រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំឡេងគាំទ្រចំនួន១១១សំឡេង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួន៦ផ្សេងទៀត។ សមាជិក សមាជិកា រដ្ឋសភាចូលរួមប្រជុំចំនួន១១១រូប។

ច្បាប់នេះចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្នុងគោលបំណងលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ និងលើកកម្ពស់ការទទួលខុសត្រូវ របស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។

បន្ទាប់ពីពិភាក្សា សភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត ដោយសំឡេងគាំទ្រចំនួន១១១សំឡេង។

យោងតាមសេចក្តីថ្លែងហេតុអំពីសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត របស់រាជរដ្ឋាភិបាលបានឱ្យដឹងថា៖
យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ព្រះរាជាណាចក្រកម្ពុជាប្រកាន់យករបបនយោបាយ ដឹកនាំប្រទេសតាមបែប “ប្រជាធិបតេយ្យ សេរីពហុបក្ស” ដែលមេដឹកនាំប្រទេស ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ​ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ផ្អែកលើមូលដ្ឋាននេះ ព្រះរាជាណាចក្រកម្ពុជាបានចាត់តាំងរៀបចំឱ្យមាន ការបោះឆ្នោតជាទៀងទាត់ ទៅតាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីជ្រើសរើសអ្នកដឹកនាំ ប្រទេសជាតិ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតជាសកល និងការបោះឆ្នោតជា អសកល រួមមាន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមកម្ពុជា ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ហើយប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់ ក្នុងនាមជាពលរដ្ឋល្អ និងជាម្ចាស់ប្រទេសជាតិ ដោយបានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានបំពេញគ្រប់លក្ខខណ្ឌ តាមការកំណត់នៃច្បាប់ ក៏មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដើម្បីអាចក្លាយជាអ្នកដឹកនាំប្រទេសជាតិ ទាំងនៅ ថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិផងដែរ។ ប៉ុន្តែ ដើម្បីសម្រេចនូវគោលបំណងដ៏ពិសិដ្ឋនៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ពិសេស ការជ្រើសរើសបាននូវអ្នកដឹកនាំល្អសម្រាប់ជាតិ ពលរដ្ឋដែលមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត មិនត្រឹមតែត្រូវបំពេញឱ្យបានគ្រប់លក្ខខណ្ឌដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ចាំបាច់ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិក្នុងសង្គមប្រជាធិបតេយ្យ។

ផ្អែកលើស្មារតីនេះ និងដើម្បីលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ពិសេស ដើម្បីពង្រឹង និងលើកកម្ពស់ ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល មានភាពចាំបាច់ ក្នុងការស្នើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត សំដៅកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត»។ ក្នុងន័យនេះ ពលរដ្ឋដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយចេញទៅបោះឆ្នោត ដែលនេះជាករណីយកិច្ចចម្បងរបស់ពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវខ្ពស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ ដូច្នេះ ក្នុងករណីដែលពុំបានអនុវត្តនូវសិទ្ធិបោះឆ្នោតដោយចេញទៅបោះឆ្នោត សម្រាប់ការបោះឆ្នោត ដែលរៀបចំឡើងដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដោយគ្មានមូលហេតុសមស្រប ពលរដ្ឋនោះមិនគួរគប្បីចាត់ទុកជាពលរដ្ឋល្អក្នុងសង្គម ប្រជាធិបតេយ្យ ដើម្បីអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានឡើយ។ ទន្ទឹមនឹងនេះ ដើម្បីលើកកម្ពស់ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា វិសោធនកម្មនេះក៏បានកំណត់ផងដែរថា បុគ្គលណាដែលបានធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏ដូចជា ធ្វើសកម្មភាពប៉ះពាល់ ឬធ្វើឱ្យខូចខាតដល់កិច្ចដំណើរការនៃការបោះឆ្នោត ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវប្រឈមនឹងការដកហូតជាបណ្តោះអាសន្ននូវ “សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត” ឬការហាមឃាត់មិនឱ្យចូលរួមនៅក្នុងការបោះឆ្នោតផងដែរ។

សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពិសេស វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ដែលចែងថា “បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ ឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់” ហើយទន្ទឹមនេះ សំណើធ្វើវិសោធនកម្មនេះ ក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់ “សិទ្ធិបោះឆ្នោត” របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ “ការទៅបោះឆ្នោត” ឬ “ការមិនទៅបោះឆ្នោត” នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ចដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត ដូចបណ្តាប្រទេសប្រជាធិបតេយ្យសេរី មួយចំនួនក្នុងពិភពលោកនោះទេ។

សេចក្តីព្រាងច្បាប់នេះ រួមមានប្រាំបីមាត្រា ដូចតទៅ៖
-មាត្រាមួយ ចែងអំពីគោលបំណងនៃការធ្វើវិសោធនកម្ម
-មាត្រាពីរ ចែងអំពីការធ្វើវិសោធនកម្មមាត្រា២៣ មាត្រា១៤២ និងមាត្រា១៤៣ នៃច្បាប់ស្តីពីការបោះឆ្នោតរើសតាំងតំណាងរាស្ត្រ
-មាត្រាបី ចែងអំពីការធ្វើវិសោធនកម្មមាត្រា៣៥ មាត្រា១៧១ និងមាត្រា១៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
-មាត្រាបួន ចែងអំពីការធ្វើវិសោធនកម្មមាត្រា១៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
-មាត្រាប្រាំ ចែងអំពីការធ្វើវិសោធនកម្មមាត្រា១៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
-មាត្រាប្រាំមួយ ចែងអំពីវិសោធនកម្មដោយការកែប្រែមាត្រាពាក់ព័ន្ធមួយចំនួននៅក្នុងច្បាប់បោះឆ្នោត
-មាត្រាប្រាំពីរ ចែងអំពីអន្តរប្បញ្ញត្តិសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥
-មាត្រាប្រាំបី ចែងអំពីការអនុវត្តច្បាប់ជាការប្រញាប់៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner