សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្វាគមន៍ចំពោះការចាប់អារម្មណ៍ របស់ប្រធាន អាជ្ញាធរ អធិការកិច្ចរដ្ឋឡាវ មកលើវិស័យអធិការកិច្ចកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតិឱ្យគណប្រតិភូឡាវ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ខាំផាញ់ ភំម៉ាថាត (Khamphanh Phommathath) ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀល ថ្ងៃពុធទី ២១ ខែមិថុនា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ទស្សន:កិច្ចរបស់ ប្រតិភូឡាវ នាថ្ងៃនេះ មានអត្ថន័យសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ វិស័យអធិការកិច្ច និងចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសជិតខាង ឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាយុទ្ធសាស្ត្រថែមទៀត។

ឯកឧត្តម បណ្ឌិត ខាំផាញ់ ភំម៉ាថាត បានថ្លែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមថ្មីៗនេះ។

ឯកឧត្តមបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែបានជួយជ្រោមជ្រែងដល់ប្រទេសឡាវស្ទើរតែគ្រប់ដំណាក់កាល ជាពិសេសនៅក្នុងដំណាក់កាលកូវដី ១៩។ ឯកឧត្តម មានការចាប់អារម្មណ៍ និងបានស្នើសម្តេចកិត្តិសង្គហបណ្ឌិត ដើម្បីបានចែករំលែកនូវពិសោធន៍ដែលពាក់ព័ន្ធវិស័យអធិការកិច្ចនៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីតួនាទីភារកិច្ចរបស់ក្រសួង រួមមាន ៖ទី១. ធ្វើអធិការកិច្ចលើគ្រប់វិស័យទូទាំងប្រទេសជារួមមាន ៖ ធ្វើអធិការកិច្ច លើកិច្ចការរដ្ឋបាល លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បើរួមចំណែក បង្ការ ទប់ស្កាត់អំពើពុករលួយ និងជម្រុញប្រសិទ្ធិភាពការងាររដ្ឋ។ ទី២. ទទួល និងដោះស្រាយពាក្យបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ។ ទី៣. ការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ដែលក្នុងនោះមានការផ្សព្វផ្សាយច្បាប់ ដែលរដ្ឋសភាបានអនុម័តរួចជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើវេទិកាសាធារណៈដើម្បីប្រមូលមតិយោបល់ សំណូមពរពីប្រជាជន សម្របសម្រួលដោះស្រាយសំណូមពររបស់ប្រជាជន និង ទី៤. ការងារបណ្តុះបណ្តាលមុខជំនាញអធិការកិច្ច គ្រប់កម្រិតតាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច ៕ ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner