ពន្ធដារ និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា សហការរៀបចំវេទិកាស្តីពី បច្ចុប្បន្នភាពថ្មីៗស្តីពីពន្ធដារ

ភ្នំពេញ៖​ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយសភាពាណិជ្ជកម្មអាមេរិក (AMCHAM)បានរៀបចំវេទិកាស្តីពីបច្ចុប្បន្នភាពថ្មីៗស្តីពីពន្ធដារដើម្បីឆ្លើយតបនូវកង្វល់និងបញ្ហាប្រឈមនានាដែលធ្លាប់បានលើកឡើងដោយវិស័យឯកជន សំដៅពង្រឹងការប្រកួតប្រជែងដោយស្មើភាព ប្រកបដោយតម្លាភាព ក្នុងចំណោមសហគ្រាសទាំងឡាយ។

វេទិកានេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ ២០២៣ ផ្តោតលើច្បាប់ស្តីពីសារពើពន្ធ(ថ្មី) ក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់សមាជិកសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា វិនិយោគិន ម្ចាស់សហគ្រាស និងអ្នកតំណាងសហគ្រាសប្រមាណ២០០នាក់។វេទិកានេះ មានគោលដៅចែករំលែកនូវបច្ចុប្បន្នភាពនៃច្បាប់ស្តីពីសារពើពន្ធ(ថ្មី) និងមានរៀបចំនូវកិច្ចពិភាក្សាជាក្រុមផងដែរ ។
នេះ​បើ​​​តាមសេចក្តីប្រកាសព័ត៌មានស្តីពីវេទិកាដែលមានជំនួបជាមួយវិស័យ​ឯកជន។

ក្នុងឱកាសនោះដែរឯកឧត្តម គង់ វិបុល បានថ្លែងអំណរគុណចំពោះលោក ដេវីន បាតា( Devin Barta) ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អដល់វិស័យឯកជនតាមរយៈការចូលរួមក្នុងវេទិកាពន្ធដារ សំដៅពង្រឹងការប្រកួតប្រជែងដោយស្មើភាព ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសមធម៌ ក្នុងចំណោមសហគ្រាសទាំងឡាយ។

ឯកឧត្តមគូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូពន្ធដារ និងវិស័យឯកជន ជាពិសេសវត្តមានរបស់អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក-លោកស្រី និងនាងកញ្ញា ជាអភិបាល តំណាង សហគ្រាស ភ្នាក់ងារសេវាកម្មពន្ធដារដែលចូលរួមផ្ទាល់ នាវេទិកានេះ បានឆ្លុះបញ្ចាំងអំពីឆន្ទៈក្នុងការពង្រឹងអនុលោមភាពសារពើពន្ធនិងការប្រកួតប្រជែងដោយស្មើភាពគ្នា។

ឯកឧត្តមបានគូសបញ្ជាក់ថា៖«សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃការរក្សាបាននូវនិរន្តរភាពនិងចីរភាពកំណើនចំណូលពន្ធ ទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះកម្ពុជាបានឆ្លងកាត់នូវក្នុងដំណាក់កាលដ៏លំបាកនៃការរាតត្បាតនៃជំងឺកូវីដ១៩ និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការបន្តធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក»។
បើតាមលោក គង់ វិបុល ទោះបីជាឆ្នាំ២០២៣ នេះ ជាឆ្នាំដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតក្ដី ក៏ស្ថានភាពចំណូលពន្ធដារសម្រាប់រយៈពេល ៥ខែ ដើមឆ្នាំ២០២៣ សម្រេចបានយ៉ាងល្អប្រសើរ ដែលការណ៍នេះបាននិងកំពុងឆ្លុះបញ្ចាំងអំពីជំនឿចិត្តរបស់ធុរជន និងសាធារណជនមកលើស្តិរភាពសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលគូសបញ្ជាក់ថា៖«លោក Devin Barta មានជំនឿថាច្បាប់ស្តីពីសារពើពន្ធ(ថ្មី) នឹងផ្ដល់នូវភាពងាយស្រួល និងភាពប្រាកដប្រជា ក្នុងការឈ្វេងយល់សម្រាប់អ្នកជាប់ពន្ធអនុវត្តនិងបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមពង្រឹងអនុលោមភាពសារពើពន្ធ»។

លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ច្បាប់ស្តីពីសារពើពន្ធ(ថ្មី) ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដែលច្បាប់ថ្មីនេះបែងចែកជា ២០ ជំពូក និងសរុបមាន ២៥៥ មាត្រា ក្នុងនោះមាន ៩ មាត្រា មិនត្រូវបានធ្វើវិសោធនកម្ម។

លោកស្រីបន្តថា ច្បាប់ស្តីពីសារពើពន្ធនេះចែងអំពីប្រភេទពន្ធចំនួន ១៥ ដោយក្នុងនោះមានប្រភេទពន្ធចំនួន ៤ ត្រូវបានប្តូរឈ្មោះ រួមមាន ទី១ អាករពិសេសលើទំនិញនិងសេវាមួយចំនួនត្រូវបានប្តូរជា “អាករពិសេស” ។ ទី២ ពន្ធលើឈ្នួលផ្ទះ និងដី ត្រូវបានប្តូរជា “ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ” ទី៣ពន្ធតែមប្រិ៍សារពើពន្ធ ត្រូវបានប្តូរជា “ពន្ធលើផ្ទាំងផ្សព្វផ្សាយ” និងទី៤ ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ត្រូវបានប្តូរជា “ពន្ធលើមធ្យោបាយដឹកជញ្ជូន”។

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ច្បាប់ថ្មីនេះនឹងឆ្លើយតបនូវកង្វល់និងបញ្ហាប្រឈមនានាដែលធ្លាប់បានលើកឡើងដោយវិស័យឯកជន ដោយធាតុចូលជាច្រើនពីវិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបានយកមកពិនិត្យ ពិចារណា និងច្របាច់បញ្ចូលក្នុងច្បាប់ថ្មីនេះ៕

ដោយ៖ សុខ រក្សា

ads banner