេលកន្លងមកនេះ បាតុភាពអសកម្ម និងអសីលធម៌មួយចំនួនបានកើតឡើងទាំងនៅក្នុងទាំងនៅក្រៅបរិវេណនៃគ្រឹះស្ថានសិក្សា ដែលបានបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ ក្នុងករណីខ្លះរហូតដល់បាត់បង់អាយុ ជីវិតរបស់យុវជនក្នុងវ័យសិក្សា។

ក្នុងគោលបំណងទប់ស្កាត់នូវបាតុភាពអសកម្ម និងអសីលធម៌ទាំងនេះនៅថ្ងៃខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ និងណែនាំដល់អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគូ យុវជន សិស្សានុសិស្ស និងយុវជន ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងអាជ្ញាធរមានសមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់ ចូលរួមពង្រឹង និងលើកកម្ពស់ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌៕ ដោយ៖ សុខ រក្សា

ads banner