រដ្ឋសភាអនុម័ត ១១១សំឡេង លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាង ច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួនប្រាំមួយ ផ្សេងទៀត។សមាជិកសមាជិការដ្ឋសភា ចូលរួម ប្រជុំ ចំនួន១១១រូប។
សេចក្តីព្រាងច្បាប់នេះចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា ឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តី ពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្នុងគោលបំណង លើកស្ទួយ គុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចារឹក នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ និងលើកកម្ពស់ការទទួលខុសត្រូវ របស់អ្នកដឹកនាំនយោបាយដែលត្រូវ ជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
សេចក្តីថ្លែងហេតុអំពីសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត របស់រាជរដ្ឋាភិបាលបានឱ្យដឹងថា៖យោងតាម រដ្ឋធម្មនុញ្ញ ដែលជា ច្បាប់កំពូល របស់ជាតិ ព្រះរាជាណាចក្រកម្ពុជាប្រកាន់យករបបនយោបាយ ដឹកនាំប្រទេសតាមបែប “ប្រជាធិបតេយ្យ សេរីពហុបក្ស” ដែលមេដឹកនាំ ប្រទេស ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាម គោលការណ៍នានាដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ផ្អែកលើមូលដ្ឋាននេះ ព្រះរាជាណា ចក្រកម្ពុជា បានចាត់តាំងរៀបចំឱ្យមាន ការបោះឆ្នោតជា ទៀងទាត់ ទៅតាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បី ជ្រើសរើសអ្នកដឹកនាំ ប្រទេសជាតិ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោម ជាតិ តាមរយៈការបោះឆ្នោតជាសកល និងការបោះឆ្នោតជា អសកល រួមមាន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមកម្ពុជា ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ហើយ ប្រជាពលរដ្ឋ ខ្មែរបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់ ក្នុងនាមជាពលរដ្ឋល្អ និងជាម្ចាស់ប្រទេសជាតិ ដោយបានចេញ ទៅ បោះឆ្នោតជ្រើសរើស តំណាងរបស់ខ្លួន ដើម្បីដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិ ទាំងនៅ ថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ដែលបានបំពេញ គ្រប់លក្ខខណ្ឌ តាមការកំណត់នៃច្បាប់ ក៏មានសិទ្ធិឈរឈ្មោះ ឱ្យគេបោះ ឆ្នោត ដើម្បីអាចក្លាយជាអ្នកដឹកនាំ ប្រទេសជាតិ ទាំងនៅ ថ្នាក់ជាតិ ទាំងនៅ ថ្នាក់ក្រោមជាតិផងដែរ។ ប៉ុន្តែ ដើម្បីសម្រេចនូវគោលបំណងដ៏ពិសិដ្ឋ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ពិសេស ការជ្រើសរើសបាននូវអ្នកដឹក នាំល្អសម្រាប់ជាតិ ពលរដ្ឋដែលមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត មិនត្រឹ មតែត្រូវបំពេញ ឱ្យបានគ្រប់លក្ខខណ្ឌដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ចាំបាច់ត្រូវ មានការ ទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិក្នុងសង្គម ប្រជាធិបតេយ្យ។
ផ្អែកលើស្មារតីនេះ និងដើម្បីលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ពិសេស ដើម្បីពង្រឹង និងលើកកម្ពស់ ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវ ជ្រើសរើស តាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅ ថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល មានភាពចាំបាច់ ក្នុងការស្នើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត សំដៅកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត»។
ក្នុងន័យនេះ ពលរដ្ឋដែលមានបំណង ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពី ការអនុវត្ត ឱ្យបានខ្ជាប់ ខ្ជួននូវសិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយចេញទៅបោះឆ្នោត ដែលនេះជា ករណីយកិច្ចចម្បងរបស់ពលរដ្ឋល្អ ដែលមានការ ទទួលខុសត្រូវខ្ពស់ នៅក្នុងសង្គមប្រជាធិបតេយ្យ។ ដូច្នេះ ក្នុងករណីដែលពុំបានអនុវត្តនូវ សិទ្ធិបោះឆ្នោតដោយ ចេញទៅ បោះឆ្នោត សម្រាប់ការបោះឆ្នោត ដែលរៀបចំឡើងដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដោយគ្មានមូលហេតុសមស្រប ពលរដ្ឋនោះមិនគួរគប្បីចាត់ទុកជាពលរដ្ឋ ល្អក្នុងសង្គម ប្រជាធិបតេយ្យ ដើម្បីអាចឈរឈ្មោះឱ្យគេបោះឆ្នោតបាន ឡើយ។
ទន្ទឹមនឹងនេះ ដើម្បីលើកកម្ពស់ដំណើរការ ប្រជាធិបតេយ្យ នៅកម្ពុជា វិសោធនកម្មនេះក៏បានកំណត់ផងដែរថា បុគ្គលណាដែលបាន ធ្វើសកម្មភាពប៉ះពាល់ ដល់ សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏ដូចជា ធ្វើសកម្មភាពប៉ះពាល់ ឬធ្វើឱ្យខូចខាតដល់កិច្ចដំណើរការនៃការបោះឆ្នោត ដែលរៀបចំ ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវប្រឈម នឹងការដកហូតជាបណ្តោះអាសន្ននូវ “សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត” ឬការហាមឃាត់មិនឱ្យចូលរួមនៅក្នុងការបោះឆ្នោតផងដែរ។
សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពិសេស វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ដែលចែងថា “បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ ឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់” ហើយទន្ទឹមនេះ សំណើធ្វើវិសោធនកម្មនេះ ក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់ “សិទ្ធិបោះឆ្នោត” របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ “ការទៅបោះឆ្នោត” ឬ “ការមិនទៅបោះឆ្នោត” នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ចដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត ដូចបណ្តាប្រទេសប្រជាធិបតេយ្យសេរី មួយចំនួនក្នុងពិភពលោកនោះទេ។
សេចក្តីព្រាងច្បាប់នេះ រួមមានប្រាំបីមាត្រា ដូចតទៅ៖
-មាត្រាមួយ ចែងអំពីគោលបំណងនៃការធ្វើវិសោធនកម្ម
-មាត្រាពីរ ចែងអំពីការធ្វើវិសោធនកម្មមាត្រា២៣ មាត្រា១៤២ និងមាត្រា១៤៣ នៃច្បាប់ស្តីពីការបោះឆ្នោតរើសតាំងតំណាងរាស្ត្រ
-មាត្រាបី ចែងអំពីការធ្វើវិសោធនកម្មមាត្រា៣៥ មាត្រា១៧១ និងមាត្រា១៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
-មាត្រាបួន ចែងអំពីការធ្វើវិសោធនកម្មមាត្រា១៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
-មាត្រាប្រាំ ចែងអំពីការធ្វើវិសោធនកម្មមាត្រា១៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
-មាត្រាប្រាំមួយ ចែងអំពីវិសោធនកម្មដោយការកែប្រែមាត្រាពាក់ព័ន្ធមួយចំនួននៅក្នុងច្បាប់បោះឆ្នោត
-មាត្រាប្រាំពីរ ចែងអំពីអន្តរប្បញ្ញត្តិសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥
-មាត្រាប្រាំបី ចែងអំពីការអនុវត្តច្បាប់ជាការប្រញាប់។
បន្ទាប់ពីពិភាក្សា សភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោតដោយសំឡេងគាំទ្រចំនួន១១១សំឡេង លើ១១១សំឡេង៕
អត្ថបទ៖ ហេង សម្បត្តិ ,រូបថត៖ថេត សម្បត្តិ



