ប្រជាជនកូឡុំប៊ីរាប់ពាន់នាក់ តវ៉ាប្រឆាំងនឹងប្រធានាធិបតី
បូហ្គោតា៖ ប្រជាជនកូឡុំប៊ីរាប់ពាន់នាក់បានធ្វើបាតុកម្ម តវ៉ាប្រឆាំងនឹងប្រធានាធិបតី លើការកែទម្រង់។
ប្រជាជនកូឡុំប៊ីរាប់ពាន់នាក់បានតវ៉ា នៅក្នុងរដ្ឋធានី បូហ្គោតា (Bogota) និងទីក្រុងផ្សេងទៀត កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ប្រឆាំងនឹងការកែទម្រង់ ដាក់ចេញដោយប្រធានាធិបតីឆ្វេងនិយម លោក Gustavo Petro
ជាលើកដំបូងគេបង្អស់ ក្នុងប្រទេសដែលមនុស្សជាច្រើននិយាយថា ការកែទម្រង់នេះហួសពេក។
ចាប់តាំងពីបានចូលកាន់តំណែង កាលពីខែសីហា ឆ្នាំ២០២២ លោក Gustavo Petro បានបញ្ជូនគម្រោងកំណែទម្រង់ជាច្រើន ទៅកាន់សភា ដើម្បីកាត់បន្ថយការចូលរួមឯកជន នៅក្នុងប្រព័ន្ធថែទាំសុខភាព ចែកចាយដីដែលមិនបានផលិតឡើងវិញ និងកំណែទម្រង់បទប្បញ្ញត្តិស្តីពីការងារ និងសោធននិវត្តន៍។ ប៉ុន្តែចាប់តាំងពីពេលនោះមក លោកបានបាត់បង់ការគាំទ្រភាគច្រើន នៅក្នុងសភា ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ទាំងនេះ។
មេដឹកនាំវ័យ ៦៣ ឆ្នាំរូបនេះក៏បានបើកការចរចាជាមួយក្រុមប្រដាប់អាវុធ ក្នុងការស្វែងរក “សន្តិភាពពេញលេញ” បន្ទាប់ពីអំពើហិង្សាជាច្រើនទសវត្សរ៍ ហើយបានប្តេជ្ញាថា នឹងដឹកនាំប្រទេសទៅកាន់អនាគតដ៏បៃតង។
ដោយត្រូវបានគេហៅថា ជាក្រុមប្រឆាំងស្តាំនិយម ជាមួយនឹងបដារៀបរាប់ថា “ការហែក្បួននៃមតិភាគច្រើន” ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា នៅថ្ងៃអង្គារ ក្នុងទីក្រុងនានា រួមមាន បូហ្គោតា (Bogota), មេដេលីន (Medellin), ខាលី (Cali) និង បារ៉ែនគ្វីឡា (Barranquilla)។
មនុស្សជាច្រើនបានគ្រវីទង់ជាតិពណ៌លឿង ខៀវ និងក្រហមរបស់ប្រទេសកូឡុំប៊ី ហើយបានកាន់ផ្ទាំងបដា ជាមួយនឹងសារ ដូចជា៖ «គ្មានទេ ដើម្បីបញ្ចប់ដូចគុយបា ឬវេណេស៊ុយអេឡា»។
យោងតាមរូបភារបស់ប្រព័ន្ធផ្សព្វផ្សាយជាតិបានឱ្យដឹងថា ការចល័តនេះហាក់ដូចជាមានទំហំធំ ជាពិសេស នៅក្នុងទីក្រុងធំទីពីររបស់ប្រទេសកូឡុំប៊ី គឺ មេដេលីន (Medellin) ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

