ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ បើទោះបីជាពិភពលោកកំពុងជួបប្រឈមនូវវិបត្តិធំៗជាសកល ក៏ដោយ ក៏កម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម
ខេតតាកែវ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ស្ថិតក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា បើទោះបីជាពិភពលោកកំពុងជួបប្រឈមនូវវិបត្តិធំៗជាសកល ក៏ដោយ ក៏ កម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ ព្រមទាំងទំហំពាណិជ្ជកម្ម មានសន្ទុះកើនទ្បើងគួរកត់សម្គាល់។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា វិស័យពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យអាទិភាពគន្លឹះមួយ ក្នុងចំណោម វិស័យអាទិភាពផ្សេងៗទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ កំណើនការងារ ការបែងចែកផ្លែផ្កាប្រកបដោយ សមធម៌ និងប្រសិទ្ធភាព ព្រមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ ការផ្តល់សេវាសាធារណៈប្រកបដោយការទទួលខុសត្រូវខ្ពស់ (ការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ) ការចុះបញ្ជីក្រុមហ៊ុន-សហគ្រាស (តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា) ការកសាងច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋាននានា ការកសាងបង្កើតម៉ាកសមូហភាព ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការពារកម្មសិទ្ធិបញ្ញា, ការរក្សាបាននូវស្ថេរភាពទីផ្សារ ស្ថេរភាពថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ការពង្រឹងតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងការនាំចេញនាំចូល ការបន្តធ្វើពិពិធកម្ម ទីផ្សារនិងផលិត ផល របស់កម្ពុជា រួមទាំងការសម្របសម្រួល និងបង្កើតនូវបរិស្ថានវិនិយោគ និងធុរកិច្ចប្រកបដោយអំណោយផល, ការអង្កេតតាមដាន និងត្រួតពិនិត្យ គុណភាព សុវត្តិភាព ផលិតផលទំនិញ និងសេវា សំដៅការពាអ្នកប្រើប្រាស់ លើកកម្ពស់នូវការប្រកួតប្រជែងដោយយុត្តិធម៌ ក្នុងវិស័យពាណិជ្ជកម្ម ដែលកិច្ចការទាំងនេះ ត្រូវបានអនុវត្តដោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប.។
លើសពីនេះ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងធ្វើការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគី ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ដោយសម្រេចបានជោគជ័យត្រចះត្រចង់ជាប្រវត្តិសាស្ត្រ មានជាអាទិ៍កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ ភាគី និងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងទ្វីបអាហ្រ្វិក។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា រាល់សមិទ្ធផល និងភាពជោគជ័យជាប្រវត្តិសាស្ត្រខាងលើ សុទ្ធតែកើតចេញពីផ្លែផ្កានៃសុខសន្តិភាព, បើគ្មានសុខសន្តិភាពនោះទេ យើងនឹងត្រូវបាត់បង់គ្រប់អ្វីៗទាំងអស់។
ឯកឧត្តមរដ្ឋមន្រ្តី បានអរគុណចំពោះអាជ្ញាធរខេត្ដតាកែវដែលតែងផ្ដល់កិច្ចសហការល្អ និងគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ព្រមទាំងបានស្នើដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្រ្តីសាខា ក.ប.ប ខេត្ត បន្តដើរតួនាទីលើការជួយផ្សព្វផ្សាយ និងចែករំលែកអំពីព័ត៌មានទីផ្សារ ក្តាប់ និងតាមដានការវិវត្តន៍ នៃស្ថានភាពទីផ្សារ ការផ្តល់សេវាពាណិជ្ជកម្មនានា សម្រាប់ជួយគាំទ្រដល់វិស័យឯកជនឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសត្រូវបង្កើនការចុះត្រួតពិនិត្យគុណភាពទំនិញ ផលិតផល សុវត្ថិភាពចំណីអាហារតាមទីផ្សារសាធារណៈ សណ្ឋាគារ និងភោជនីយដ្ឋាន និងការប្រកបអាជីវកម្មគ្រប់ប្រភេទ ដែលទទួលបានការអនុញ្ញាតរួចឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារកិត្តិនាមដ៍ល្អផូរផង់ របស់ប្រទេសជាតិយើង៕ ដោយ ង៉ាន់ ទិត្យ



