សេតវិមាន៖ លោក បៃដិននឹង​មិន​បង្រៀន​លោក ម៉ូឌីអំពី​សិទ្ធិ​មនុស្សនោះទេ

អាមេរិក៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានទទួលស្វាគមន៍នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) ក្នុងជំនួបពិភាក្សារយៈពេលពីរថ្ងៃ ដែលសេតវិមានមើលឃើញថា នេះជាការពង្រឹងភាពជាដៃគូក្នុងយុគសម័យមួយដ៏មុះមុត បើទោះបីជាធ្លាប់បានលើកឡើងអំពីការព្រួយបារម្ភជុំវិញការរំលោភសិទ្ធិមនុស្សជាបន្តបន្ទាប់នៅឥណ្ឌាក៏ដោយ។

គួរដឹងដែរថា​ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចង់ឱ្យប្រទេសឥណ្ឌាធ្វើជាដៃគូយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងប្រទេសចិន ខណៈដែលលោក ម៉ូឌី កំពុងស្វែងរកការបង្កើនឥទ្ធិពលប្រទេសរបស់ខ្លួននៅលើឆាកអន្តរជាតិ ហើយគួរបញ្ជាក់ថា បច្ចុប្បន្ននេះ ឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។

លោក បៃដិន និងលោក ម៉ូឌី ត្រូវបានគេរំពឹងថានឹងប្រកាសពីកិច្ចព្រមព្រៀងជាច្រើន ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការការពារជាតិ និងការលក់ បញ្ញាសិប្បនិមិត្ត កុំព្យូទ័រសមត្ថភាពពិសេស និងការវិនិយោគនៅក្នុងប្រទេសឥណ្ឌា ដោយបច្ចុប្បន្ននេះមានក្រុមហ៊ុន Micron Technology និងក្រុមហ៊ុនអាមេរិកដទៃជាច្រើនទៀត។

លើសពីនេះ លោក បៃដិន ត្រូវបានគេរំពឹងថា នឹងលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែលោកនឹងមិនបង្រៀនលោក ម៉ូឌី ជុំវិញប្រធានបទនេះទេ នេះបើយោងតាមទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ចេក ស៊ូលីវាន (Jake Sullivan) បានប្រាប់អ្នកសារព័ត៌មាន។

លោក ស៊ូលីវាន បាននិយាយថា «នៅពេលដែលសហរដ្ឋអាមេរិកមើលឃើញបញ្ហាប្រឈមរបស់សារព័ត៌មាន សាសនា ឬសេរីភាពផ្សេងទៀត អាមេរិកតែងតែលើកឡើងអំពីបញ្ហាទាំងនោះទៅកាន់ឥណ្ឌាឱ្យបានដឹង»។ លោក​បាន​បន្ថែម​ថា «យើងព្យាយាមបង្ហាញពីការយល់ឃើញរបស់យើង ដោយមិនព្យាយាមបង្រៀន ឬបដិសេធការប្រឈមផ្ទាល់ខ្លួនរបស់យើងដែលកំពុងមាននោះទេ»។

លោក ស៊ូលីវាន បានរំលេចថា «នៅទីបំផុត អនាគតនៃនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសឥណ្ឌានឹងត្រូវសម្រេចដោយជនជាតិឥណ្ឌាខ្លួនឯង មិនមែនដោយសហរដ្ឋអាមេរិកនោះទេ»។

គួររំឭកថា លោក ម៉ូឌី ធ្លាប់បានទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកចំនួន ៥ ដងរួចមកហើយចាប់តាំងពីបានក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ២០១៤។ យ៉ាងណាក៏ដោយ ដំណើរ​ទស្សនកិច្ច​លើក​នេះ ​គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​​លើក​ដំបូង​របស់​លោក ខណៈដែលនៅក្នុងប្រទេសឥណ្ឌា កំពុងមាន​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ការ​ធ្លាក់​ចុះ​នៃស្ថានភាព​សិទ្ធិ​មនុស្ស​ក្រោម​ការដឹកនាំដោយគណបក្ស​របស់​លោក គឺ​គណបក្ស​ជាតិនិយម​ហិណ្ឌូ (Bharatiya Janata Party)។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក បៃដិន ក៏បានទទួលរងសម្ពាធពីក្រុមគណបក្សប្រជាធិបតេយ្យរបស់លោក ​ឱ្យ​លើកឡើង​អំពីបញ្ហា​សិទ្ធិ​មនុស្ស​ទៅកាន់លោក​ ម៉ូឌី ផងដែរ។ យ៉ាងណាមិញ លោក ម៉ូឌី បានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងថែមទាំងបានជួបជាមួយលោក អេឡុន ម៉ាសក៍ (Elon Musk) ទៀតផង។ បន្ថែមលើនេះ មេដឹកនាំទាំងពីរបានសម្ដែងការព្រួយបារម្ភដូចគ្នា អំពីសកម្មភាពរបស់ចិន និងបានពិភាក្សាអំពីតួនាទីរបស់ចិនក្នុងវិស័យយោធា បច្ចេកវិទ្យា និងសេដ្ឋកិច្ចផងដែរ។ ក្នុងជំនួបអំឡុងពេលទស្សកិច្ចនេះ គ្មាន​សន្និសីទ​សារព័ត៌មាន​រួមគ្នាណាមួយដែល​ត្រូវ​បាន​គ្រោង​ថានឹងធ្វើឡើងនោះទេ។

សម្រាប់ឥណ្ឌា​ ប្រទេសនេះបានពឹង​ផ្អែកយ៉ាងខ្លាំងទៅ​លើការនាំចូល​ប្រេង​របស់​រុស្ស៊ី ហើយលោក ម៉ូឌី ក៏មិន​បាន​គាំទ្រ​ការ​ធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន​នោះដែរ។ ដោយឡែក ប្រធានាធិបតី បៃដិន នឹងពិភាក្សាជាមួយរុស្ស៊ី និងអ៊ុយក្រែន មុនពេលកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌាបានឈានមកដល់នាពេលខាងមុខនេះ៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia Biden will not ‘lecture’ Modi on human rights, White House says

ads banner