កីឡាករ ព្រំ រស្មី រំពឹងថានឹងទទួលបានចំណាត់ថ្នាក់ Top 10 នឹងជោគជ័យ ពីការប្រណាំងរថយន្ត Off Road នៅទីលាន The Magnificent ឆ្នាំ2023

ថៃ៖ សមាជិកក្រុមប្រណាំង Off Road កម្ពុជា កីឡាករ ព្រំ រស្មី បានថ្លែងបញ្ជាក់ថា ការប្រណាំងរថយន្ត Off Road The Magnificent ឆ្នាំ២០២៣ ខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ នាព្រឹកថ្ងៃទី២២ ខែមិថុនានេះ ក្រុមកម្ពុជា រំពឹងថា នឹងទទួលបានចំណាត់ថ្នាក់ក្រោមលេខ១០ បន្ទាប់ពីបានត្រៀមខ្លួនបានយ៉ាងល្អជាមួយសមាជិក២រូបទៀត គឺកីឡាករ វង្ស គឹមហួត និងកីឡាករ ញឹម សុវណ្ណារ៉ូ ។

កីឡាករ ព្រំ រស្មី បន្តថា ការប្រណាំងឆ្នាំកន្លងទៅ មិនទទួលបានលទ្ធផលល្អដោយសារកត្តា២យ៉ាង៖ ទី១-បញ្ហាបច្ចេកទេស និងទី២-មិនបានហ្វឹកហាត់ជាក្រុមញឹកញាប់ ម្យ៉ាងទៀតជាវិញ្ញាសាថ្មីសម្រាប់ក្រុមកម្ពុជា។ ប៉ុន្តែផ្តោតលើបទពិសោធន៍ឆ្នាំមុន អ្នកប្រណាំងសម្បុរស្រស់រូបនេះ ជឿជាក់ថាក្រុម OFF ROAD កម្ពុជា នឹងធ្វើបានល្អជាង ទាក់ទងបច្ចេកទេស និងការប្រណាំងតាមផ្លូវនីមួយៗ ពីSS1 ដល់ SS2 យើងបានសិក្សាពីការប្រណាំង និងសាកល្បងបានច្រើនដង ហើយបើបានលេខ១០ចុះក្រោមគឺចាត់ទុកថាជោគជ័យដោយមាន៣១ក្រុមចូលរួម ស្មើនឹង៩៣រថយន្ត មកពី៤ប្រទេស ដូចជា ឡាវ ម៉ាឡេស៊ី កម្ពុជា និងថៃជាម្ចាស់ផ្ទះ។

កីឡាករ ព្រំ រស្មី បានបន្ថែមថា ឆ្នាំ២០២៣នេះ អាចនិយាយបានថាស្ថានភាពផ្លូវប្រណាំងមានការលំបាកជាង ដោយសារឆ្នាំមុនកីឡាករបានបង្ហាញការខកចិត្តរិះគន់ថាផ្លូវខ្លី ងាយស្រួល ខុសពីឆ្នាំ២០១៨ និង២០១៩ ដូច្នេះឆ្នាំ២០២៣នេះ គណកម្មការបានរៀបចំផ្លូវវែង មានស្ថានភាពលំបាកខ្លាំងឆ្លងកាត់អូរពី២ទៅ៣កន្លែង ធ្វើកីឡាករបណ្តាប្រទេសដែលចូលរួម និងកីឡាករកម្ពុជាបារម្មណ៍ផងដែរ។

ដោយលែក កីឡាករ វង្ស គឹមហួត បានអំពាវនាវអោយវិស័យឯកជន ឬក្រុមហ៊ុនយានយន្តនៅកម្ពុជា សូមចូលរួមគាំទ្រឧបត្តម្ភក្រុមប្រណាំងកម្ពុជា ជារថយន្តសម្រាប់ប្រណាំង សម្ភារៈផ្នែកជួសជុល និងថវិកា ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាយានយន្តនៅកម្ពុជា អោយកាន់តែរីកចំរើន ដូចបណ្តាប្រទេសនានា នៅលើពិភពលោក។ ដោយសារថា ការចូលរួមប្រណាំងកម្រិតអន្តរជាតិនេះ ក្រុមកម្ពុជា ត្រូវចំណាយថវិកាលើការស្នាក់នៅ ហូបចុក ធ្វើដំណើរ រួមនឹងការចុះឈ្មោះ ជាពិសេសចំណាយលើការដឹកជញ្ជូនរថយន្ត ជួសជុល សម្ភារៈបច្ចេកទេស គ្រឿងម៉ាស៊ីនជាដើម។ នេះជាការបញ្ជាក់របស់លោក វង្ស គឹមហួត ។

សូមបញ្ជាក់ថា ការប្រណាំងរថយន្ត Off Road The Magnificent ឆ្នាំ២០២៣ ខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ មានប្រទេសក្នុងតំបន់អាស៊ានចូលរួម និងប្រទេសជាច្រើនទៀតមកពីអាស៊ីផងដែរ។ ក្នុងនោះកម្ពុជា បញ្ជូន១ក្រុមចូលរួមស្មើនឹង៣រថយន្ត ត្រូវប្រជែងជាមួយ៣១ក្រុមផ្សេងទៀត ដែលគ្រោងនឹងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner