យុទ្ធនាការ «អន្ទាក់សូន្យ» ដំណាក់កាលទី២ បានបិទបញ្ចប់ក្នុងខេត្តបាត់ដំបង និងប៉ៃលិន
ភ្នំពេញ៖ ក្នុងយុទ្ធនាការ «អន្ទាក់សូន្យ» ដំណាក់កាលទី២ ត្រូវបាន បិទបញ្ចប់ក្នុង ខេត្តបាត់ដំបង និងខេត្តប៉ៃលិនបន្ទាប់ពីបាន ប្រារព្ធយុទ្ធនាការរួមគ្នាកាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣ នាទីរួមខេត្តបាត់ដំបងរួចមក។
គួរបញ្ជាក់ថាយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តទាំងពីរនេះ ត្រូវបានជួយសម្រប សម្រួល និង គាំទ្រថវិកាមួយចំណែកដោយមូលនិធិម៉ាដក្សចូលីភីត (MJP) ។ ក្រៅពីនេះក៏មាន អង្គការសង្គមស៊ីវិលជាច្រើនទៀតក៏បានចូលរួមដោយ បានធ្វើការរួមគ្នាយ៉ាងសកម្ម ដើម្បី កាត់បន្ថយ និងលុបបំបាត់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិនានា ក្នុងគោលដៅផ្តល់នូវ ជម្រកសុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀតដែលមានតួនាទីយ៉ាងសំខាន់ ក្នុងប្រព័ន្ធអេកូឡូស៊ី។
ឯកឧត្ត នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថា៖មានភូមិសាស្ត្រក្នុងភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តបាត់ដំបងនិងប៉ៃលិនគឺជាខេត្តដែលមានធនធានធម្មជាតិដ៏សំបូរបែបមួយ រាប់ចាប់ពីភ្នំ ដល់ទន្លេ ហើយរួមទាំងធនធានសត្វព្រៃផងដែរ ។ លើសពីនេះ ខេត្តទាំងពីរក៏មានប្រវត្តិយូរលង់ផងដែរ។ទោះបីយ៉ាងណា ចំនួនសត្វព្រៃក្នុងខេត្តបាត់ដំបងនិងប៉ៃលិន រួមទាំងនៅតាមបណ្តាខេត្តផ្សេងៗទៀត បាននឹងកំពុងមានការថយចុះគួរឲ្យកត់សម្គាល់ ពីសកម្មភាពអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ ដែលបណ្តាលមកពីទីផ្សារសាច់សត្វព្រៃ សម្រាប់បរិភោគនិងសម្រាប់ប្រើប្រាស់ជាថ្នាំព្យបាល។
ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា៖ «ការបាត់បង់សត្វព្រៃ និងជីវៈចម្រុះ នឹងបង្កឲ្យមានអតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ី។ ដូច្នេះ ខ្ញុំសូមសំណូមពរយ៉ាងទទូចឲ្យសាធារៈជនទាំងអស់ចូលរួមជាមួយយើង។ វាដល់ពេលហើយសម្រាប់ អ្នកនិយមបរិភោគសាច់សត្វព្រៃបញ្ឈប់ការបរិភោគ អ្នកជួញដូរបញ្ឈប់ការជួញដូរ ហើយអ្នកដាក់អន្ទាក់បញ្ឈប់សកម្មភាពដាក់អន្ទាក់ ។ សម្រាប់សាធារៈណជនទូទៅ ខ្ញុំសូមលើកទឹកចិត្តឲ្យពួកគាត់ក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់សត្វព្រៃ ដោយការនិយាយថាទេ ចំពោះសាច់សត្វព្រៃនិងផលិតផលពីសត្វព្រៃគ្រប់ប្រភេទទាំងអស់ បូករួមនឹងការផ្សព្វផ្សាយបន្ថែមពី សារៈសំខាន់ នៃការអភិរក្សសត្វព្រៃ ទៅដល់មិត្តភក្តិ គ្រួសារ និងសហគមន៍របស់អ្នក»។
ដោយឡែក លោក គង់ មុនីច័ន្ទ នាយកមូលនិធិ MJP ប្រចាំនៅកម្ពុជា បានចង្អុលបង្ហាញថា ៖ « ការអភិរក្សនិងការពារសត្វព្រៃ គឺជានិន្នាការរួមនៃពិភពលោក។ បទពិសោធន៍នៅប្រទេសជាច្រើនបានបញ្ជាក់ឲ្យឃើញថា ការអភិរក្សសត្វព្រៃបានផ្តល់មកវិញនូវផលប្រយោជន៍សេដ្ឋកិច្ច សហគមន៍ និងប្រទេសទាំងមូល។
គួរបញ្ជាក់ក្នុងគោលបំណងត្រួតពិនិត្យផលប៉ះពាល់ពីយុទ្ធនាការដំណាក់កាលទី២ ក្រសួងបរិស្ថាន ជាមួយគ្នានឹងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូ នឹងមានការប្រជុំបញ្ចប់ដំណាក់កាល ក្នុងខែកក្កដា ក្រោមប្រធានបទ «ធម្មជាតិ សត្វព្រៃនិងការអភិរក្ស»។ លទ្ធផលពីអនុវត្តយុទ្ធនាការនឹងត្រូវផ្សព្វផ្សាយទៅកាន់សាធារៈណជន និងអ្នកសារព័ត៌មាន ៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ ,រូបភាព៖ លោក ងីម ឆៃហួត






