អ្នកជំនាញអង្គការសហប្រជាជាតិ៖ អាស៊ានត្រូវតែជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ាទទួលខុសត្រូវ
អ.ស.ប៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ(អ.ស.ប) បានលើកឡើងកាលពីថ្ងៃពុធថា ប្រទេសជិតខាងរបស់ប្រទេសមីយ៉ាន់ម៉ានៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវតែពិចារណាលើការដាក់វិធានការណាមួយ ដើម្បីឱ្យក្រុមយោធាដែលកំពុងដឹកនាំប្រទេសទទួលខុសត្រូវ។ អ្នកជំនាញដដែលបានបន្ថែមថា ក្រុមប្រទេសនៅក្នុងតំបន់នេះ ហាក់កំពុងជាប់គាំង មិនដឹងពីរបៀបដោះស្រាយវិបត្តិដែលកំពុងបន្តកើតមាននៅប្រទេសមីយ៉ាន់ម៉ា។
អ្នករាយការណ៍ពិសេសរបស់អ.ស.ប ទទួលបន្ទុកស្ថានការណ៍សិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា លោក ថូម៉ាស អាន់ឌ្រូ (Thomas Andrews) បានថ្លែងថា «សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន មិនត្រូវចូលដៃចូលជើងជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ានោះទេ ព្រោះថាមេដឹកនាំយោធានេះ មិនបានអនុវត្តផែនការសន្តិភាពទាំង ៥ ចំណុចដែលបានព្រមព្រៀងគ្នារវាងមេដឹកនាំយោធា និងបណ្ដាប្រទេសសមាជិកអាស៊ាន បន្ទាប់ពីខ្លួនបានដណ្តើមអំណាចដោយប្រើរដ្ឋប្រហារ កាលពីឆ្នាំ២០២១»។
លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីថា «វាដល់ពេលហើយ ដែលត្រូវស្វែងរកវិធីផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាជាប់គាំងដ៏គ្រោះថ្នាក់នេះ»។ លោកបានបន្ថែមថា «អាស៊ានត្រូវតែពិចារណាលើការបង្កើតវិធានការ ដាក់បន្ទុកលើរបបយោធា ចំពោះការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការមិនយកចិត្តទុកដាក់លើការអនុវត្តផែនការសន្តិភាពទាំង ៥ ចំណុច»។
គួរដឹងដែរថា ផែនការសន្តិភាពទាំង ៥ ចំណុចនោះ គឺជាការអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់អំពើអរិភាព ការអនុញ្ញាតឱ្យក្រុមការងារមនុស្សធម៌ចូលទៅក្នុងប្រទេសប្រកបដោយសុវត្ថិភាព និងកិច្ចសន្ទនាជាបរិយាប័ន្ន ដើម្បីសម្រេចបាននូវសន្តិភាពនៅក្នុងប្រទេស ដែលកំពុងរងគ្រោះដោយសារជម្លោះផ្ទៃក្នុង។
គួររំឭកថា កាលពីខែវិច្ឆិកា កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាន បានចេញសេចក្ដីព្រមានដល់របបយោធាមីយ៉ាន់ម៉ា ហើយបានទាមទារឱ្យមានសូចនាករជាក់ស្តែង និងអាចវាស់វែងបាន ជាមួយនឹងការកំណត់ពេលវេលាជាក់លាក់មួយក្នុងការអនុវត្តចំណុចទាំង ៥ នោះ។ ប៉ុន្តែការខកចិត្តក៏បានកើតមានឡើង ដោយមេដឹកនាំយោធាបានបើកការវាយលុកទៅលើគូប្រជែងជាបន្តបន្ទាប់។
ជាការកត់សម្គាល់ ការលើកឡើងរបស់លោក អាន់ឌ្រូ ធ្វើឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយថៃមួយ បានរាយការណ៍ថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មថ្មីលើធនាគាររដ្ឋរបស់មីយ៉ាន់ម៉ា បន្ទាប់ពីកិច្ចប្រជុំអ្នកការទូតនាពេលថ្មីៗនេះនៅក្នុងប្រទេសថៃបានបញ្ចប់ទៅ។ ក្នុងកិច្ចប្រជុំនោះ អ្នកការទូតក្នុងតំបន់បានស្វែងរកការទាក់ទងជាមួយមេដឹកនាំរបបយោធា បើទោះបីជាក្រុមមេដឹកនាំយោធាត្រូវបានដកចេញពីកិច្ចប្រជុំសំខាន់ៗរបស់អាស៊ានក៏ដោយ។
កំលុងពេលនៃកិច្ចប្រជុំថៃនោះផងដែរ ប្រទេសសមាជិកអាស៊ានសំខាន់ៗ ដែលមានប្រទេសឥណ្ឌូណេស៊ីជាប្រធាន បានដឹកនាំកិច្ចជំនួបក្រៅផ្លូវការ ឬហៅថាកិច្ចប្រជុំក្រៅឆាក ដើម្បីព្យាយាមបង្កើតឱកាសឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា និងភាគីជម្លោះមកជួបពិភាក្សាគ្នា។ លោក អាន់ឌ្រូ បានបញ្ជាក់បន្ថែមថា «កិច្ចប្រជុំនៅក្នុងប្រទេសថៃ អាចនឹងមានឥទ្ធិពលដ៏គ្រោះថ្នាក់ ពោលគឺជាការទទួលស្គាល់របបយោធានៅមីយ៉ាន់ម៉ាថាជារដ្ឋាភិបាលស្របច្បាប់និងធ្វើឱ្យខូចដល់ការរួបរួមរបស់អាស៊ាន»៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Reuters ASEAN must hold Myanmar junta accountable, UN expert says