​ចិន ​​ថ្កោល​ទោស​​លោក​ បៃដិន​ ដែល​ប្រៀប​ធៀប​​លោក​ ស៊ី​ ទៅ​នឹង​ជន​ផ្ដាច់​ការ​ដទៃ​ទៀត​

ប៉េកាំង៖ ក្រសួង​ការ​បរទេស​ចិន​កាល​ពី​ថ្ងៃ​ពុធ​ទី​ ២១ខែ​មិថុនា​​​បាន​ថ្កោល​ទោស​ការ​​លើក​ឡើង​របស់​​ប្រធានាធិបតី​​អាមេរិក​ លោក​ ចូ បៃដិន​ ដែល​ប្រៀប​ធៀប​​មេដឹកនាំ​ចិន​ លោក​ ស៊ី ជិនពីង​ ថា​ស្មើ​នឹង​ជន​ផ្ដាច់​ការ​ដទៃ​ទៀត​ ដោយ​ចាត់​ទុក​សម្ដី​បែប​នេះ​ថា​ជា​ «​ការ​ញុះ​ញង់​នយោបាយ​ដោយ​បើក​ចំហ​»។  ​

​អ្នក​នាំ​ពាក្យ​​ក្រសួង​​ការ​​បរទេស​ចិន​លោកស្រី ម៉ៅ នីង (Mao Ning) បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ដោយ​​បាន​ចាត់​ទុក​​​​ការ​​លើក​​ឡើង​​របស់​​លោក​ បៃដិន​ ថា​ជា​រឿង «​គួរ​ឱ្យ​អស់​សំណើច​​»។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

​លោក​ស្រី​និយាយយ៉ាង​ដូច្នេះ​​ថា​៖ «​ការ​លើក​ឡើង​​ពាក់​ព័ន្ធ​របស់​ភាគី​អាមេរិក​​គឺ​ជា​ការ​​គួរ​​ឱ្យ​​អស់​សំណើច​​​​​បំផុត​​ ​និង​​គ្មាន​​ការ​​ទទួល​ខុស​ត្រូវ​ ដែល​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​ការ​ពិត​ជា​មូលដ្ឋាន​ ពិធី​សារ​ការ​ទូត​ និង​សេចក្តី​ថ្លៃ​ថ្នូរ​នយោបាយ​របស់​ប្រទេស​ចិន​»​។ លោក​ស្រី Ning ​​បាន​​បន្ថែមទៀត​​​​ថា​​៖​ «​​ចិន​​មិន​​ពេញ​​ចិត្ត​​​​ ​និង​​ប្រឆាំង​​យ៉ាង​​ដាច់​អហង្ការ​​ចំពោះ​​រឿង​​នេះ​​»​។​

ការ​ថ្កោល​ទោសបែប​នេះ​​​​របស់​ចិន​​ ធ្វើ​ឡើង​បន្ទាប់​ពី​​ លោក​ បៃដិន​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ថ្លែង​នៅ​​ឯ​កម្មវិធី​រៃ​អង្គាស​ថវិកាមួយ​​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ ថា​ លោក​ ស៊ី​ ខឹង​សម្បារ​អាមេរិក​ ចំពោះ​ការ​បាញ់​ទម្លាក់​បាឡុង «​ចារកម្ម» របស់​ខ្លួន​ក្រោយ​ពេល​វា​អណ្តែត​លើ​ទឹក​ដី​របស់​សហរដ្ឋ​អាមេរិក​។ ​ ​

លោក​ បៃដិន​ ថ្លែង​ថា​៖ ​«​​​លោក​ ស៊ី​ ជិនពីង​ មាន​​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​​ ពេល​ដែល​ខ្ញុំ​បាញ់ទម្លាក់​​​បាឡុង​ដែល​​ផ្ទុក​ដោយ​​ឧបករណ៍​ចារកម្ម​នោះ​ដោយ​សារ​​​​លោក​មិន​នឹក​ស្មាន​អញ្ចឹង​នោះ​ទេ​​»។ លោក​​​​បន្ត​ថា​៖ «​ខ្ញុំ​និយាយ​មែន​​ នោះ​គឺ​ជា​ការ​អាម៉ាស់​ដ៏​ធំ​សម្រាប់​ក្រុម​ជន​ផ្តាច់​ការ​​នៅ​ពេល​ដែល​ពួក​គេ​មិន​ដឹង​ថា​មាន​រឿង​អ្វី​​កើត​ឡើង»​។

គួរ​​បញ្ជាក់​ថា​ ការ​អត្ថាធិប្បាយ​របស់​​លោក​ បៃដិន​ ធ្វើ​ឡើង​​​​​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ អែនថូនី​ ប្ល៊ីងកែន​ បាន​​បញ្ចប់​ដំណើរទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ ក្នុង​គោល​បំណង​បង្កើត​បណ្ដាញ​​ទំនាក់​ទំនង​ជាមួយ​ចិន​ឡើង​វិញ​ ដើម្បី​ជៀស​វាង​ជម្លោះ​រវាង​មហា​អំណាច​ពិភព​លោក​ទាំង​​ពីរ។

ចំណែក​សេតវិមាន ​បាន​ព្យាយាម​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​​​ដោយ​សារ​​ពាក្យ​សម្ដី​របស់​លោក​
បៃ​ដិន​ កាល​ពី​ថ្ងៃ​ពុធ​ ដោយ​និយាយ​ថា​ លោក ប្ល៊ីងកែន​ បាន​ធ្វើ​ឱ្យ​​មាន​វឌ្ឍនភាព​ខ្លះ​» ​ក្រោម​ដំណើរ​ទស្សនកិច្ច​​ទៅ​ចិន​ ​ហើយ​ថា​ទីក្រុង​វ៉ាស៊ីនតោន​ នៅ​តែ​​មាន​ការ​រំពឹង​ទុក​ចំពោះ​​ការ​កសាង​​វឌ្ឍនភាព​នោះ​៕

ប្រែសម្រួលដោយ៖ ហួន ឌីណា 

ប្រភព​៖ China slams Biden for equating Xi to ‘dictators’

ads banner