គ.ជ.ប ប្រជុំជាមួយភាគីពាក់ព័ន្ធពីការស្នើសុំនិងការ ចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមឃុំ សង្កាត់ ការបិទផ្សាយបញ្ជីឈ្មោះទីតាំង ការិយាល័យ បោះឆ្នោត និងបញ្ជីបោះឆ្នោត

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រជុំជាមួយភាគីពាក់ព័ន្ធ នៅព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ ស្តីពីការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមឃុំ សង្កាត់ការបិទផ្សាយបញ្ជី ឈ្មោះទី តាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅ គឃ.សប។

ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាន់តែខិតជិតមកដល់ ហើយកំលុងពេលនេះ គ.ជ.ប តាមរយៈក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត កំពុង មមាញឹកក្នុងការផ្តល់បណ្ណព័ត៌មាននេះ ជូនដល់ប្រជា ពលរដ្ឋ។ គោលដៅនៃការចែកបណ្ណព័ត៌មាននេះ គឺដើម្បីជម្រាបជូនអ្នកបោះឆ្នោតអំពីកាលបរិច្ឆេទ និងទីតាំងការិយាល័យដែលពួកគាត់ត្រូវទៅបោះឆ្នោត ពិសេសឱ្យត្រៀមឯកសារជាមុន ដែលមានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) មានសុពលភាព ឬត្រូវទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ក្នុងករណីពួកគាត់ពុំមានអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ គាត់ផុតសុពលភាព ឬមិនទាន់បានទទួល ឬបាត់ ឬខូច ឬកែតម្រូវ។
អនុលោមតាមមាត្រា ១៦៩ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ករណីប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែពុំមាន អ.ខ ដើម្បីបោះឆ្នោត ប្រជាពលរដ្ឋនោះអាចប្រើប្រាស់ ឯ.អ ។ អាជ្ញាធរឃុំ សង្កាត់ និង គឃ.សប ត្រូវបានអនុញ្ញាតឱ្យចេញ ឯ.អ តាមការស្នើសុំ ជូនប្រជាពលរដ្ឋ ស្របតាមសេចក្តីណែនាំ រួមរវាងក្រសួងមហាផ្ទៃ និង គ.ជ.ប លេខ ០៣៤ ស.ណ.ន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តមបានបញ្ជាក់ថា យោងតាមប្រតិទិននៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កាលបរិច្ឆេទសម្រាប់ការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមឃុំ សង្កាត់ មានរយៈពេល៣០ថ្ងៃ គឺចាប់ធ្វើពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០នាទីល្ងាច។
ដើម្បីស្នើសុំ ឯ.អ អ្នកបោះឆ្នោតត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

  • ត្រូវស្នើសុំក្នុងអំឡុងកាលបរិច្ឆេទដូចបានបញ្ជាក់ខាងលើ
  • ត្រូវបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខ គឃ.សប នៃឃុំ សង្កាត់ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតផ្លូវការ និងត្រូវបោះឆ្នោត
  • ត្រូវបំពេញពាក្យស្នើសុំ និងត្រូវផ្តិតស្នាមម្រាមដៃនៅ ចំពោះមុខប្រធាន គឃ.សប
  • ត្រូវផ្តល់ស្នាមម្រាមដៃតាមការណែនាំរបស់សមាជិក គឃ.សប ទទួលបន្ទុកលើការងាររដ្ឋបាល និងថតរូប សម្រាប់ការផ្ទៀងផ្ទាត់ និងទាញទិន្នន័យពីបញ្ជី បោះឆ្នោត ផ្លូវការក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត។
    បន្ទាប់ពីបានទទួល និងពិនិត្យលើពាក្យស្នើសុំ ប្រធាន គឃ.សប ត្រូវចេញ ឯ.អ ជូនអ្នកបោះឆ្នោត ដោយមិន តម្រូវឱ្យបង់ប្រាក់ឡើយ។ បន្ទាប់មកអ្នកបោះឆ្នោត ត្រូវយក ឯ.អ ដែលចេញដោយប្រធាន គឃ.សប ទៅកាន់សាលាឃុំ សង្កាត់ ដើម្បីឱ្យមេឃុំ ចៅសង្កាត់ ពិនិត្យ និងសម្រេចផ្តល់សុពលភាពសម្រាប់ប្រើប្រាស់ ជាផ្លូវការ។ អ្នកបោះឆ្នោតត្រូវរក្សាទុក ឯ.អ នោះ សម្រាប់យកទៅបង្ហាញដល់មន្ត្រីគណៈកម្មការការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដើម្បីអាចបោះឆ្នោតបាន។
    លោកបន្តទៀតថា អនុលោមតាមមាត្រា ៤៣ និងមាត្រា ៩៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ.ជ.ប ត្រូវបោះពុម្ព ផ្សព្វផ្សាយ និងបិទផ្សាយជា សាធារណៈនូវបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោតនៅទីស្នាក់ការ គឃ.សប ក្នុងរយៈពេលយ៉ាងតិច ៣០ថ្ងៃមុនថ្ងៃបោះឆ្នោត។ តាមប្រតិទិនការបិទផ្សាយនេះ នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ។
    ដើម្បីអនុវត្តការងារបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតបានទាន់ពេលវេលា គ.ជ.ប បានណែនាំដល់គណៈកម្មការរៀបចំការ បោះឆ្នោតគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់អនុវត្តការងារមួយចំនួន ដោយត្រូវធានាថា៖
  • បញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗត្រូវបានថតចម្លង និងផ្ញើជូន គឃ.សប ចំនួន ២ច្បាប់ សម្រាប់ប្រើប្រាស់ ដូចខាងក្រោម៖
    o បិទផ្សាយ ១ច្បាប់នៅទីស្នាក់ការ គឃ.សប នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ហើយត្រូវ ថែរក្សារហូតដល់ថ្ងៃបោះឆ្នោត
    o រក្សាទុកជាឯកសារនៅ គឃ.សប ១ច្បាប់។
  • បញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ទាំងអស់ចំណុះរាជធានី ខេត្តនីមួយៗ ត្រូវបានថតចម្លងលើក្រដាស ឬក្នុងស៊ីឌីជូន គធ.ខប ពាក់ព័ន្ធដើម្បីរក្សាទុកជាឯកសារ និងបម្រើដល់ សាធារណជន៕ ដោយ៖ ពលជ័យ
ads banner