រដ្ឋមន្រ្តីក្រសួងសាធារណការ ស្នើកាណាដា ជួយអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជាលើវិស័យសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តយម ស៊ុន ចាន់ថុល បានស្នើទៅកាន់មន្រ្តីជាន់ខ្ពស់នៃប្រទេសកាណាដាឱ្យជួយពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យសាធារណការនិងដឹកជញ្ជូន ដើម្បីជំរុញឱ្យវិស័យនេះកាន់តែមានភាពរីកចម្រើនថែមទៀត។
ការស្នើនេះ ត្រូវបានធ្វើឡើតាមរយៈជំនួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ លោកស្រី សារ៉ា តៃល័រ(Sarah Taylor) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ នេះបើតាមប្រភពក្រសួងសាធារណការ និងដឹកជញ្ជូន។
ប្រភពដដែលឱ្យដឹងថា នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ ជាពិសេសចំពោះជំនួយរបស់ប្រទេសកាណាដា តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការស្តារឡើងវិញផ្លូវរថភ្លើងភាគខាងជើង និងខាងត្បូង។ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើងពីការរីកចម្រើន និងការកសាងឥតឈប់ឈរលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ជាពិសេសការដាក់ដំណើរការ និងគម្រោងសាងសង់ផ្លូវល្បឿនលឿននានា និងគម្រោងព្រែកជីកហ្វូណនតេជោ ខណៈលោកក៏បានលើកឡើងពីតម្រូវការគោលនយោបាយ និងយុទ្ធសាស្រ្តលើការគ្រប់គ្រង យានយន្តអគ្គិសនី ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ថា៖« កម្ពុជាកំពុងខិតខំអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាវិស្វករនាថ្ងៃអនាគតយ៉ាងពិតប្រាកដ មានជំនាញច្បាស់លាស់ ដើម្បីបន្តអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត»។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្រ្តីក្រសួងសារធារណការ ក៏បានស្នើសុំឱ្យប្រទេសកាណាដា ពិនិត្យលទ្ធភាពសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្សតាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយបណ្តុះបណ្តាលបន្ថែមតាមប្រព័ន្ធហ្សូម( Zoom )ពីសាស្រ្តាចារ្យជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃប្រទេសកាណាដា សំដៅបង្កើនធនធានមនុស្សកម្ពុជាលើវិស័យនេះ។
ជុំវិញការលើកឡើងនេះ លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជា បានសម្តែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់នូវកិច្ចសហការល្អជាមួយប្រទេសកាណាដា។
ទន្ទឹមគ្នានេះ លោកស្រីក៏បានអញ្ជើញ ឯកឧត្តម ស៊ុន ចាន់ថុល ចូលរួមទិវាបុណ្យជាតិប្រទេសកាណាដា នាដើមខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ខណៈលោកស្រីថែមទាំងបានលើកឡើងពីបំណង នៃកិច្ចសហការអភិវឌ្ឍន៍ធនធានមនុស្សជាមួយកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយនឹងសាលា ឬស្ថាប័នជំនាញផ្នែកហេដ្ឋរចនាសម្ព័ន្ធ នៃប្រទេសកាណាដាផងដែរ។
សូមរំឮកថា ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. កាលចុងឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ដែរថា កម្ពុជាត្រូវការកិច្ចសហការពីបណ្តាដៃគូអន្តរជាតិនានា ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សកូនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាពអាចកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដោយខ្លួនឯងដោយមិនពឹងលើបរទេស ដើម្បីលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា ក៏ដូចជារួមចំណែកក្នុងការកសាងប្រទេសជាតិ។ វិស័យសាធារណការ និងដឹកជញ្ជូន នៅកម្ពុជា កំពុងតែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ស័ក្តិសមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស(FDI) ហើយកម្ពុជាសូមស្វាគមន៍យ៉ាងពេញទំហឹងចំពោះការជួយនានា និងបើកទូលាយចំពោះការវិនិយោគពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្មនេះ។
កាលពីពេលថ្មីៗនេះដែរ ក្រសួងសាធារណការ ក៏ធ្លាប់បានស្នើទៅកាន់ប្រទេសថៃ ចិន ជប៉ុន និងសិង្ហបុរី ឱ្យជួយពិនិត្យលទ្ធភាពក្នុងការចាត់តាំងសាស្ត្រាចារ្យ ឬអ្នកជំនាញការ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធonline ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ផងដែរ៕

ដោយ៖ បូរ ពេជ្រហ្សាលីន